អានតួអត្ថបទ
សម្តេចប៉ាបទស្សនកិច្ច​នៅអ៊ីរ៉ាក់

នៅ អ៊ីរ៉ាក់ សម្តេច​ប៉ាបអំពាវនាវ​ឲ្យ​ឈប់មាន​អំពើហិង្សា និង​អំពើជ្រុលនិយម

នៅក្នុង​ទស្សនកិច្ច​ជាលើកទី១ និង​ជា​ប្រវត្តិសាស្រ្ត ក្នុង​ទឹកដី​អ៊ីរ៉ាក់ សម្តេចប៉ាប ហ្រ្វង់ស័រ បាន​អំពាវនាវ​ឲ្យ​ឈប់​មាន​អំពើហិង្សា អំពើជ្រុលនិយម និង​ការប្រព្រឹត្ត​អំពើពុករលួយ ក្នុងទឹកដី​អ៊ីរ៉ាក់។ នៅ​អ៊ីរ៉ាក់ ប្រមុខ​សង្ឃ​កាតូលិក​បាន​បរិហារ​រិះគន់​ផងដែរ​អំពើព្រៃផ្សៃ យង់ឃ្នង​របស់​ក្រុមជីហាត​អង្គការរដ្ឋ​អ៊ីស្លាម ទៅលើ​ជនជាតិ​ភាគតិច យ៉ាហ្ស៊ីឌី Yazidie នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ សម្រាប់​ប្រធាន​ក្រុមស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ដែល​ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​អំពើប្រល័យពូជសាសន៍ នៅ អ៊ីរ៉ាក់ ទស្សនកិច្ច​របស់​សម្តេចប៉ាប ជា​សារ​ជំរុញ​ឲ្យ​មាន​ការរួបរួម រស់នៅជាមួយគ្នា​រវាង​សហគមន៍​សាសនា​ផ្សេង​គ្នា នៅអ៊ីរ៉ាក់។ អ៊ីរ៉ាក់ ដែល​ស្គាល់តែ​ភ្លើងសង្គ្រាម អំពើភេរវកម្ម បង្ក​ឲ្យ​ក្រុមអាល់កៃដា និង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ទាហានអ៊ីរ៉ាក់​យាម រក្សា​សន្តិសុខ នៅពេល​សម្តេចសង្ឃ​ ហ្រ្វង់ស័រ​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅអ៊ីរ៉ាក់ ចាប់ពីថ្ងៃ​សុក្រ រហូត​ដល់​ថ្ងៃ​ចន្ទទី ៨ មីនា ២០២១
ទាហានអ៊ីរ៉ាក់​យាម រក្សា​សន្តិសុខ នៅពេល​សម្តេចសង្ឃ​ ហ្រ្វង់ស័រ​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅអ៊ីរ៉ាក់ ចាប់ពីថ្ងៃ​សុក្រ រហូត​ដល់​ថ្ងៃ​ចន្ទទី ៨ មីនា ២០២១ AP - Andrew Medichini
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បរិបទ​កូវីដ និង​អស្ថិរភាព​នយោបាយ ទស្សនកិច្ច​របស់​ប្រមុខសង្ឃ​កាតូលិក នៅ​ប្រទេស​អ៊ីរ៉ាក់ ធ្វើឡើង​នៅក្នុង​ការប្រយ័ត្នប្រយែងខ្ពស់ និង​ការពារ​សន្តិសុខ​ដ៏តឹងតែង។ នៅក្នុង​ទស្សនកិច្ច​ជាលើកទី​១  ទៅកាន់​ប្រទេស​កាន់សាសនា​អ៊ីស្លាម ​ដែល​រងការបំផ្លិចបំផ្លាញ ដោយសារ​សង្រ្គាម​អស់ជាច្រើន​ទសវត្សរ៍ សម្តេច​ប៉ាប​ហ្វ្រង់ស័រ​ចង់​ទៅ​លើ​លើកទឹកចិត្ត​សហគមន៍​គ្រឹស្តសាសនិក ដែល​រងគ្រោះ​ដោយសារអំពើហិង្សា ការរើសអើង ហើយនិង​ភាពក្រីក្រ។

នៅក្នុង​ប្រទេស​ដែលគ្រឹស្តសាសនិក​មានចំនួន តែ ១%​នៃ​ប្រជាជន​សរុប ៤០លាននាក់ ប្រមុខសង្ឃ​កាតូលិក សម្តេចប៉ាប បាន​អំពាវនាវ ឲ្យឈប់​មាន​អំពើហិង្សា ការប្រយុទ្ធគ្នា ការមិន​អត់ឱន​ឲ្យគ្នា ហើយ​និង​អំពើពុករលួយ ដែល​ដើមហេតុ​នៃ​បាតុកម្ម​ប្រឆាំង​រាប់ខែ របស់​យុវជន​អ៊ីរ៉ាក់ នៅ​ចុងឆ្នាំ ២០១៩។ ថ្លែង​នៅមុខ​នាយករដ្ឋមន្រ្តី អ៊ីរ៉ាក់ លោក Barham Saleh ដែល​ជាអ្នកអញ្ជើញ​ព្រះអង្គ​ដោយ​ផ្ទាល់​ឲ្យធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅ​អ៊ីរ៉ាក់ សម្តេចប៉ាប បាន​ទាមទារ​ថ្នាក់ដឹកនាំ​អ៊ីរ៉ាក់ កុំ​ឲ្យ រើសអើង ប្រកាន់​សាសនា។ ព្រះអង្គ​បាន​បរិហាររិះគន់​ផងដែរ អំពើឃោឃៅ និង​គ្មាន​មនុស្សធម៌ របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​បាន​យាយីសម្លាប់ យ៉ាងព្រៃផ្សៃ ជាពិសេសទៅលើ​ជនជាតិ​ភាគតិច​Yazidie  នៅ​ក្នុង​ពេល​គ្រប់គ្រង​ដែនដី មួយភាគធំ​របស់​អ៊ីរ៉ាក់ រហូត​ដល់​ឆ្នាំ ២០១៩។

ក្រៅតែពី​បញ្ហា​នយោបាយ ទស្សនកិច្ច​របស់​សម្តេចប៉ាប នៅអ៊ីរ៉ាក់ នឹង​ផ្តោត​មួយផ្នែក​ធំ​ទៅលើ​ផ្នែក​សាសនា។ នៅក្នុង​ដំណើរទស្សនកិច្ច​​ក្នុងទឹកដី​អ៊ីរ៉ាក់ ក្នុងចម្ងាយ ជាង ១៤០០​គីឡូម៉ែត្រ សម្តេចប៉ាប នឹង​ប្រើច្រើន មធ្យោបាយ​ធ្វើដំណើរ តាម​ផ្លូវអាកាស ដើម្បី ជៀសវាង មិន​ឆ្លងកាត់ តំបន់​ដែល​នៅ​កាន់កាប់ ដោយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

នៅ ​អ៊ីរ៉ាក់ ចំនួន​ប្រជាជន​កាន់​គ្រឹស្តសាសនា​បាន​ថយចុះ ចំនួន​ពី ជាង ១លានកន្លះ មកនៅ តែ​ជាង ៤សែននាក់ នៅក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយនេះ។ ទោះយ៉ាងនេះ​ក្តី នៅក្នុង​ពិធីជួបជាមួយ គ្រឹស្តសាសនិក​នៅ​វិហារ​ក្នុង​ទីក្រុង​បាដាដ សម្តេច​ប៉ាប​បាន​អំពាវនាវ​ឲ្យ​គ្រឹស្តសាសនិក បន្ត រស់នៅ ឬ​​ត្រលប់​មក​រស់នៅ​អ៊ីរ៉ាក់ ដូចមុន។ ប៉ុន្តែ សម្រាប់​មន្រ្តីសង្ឃ​ទទួលបន្ទុក​វិហារកាតូលិក​នៅ​តំបន់​ដើមបូព៌ា ដោយសារ​តែ​សង្រ្គាម អូសបន្លាយ ជាង ៤០មកនេះ មាន​ប្រជាជន​អ៊ីរ៉ាក់ កាន់​គ្រឹស្តសាសនា​កាន់តែ​ច្រើនបាន​ចាកចេញ និង​លែង​ចង់​ត្រលប់​មក​រស់នៅ​អ៊ីរ៉ាក់​វិញ ដោយសារ​ខ្លាច ការយាយី របស់​ក្រុមប្រដាប់អាវុធ ការគ្មាន​ការងារធ្វើ ភាពក្រីក្រ ហើយនិង​ការរើសអើង។

នៅមុន ពិធីសូត្រធម៌​នៅ​ថ្ងៃ​អាទិត្យ ជាមួយ គ្រឹស្តសាសនិក​នៅ ទីក្រុង​ម៉ូស៊ូល ដែល​ធ្លាប់​រងការបំផ្លាញ ខ្ទេចខ្ទីរ ដោយសារ​ក្រុមជីហាត រដ្ឋអ៊ីស្លាម ប្រមុខសង្ឃ​កាតូលិក​នឹងជួប​ជា​ប្រវត្តិសាស្រ្ត ជាលើក​ទី១ ប្រមុខដឹកនាំ​សាសនា​អ៊ីស្លាម​និកាយ​ស៊្ហីអ៊ីត​ដ៏ធំជាងគេ​ក្នុង​លោក គឺ អាយ៉ាតូឡា អាលី ស៊ីសតានី នៅ​ថ្ងៃ​សៅរ៍នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ