អានតួអត្ថបទ
អង់គ្លេស-ហុងកុង

សង្រ្គាមពាក្យសម្តីកំពុងបន្តមានយ៉ាងផុសផុលរវាងអង់គ្លេស និងចិនជុំវិញដែនដីហុងកុង

ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៣១ មករា​ទៅ ពលរដ្ឋ​ហុងកុង​ដែល​កាន់​លិខិតឆ្លងដែន​អង់គ្លេស​នៅ​ឯ​នាយសមុទ្រ (British National Overseas) ឬ​ហៅ​កាត់ BNO មាន​សិទ្ធិ​សុំ​ទិដ្ឋាការ​ថ្មី​ដើម្បី​អាច​រស់នៅ និង​ធ្វើ​ការ​ក្នុង​ប្រទេស​អង់គ្លេស​សម្រាប់​រយៈពេល ៥ឆ្នាំ។ បន្ទាប់​ពី​បាន​រស់នៅ និង​ធ្វើ​ការ ពលរដ្ឋ​ហុងកុង​ទាំង​នេះ​ក៏​មាន​សិទ្ធិ​សុំ​ចូល​សញ្ជាតិអង់គ្លេស​បាន​ដែរ។ វិធានការ​ថ្មី​របស់​អង់គ្លេស​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ប្រទេស​ចិន​ដែល​បាន​ដាក់​ច្បាប់សន្តិសុខជាតិ​រឹតបន្តឹង​សេរីភាព​លើ​ហុងកុង​កាល​ពី​ឆ្នាំ ២០២០។ ចិន​តាម​រយៈ​កាសែត​ផ្លូវការ​ស៊ីនហួរ​បាន​ចោទ​អង់គ្លេស​ពី​បទ​មាន​ចិត្តគំនិត​អាណានិគមនិយម និង​ព្រមាន​ថា វិធានការ​របស់​អង់គ្លេស​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ផលប្រយោជន៍​របស់​អង់គ្លេស​សម្រាប់​រយៈពេល​យូរ។ ក្នុង​ចំណោម​ពលរដ្ឋ​ហុងកុង​ទាំង ៧លាន ៥សែននាក់ មាន​ជាង ៥លាននាក់​មាន​សិទ្ធិ​ទទួល​បាន​លិខិតឆ្លងដែន​អង់គ្លេស BNO និង​ទិដ្ឋាការ​ថ្មី។ តែ​អ្វី​ដែល​ស្ថាបនិក​អង្គការ​ក្រៅ​រដ្ឋាភិបាល Hong Kong Watch លោក Benedict Rogers បារម្ភ និង​ចោទ​ជា​សំណួរ​នោះ​គឺ​ថា បើ​មាន​ការ​ដាក់​ពាក្យ​សុំ​ពី​ពលរដ្ឋ​ហុងកុង​យ៉ាង​ច្រើន​សម្បើម តើ​រដ្ឋាភិបាល​អង់គ្លេស​បាន​ត្រៀមខ្លួន​រួច​ហើយ​ឬ​នៅ​ដើម្បី​ទទួល​ពួក​គេ?។

ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៣១ មករា​ ឆ្នាំ ២០២១ ពលរដ្ឋ​ហុងកុង​ដែល​កាន់​លិខិតឆ្លងដែន​អង់គ្លេស​នៅ​ឯ​នាយសមុទ្រ (British National Overseas) ឬ​ហៅ​កាត់ BNO មាន​សិទ្ធិ​សុំ​ទិដ្ឋាការ​ថ្មី​ដើម្បី​អាច​រស់នៅ និង​ធ្វើ​ការ​ក្នុង​ប្រទេស​អង់គ្លេស​សម្រាប់​រយៈពេល ៥ឆ្នាំ។
ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៣១ មករា​ ឆ្នាំ ២០២១ ពលរដ្ឋ​ហុងកុង​ដែល​កាន់​លិខិតឆ្លងដែន​អង់គ្លេស​នៅ​ឯ​នាយសមុទ្រ (British National Overseas) ឬ​ហៅ​កាត់ BNO មាន​សិទ្ធិ​សុំ​ទិដ្ឋាការ​ថ្មី​ដើម្បី​អាច​រស់នៅ និង​ធ្វើ​ការ​ក្នុង​ប្រទេស​អង់គ្លេស​សម្រាប់​រយៈពេល ៥ឆ្នាំ។ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

« គេ​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​ច្រើន​សម្បើម​នឹង​ដាក់​ពាក្យ​សុំ​លិខិត​ឆ្លងដែន​អង់គ្លេស BNO។ វា​ច្បាស់​ណាស់​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​ផ្តួចផ្តើម​គំនិត​នេះ​ឡើង ហើយ​នេះ​ជា​នយោបាយ​ដែល​ទីក្រុង​ឡុងដ៏​នឹង​មិន​ដក​ថយ​វិញ​ឡើយ។ សម្រាប់​ខ្ញុំ បញ្ហា​ប្រឈម និង​ចំណោត​ដែល​ខ្ញុំ​បាន​មើល​ឃើញ​ពេល​នេះ​គឺ​ថា អ្វី​ដែល​រដ្ឋាភិបាល​អង់គ្លេស​កំពុង​ធ្វើ​ពេល​នេះ​ហាក់​មិន​បាន​គិតគូរ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​លើ​អ្វី​ដែល​នឹង​អាច​កើត​មាន​នៅ​ពេល​បន្ទាប់។

ទោះ​បី​ថា​មាន​ពលរដ្ឋ​ហុងកុង ១០០ ០០០នាក់ ២លាននាក់ ឬ ៣លាននាក់​ទៅ​ដល់​ទឹកដី​អង់គ្លេស​ក៏​ដោយ​មិន​សំខាន់​ទេ។ សំខាន់​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​នឹង​គ្រប់គ្រង​ពី​ការ​ធ្វើ​សមាហរណកម្ម​របស់​ពួក​គេ​យ៉ាង​ម៉េច​នៅ​នៅ​ក្នុង​សង្គម​អង់គ្លេស?។ តើ​ត្រូវ​ទទួល​ពួក​គេ​យ៉ាង​ម៉េច?។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ឲ្យ​ពួក​គេ​រួមរស់ បន្សំ​ខ្លួន​ត្រឹមត្រូវ​នៅ​ក្នុង​សង្គម?។ ទាំង​អស់​នេះ​ជា​ក្តី​បារម្ភ​របស់​ខ្ញុំ។ គឺ​ហាក់​ដូច​ជា​គ្មាន​ការ​សម្របសម្រួល​ណា​មួយ​ពី​រដ្ឋាភិបាល​ទេ។

ពិត​ណាស់ មាន​សង្គមស៊ីវិល​ជា​ច្រើន​បាន​ចូលរួម និង​ត្រៀម​ខ្លួន​ដើម្បី​ជួយ។ តែ​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​សង្គមស៊ីវិល យើង​មាន​ការ​បារម្ភ​ពី​ចម្លើយ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ប្រភព​ធនធាន​ចំា​បាច់​មួយ​ចំនួន។ ទោះ​ជា​យ៉ាង​នេះ​ក្តី យើង​ធ្វើ​អ្វីៗ​ដែល​អាច​ធ្វើ​បាន​ដើម្បី​ធានា​ថា រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ពិតប្រាកដ​មួយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ