អានតួអត្ថបទ
ក្រុមប្រឹក្សាសន្តិសុខ-អាកាសធាត

បូរីស​ ចន​សុន​៖ បញ្ហា​អា​កាស​ធាតុ​គឺ​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ចំពោះ​សន្តិ​សុខ​ពិ​ភព​លោក

នៅក្នុងកិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​បូរីស​ ចនសុន​ បាន​ប្រាប់​មេដឹកនាំ​ពិភពលោក​ថា​ បញ្ហា​អាកាស​ធាតុគឺជា​ការ​គំរាម​កំហែងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ពិភពលោក​។​ ទន្ទឹមនេះ​ ក្នុង​នាម​ជា​ប្រធាន​ដឹក​នាំ​អង្គ​ប្រជុំ​ លោកចនសុន​ ក៏បាន​ជំរុញ​ផងដែរ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ ចាត់​វិធានការ​បន្ទាន់​ឆ្លើយតបនឹង​វិបត្តិ​អាកាសធាតុ​ដែល​​មាន​សភាពកាន់តែ​អាក្រក់​ទៅៗ​។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ជាប្រពៃណី​ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តោតការ​អន្តរាគមន៍​របស់​ខ្លួនតែ​ក្នុងករណី​បញ្ចៀសជម្លោះ​ ឬ​បង្កើត​ប្រតិបត្តិការ​ថែរក្សាសន្តិភាព​ពិភពលោក​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញនេះ​ មាន​គោលដៅ​យក​បញ្ហា​អាកាសធាតុទៅ​ដាក់​បញ្ចូលក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែរ​។

លោក​នាយករដ្ឋមន្ត្រីអង់គ្លេស​ បូរីស ចនសុន ​ដែល​ជា​ប្រធានដឹកនាំ​កិច្ចប្រជុំ​​ បាន​ផ្តោត​ការ​យកចិត្តទុក​ដាក់​ អំពី​បញ្ហា​អាកាសធាតុ​និង​សន្តិសុខ​ពិភពលោក​។ លោកចនសុន បាននិយាយ​ថា វាពិតជាច្បាស់ណាស់​ ដែលថា​ការ​ប្រែប្រួល​អាកាសធាតុ​គឺជាការ​គំរាមកំហែង​ខ្លាំង​ ចំពោះ​សន្តិសុខ​ និងស្ថិរភាពពិភពលោក​។

នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ មេដឹកនាំអង់គ្លេសរូបនេះ​បាន​លើកឡើង​ថា​ មេដឹកនាំ​ប្រទេស​ខ្លះអាច​នឹងតវ៉ា​ឬក៏​មិនយល់ស្របថា​ ប្រធានបទ​អាកាសធាតុ​ មិន​សម​ស្រប​សម្រាប់​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សានោះទេ​។ ក៏ប៉ុន្តែ​ លោកនៅតែបន្តអះអាង​ថា​ ក្រុម​ប្រឹក្សាសន្តិសុខ​ចាំបាច់​ណាស់​ ត្រូវធ្វើ​សកម្មភាព​អ្វីមួយហើយ​ដើម្បីការពារ​ “សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព” នៅជុំវិញ​ពិភព​លោក​។

ស្របពេលជាមួយគ្នានោះ​ លោក​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ បានគូសបញ្ជាក់ទៀតថា​ ទីក្រុងឡុងដ៍​ កំពុង​ចាត់វិធានការ​ ដើម្បី​ដោះស្រាយ​ការ​បំភាយ​ឧស័ន្មពុល​ និង​បាន​សង្កត់ធ្ងន់ផងដែរ​លើសារៈសំខាន់​ ក្នុងការ​ជួយ​ប្រទេស​ងាយរងគ្រោះ​ឲ្យ​សម្របខ្លួន​ទៅនឹង​ការប្រែប្រួលអាកាសធាតុ​។

ទាក់ទងរឿងនេះ​ លោក ចន ឃែរី ដែលជា​ ប្រេសិត​ពិសេស​ទទួលបន្ទុក​ផ្នែក​អាកាសធាតុ​របស់​សហរដ្ឋអាមេរិក​ បាន​លើកឡើងពី​មន្ទីរប៉ង់តាហ្គោន​ដែល​បាន​ពិពណ៌នា​ជាច្រើន​ឆ្នាំ​មកហើយ​ អំពី​ផលប៉ះពាល់​នៃ​អាកាសធាតុ​ ថា​ជា​ការគំរាមកំហែង​ដ៏ខ្លាំង​មួយ​។

មិនខុសពីលោកបូរីស ចនសុន​ឡើយ​ ប្រេសិត​ពិសេស​ទទួលបន្ទុក​ផ្នែក​អាកាសធាតុ​របស់​អាមេរិក​រូបនេះ​ បាន​និយាយថា​ ជាការពិត​ការប្រែប្រួល​អាកាសសធាតុ​ គឺ​ស្ថិត​ក្នុង​ចំណោម​បញ្ហា​សន្តិសុខ​ស្មុគស្មាញ​បំផុត​ដែល​ពិភពលោក​បាននិង​កំពុងជួបប្រទះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ