អានតួអត្ថបទ
អង់គ្លេស-អាមេរិក-អាហ្វហ្កានីស្ថាន

អង់គ្លេស​ថា​ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វ​ហ្កា​នី​ស្ថាន​គឺ​ជា​កំហុស​ឆ្គង​មួយ

បន្ទាប់ពី​ពួក​តាលីបង់​ វាយលុក​ទៅ​កាន់តែកៀក​ជិត​ដល់​រដ្ឋធានី​កាប៊ុល​ ប្រទេស​អង់គ្លេស​នៅថ្ងៃសុក្រ​ ១៣​សីហា​ បាន​ចេញ​មុខរិះគន់ថា​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្កានីស្ថាន​ គឺជា​កំហុស​ឆ្គង​មួយ​។ ទន្ទឹមនេះ​ ទីក្រុងឡុងដ៍​ ព្រមានដែរថា​ការវិលត្រលប់​មក​វិញ​របស់​ចលនាឧទ្ទាម​តាលីបង់​ នឹង​អាច​បើកផ្លូវ​ឲ្យមានការ​បង្កើត​មូលដ្ឋាន​សម្រាប់​ពួក​ជ្រុល​និយម​ដែលជាការ​គំរាម​កំហែង​ចំពោះ​ពិភពលោក​។

បន្ទាប់ពីពួកតាលីបង់ វាយលុកទៅកាន់តែជិតដល់រដ្ឋធានីកាប៊ុល ប្រទេសអង់គ្លេស នៅថ្ងៃសុក្រ ១៣សីហា បានចេញមុខរិះគន់ថា ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺជាកំហុសឆ្គងមួយ។
បន្ទាប់ពីពួកតាលីបង់ វាយលុកទៅកាន់តែជិតដល់រដ្ឋធានីកាប៊ុល ប្រទេសអង់គ្លេស នៅថ្ងៃសុក្រ ១៣សីហា បានចេញមុខរិះគន់ថា ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺជាកំហុសឆ្គងមួយ។ AP - Hamed Sarfarazi
ផ្សាយពាណិជ្ជកម្ម

ការម្រេចរបស់​អាមេរិក​ក្នុងការដក​កងទ័ពចេញពី​អាហ្វហ្កានីស្ថាន​ បន្សល់ទុកនូវបញ្ហាធំមួយ​។ នេះគឺ​ជាប្រសាសន៍​របស់​លោក​ បេន វ៉លឡេស​ (Ben Wallace) រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​។

សម្រាប់លោក​ វ៉លឡេស អវត្តមាន​កងទ័ព​លោកខាងលិច​គឺ​ហាក់បីដូចជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​ឧទ្ទាម​តាលីបង់​ត្រឡប់​ទៅ​កាន់​អំណាច​វិញ​ ​ហើយ​វា​នឹងហុចផល​ប្រយោជន៍​ដល់​ពួកអាល់កៃដា​។ ពួកអាល់កៃដា​ ដែល​ត្រូវ​បាន​ក្រុមតាលីបង់ផ្តល់​ជម្រកដ៏រឹងមាំ​ មុនការ​វាយ​ប្រហារ​ភេរវកម្មទៅលើ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីនតោន​កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១​ ដែល​ជា​ចំណុច​ចាប់ផ្តើម នាំ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​លោក​ខាងលិចទៅ​រក​សង្រ្គាម​ដ៏​ធំ​រយៈពេល​ ២០ឆ្នាំ ​​នៅ​អាហ្វហ្កានីស្ថាន​។

ក្នុងពេល​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​ទូរស្សន៍​ Sky News លោក​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​ បានគូស​បញ្ជាក់ពី​ក្តីបារម្ភ​របស់​លោកដែលថា​ប្រសិនបើ​ពួក​ភេរវជន​អាល់កៃដា​ត្រលប់មក​វិញនៅ​កន្លែង​ចាស់​ដែលជា​ជម្រក​សុវត្ថិភាពរបស់ពួកគេ​ នោះពិភពលោក​នឹង​រង​ការគំរាមកំហែង​ផ្នែកសន្តិសុខ​ និង​ផលប្រយោជន៍​ជា​មិនខាន​។

ក្រោមហេតុផលនេះ​ អង់គ្លេស​យល់ថា​កិច្ចព្រមព្រៀងទីក្រុង​ដូហា​ឆ្នាំ២០២០​ ដែល​បាន​ចុះហត្ថលេខាដោយ​សហរដ្ឋអាមេរិក​និងក្រុមតាលីបង់​គឺជា​កំហុសឆ្គងមួយ​ ហើយ​គឺ​សហគមន៍អន្តរជាតិនេះហើយ​ដែល​ទំនងជាអ្នក​ត្រូវទទួលខុសត្រូវចំពោះ​ផលវិបាកដែលកើតឡើងជា​យថាហេតុ​។

គួរជម្រាបជូនថា​ កិច្ចព្រមព្រៀងទីក្រុងដូហា​រវាងអាមេរិក​និងចលនាឧទ្ទាមតាលីបង់​ធ្វើឡើងក្នុង​សម័យដឹកនាំ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ នៅ​ក្នុង​កិច្ចព្រមព្រៀងនេះ​ អាមេរិក​សន្យា​ដក​ទ័ព​ចេញ​ទាំង​អស់​ចេញ​ពី​អាហ្វហ្កានីស្ថាន​ ហើយ​ពួក​តាលីបង់​វិញបាន​យល់​ព្រម​ចូល​អង្គុយ​តុ​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុងកាប៊ុល។

លោកបេន វ៉លឡេស​ បាននិយាយថា​ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្រោម​រដ្ឋបាលលោកត្រាំនេះ​ បានធ្វើឲ្យ​អង់គ្លេស​គ្មានជម្រើសផ្សេងក្រៅ​តែ​ពីដកកងទ័ពចេញនោះទេ។

គួរជ្រាបថា​ ខណៈពួក​តាលីបង់​កំពុង​បន្ត​គោលដៅ​សំដៅ​​ឆ្ពោះទៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អង់គ្លេស​ បានបញ្ជូនទ័ពប្រមាណ​ ៦០០ នាក់ដើម្បី​ជម្លៀស​មន្ត្រីទូត​និងជនជាតិអង់គ្លេស​ចេញ​ពី​អាហ្វហ្កានីស្ថាន​។

ក្រោយឃើញថា ស្ថានការណ៍នៅ​អាហ្វហ្កានីស្ថាន​កាន់តែ​ធ្លាក់ដុនដាបខ្លាំង ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ បានអំពាវនាវ​ដល់​ប្រទេសជិត​ខាង​អាហ្វហ្កានីស្ថាន​ ឲ្យនៅបន្ត​បើកព្រំដែន​ ព្រោះ​មាន​ជនស៊ីវិលជាច្រើនម៉ឺននាក់​ កំពុង​រត់​ភៀសខ្លួនពី​ការ​វាយលុកលុយ​របស់​ពួកតាលីបង់​។ ចំណែក​អង្គការ​អូតង់វិញ​ បានកោះហៅកិច្ចប្រជុំបន្ទាន់​មួយនៅថ្ងៃសុក្រ ១៣ សីហា​នេះដើម្បី​ពិភាក្សាអំពី​ស្ថានភាព​ក្នុងប្រទេស​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ