អានតួអត្ថបទ
អង់គ្លេស-គ្រាប់បែកនុយក្លេអ៊ែរ

ហេតុអ្វី​អង់គ្លេស​សម្រេច​បង្កើន​ក្បាលគ្រាប់​នុយក្លេអ៊ែរ នៅពេលនេះ?

រដ្ឋាភិបាល​អង់គ្លេស បាន​សម្រេចចិត្ត​បង្កើន​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ របស់​ខ្លួន​ប្រមាណ ៤០%។ នេះបើតាម​របាយការណ៍​ស្តីពី​យុទ្ធសាស្រ្ត​របស់អង់គ្លេស ខាងផ្នែក​សន្តិសុខ ការពារជាតិ ហើយនិងនយោបាយ​ការបរទេស ដែល​រដ្ឋាភិបាល​អង់គ្លេស បាន​ដាក់បង្ហាញ​ជូន​សភា​ពិនិត្យ កាលពី ថ្ងៃ​អង្គារ​ម្សិលមិញ។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៣០​ឆ្នាំ​ក្រោយ​ចប់​សង្រ្គាម​ត្រជាក់ ដែល​អង់គ្លេស សម្រេច សើរើ​យុទ្ធសាស្រ្ត​កងទ័ព តាមរយៈ ការបង្កើនក្បាលគ្រាប់បែក​នុយក្លេអ៊ែរ។

នាយករដ្ឋមន្រ្តីអង់គ្លេស​លើកមេដៃ នៅក្រោយចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ចាកចេញដាច់ស្រេច​ពី​សហភាពអឺរ៉ុប នៅថ្ងៃទី​៣០​ធ្នូ ២០២០
នាយករដ្ឋមន្រ្តីអង់គ្លេស​លើកមេដៃ នៅក្រោយចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ចាកចេញដាច់ស្រេច​ពី​សហភាពអឺរ៉ុប នៅថ្ងៃទី​៣០​ធ្នូ ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ជាង ១០០​ទំព័រ ស្តីពី​យុទ្ធសាស្រ្ត​អង់គ្លេសខាងផ្នែក​សន្តិសុខ ការពារជាតិ​និង​នយោបាយ​ការបរទេស មាន​វិធានការ​គោល​មួយ​ដែល​សរសេរថា អង់គ្លេស​នឹង​បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ​របស់ខ្លួន ពីចំនួន ១៨០ ទៅ ២៦០គ្រាប់ ពោល​គឺ​ប្រមាណ ៤០ភាគរយ​នៃ​ចំនួន​ក្បាល​គ្រាប់នុយក្លេអ៊ែរ​សរុប ដែល​អង់គ្លេស​កំពុង​មាន​សព្វថ្ងៃ។

ដោយសម្រេចចិត្ត​បង្កើន​ចំនួន​ក្បាល​គ្រាប់នុយក្លេអ៊ែរ រហូតដល់ ២៦០គ្រាប់ រដ្ឋាភិបាល​អង់គ្លេស ក្រោមការដឹកនាំ​របស់​លោក​បូរីស ចនសុន​បាន​រំលោភ​មាត្រាទី ៦​នៃ សន្ធិសញ្ញា​ស្តីពី​ការមិនរីកសាយភាព​អាវុធ​នុយក្លេអ៊ែរ ដែលនៅក្នុងនោះ អង់គ្លេស ធ្លាប់​បាន​សន្យា នៅ​ឆ្នាំ ២០១០ ដើម្បី​កាត់បន្ថយ ចំនួន ក្បាលគ្រាប់​នុយក្លេអ៊ែរ​អង់គ្លេស ឲ្យ​មកនៅ​ត្រឹម ចំនួន ១៨០គ្រាប់ នៅខែ​ធ្នូ ឆ្នាំ ២០២០។

ការផ្លាស់ប្តូរជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស នឹង​ទៅ​បិទបញ្ចប់ ការប្រឹងប្រែង​របស់​ពិភពលោក ក្នុង​ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ ដែល​មាន​ចាប់ តាំង​ពី​ចប់សង្រ្គាមត្រជាក់ ឬ​ការដួលរលំ​នៃ​សហភាព​សូវៀត កាលពី ៣០ឆ្នាំមុន។

សម្រាប់ គណបក្ស​ប្រឆាំង និង​ក្រុមសកម្មជន​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ វិធានការ​របស់​រដ្ឋាភិបាល​អង់គ្លេស ដើម្បី បង្កើន​ក្បាល​គ្រាប់នុយក្លេអ៊ែរ គឺ​ជា​ការបោះមួយជំហាន​ទៀត​ឆ្ពោះ​ទៅរក​ការប្រកួតប្រជែង​អាវុធនុយក្លេអ៊ែរ និង​ជា​ការញុះញង់​មួយ​ដ៏ខ្លាំង នៅ​លើ​ឆាកអន្តរជាតិ។

ប៉ុន្តែ រដ្ឋមន្រ្តីការបរទេស​អង់គ្លេស លោក​Dominic Raab ដែល​ជួបសម្ភាសន៍​ដោយ​ទូរទស្សន៍​អង់គ្លេស BBC បាន​អះអាងថា ការបង្កើន​អាវុធ​នុយក្លេអ៊ែរ​គឺប្រៀបដូចជា​ប៉ូលិស សម្រាប់​ធានា​សន្តិសុខ​ដ៏ចាំបាច់ ដើម្បី​ទប់ទល់​ប្រឆាំង​នឹង​រដ្ឋសត្រូវ ដែល​ចង់​គំរាមកំហែង​អង់គ្លេស។

របាយការណ៍​ដែល​សើរើឡើងវិញ​យុទ្ធសាស្រ្ត​កងទ័ពអង់គ្លេស ធ្វើឡើង​នៅ​ពេល​ដែល​អង់គ្លេស គ្រោង រៀបចំ តាំងខ្លួន ជាមហាអំណាច​មួយឡើងវិញ នៅក្រោយ​ចាកចេញ​ពី​សហភាពអឺរ៉ុប និង​នៅពេល​អង់គ្លេស​កំពុង​ជួបភាពតានតឹង​កាន់តែ​ខ្លាំង​ជាមួយ​រុស្ស៊ី និង​ចិន ដោយសារ​សំណុំរឿង​បំពុលទីភ្នាក់ងារ​រុស្ស៊ី ក្នុង​ទឹកដី​អង់គ្លេស ហើយ​និង​សំណុំរឿង​ហុងកុង ឬ​ជនជាតិ​អ៊ុយហ្គួរ ក្នុងខេត្ត​ស៊ីនជាំង។

ប៉ុន្តែ នៅពេល អង់គ្លេស​បាន​ចាត់ទុក​រុស្ស៊ី របស់​លោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន​ថា ជា​ការគំរាមកំហែង​ដោយ​ផ្ទាល់ និង​ស្រួចស្រាវ សម្រាប់​អង់គ្លេស ប្រទេស​ចិន​ឯណោះ​វិញ ត្រូវ​បាន​អង់គ្លេស​ចាត់ទុក​ត្រឹម​ជា​គូប្រជែង​ដោយ​ស្វ័យប្រវត្តិ​តែប៉ុណ្ណោះ។

អង់គ្លេស ដែល​កំពុង​សំឡឹង​បែរឆ្ពោះ​ទៅរក​ប្រយោជន៍​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក យល់ថា ការសហការ​ជាមួយ​ចិន គឺជារឿងចាំបាច់ នៅក្នុង​រឿង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ ​នាយករដ្ឋមន្រ្តី អង់គ្លេស ផ្ទាល់​បាន​វាយតម្លៃថា អ្នកដែល​ប្រកាស​ឲ្យ​មាន​សង្រ្គាម​ត្រជាក់​ជាមួយ ចិន ឬ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន នៅ​ឯកោរ គឺ​កំពុង​យល់ច្រលំ​ធំហើយ។ ជា​ថ្មីម្តងទៀត លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​ជាសម្ព័ន្ធមិត្តសំខាន់​របស់​អាមេរិក បាន​បង្ហាញ​ថា លោក​ជា​មនុស្ស​បត់បែនបាន​តាម​កាលៈទេសៈ​ជានិច្ច៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ