អានតួអត្ថបទ
កូវីដបំប្លែង​ខ្លួន

កូវីដ ៖ “​ដែលតា” បង្កើន​​ហានិភ័យ​ឈឺធ្ងន់​​ចូល​ពេទ្យ ពីរ​ដង​លើស​មេរោគ​បំប្លែង​អង់គ្លេស

មេរោគ​កូវីដ​បំប្លែង​ដែល​តា​ឆ្លង​ខ្លាំង​ជាង​អាល់ហ្វា អាល់ហ្វា​ឆ្លង​ជាង​មេរោគ​កូវីដ​ដើម ... និង មាន​ព័ត៌មាន​តិច​តួច​នៅ​ឡើយ​ ទាក់​ទង​នឹង​ភាព​កំណាច​របស់​​​ដែលតា ​។ ប៉ុន្តែពេល​នេះ បើ​តាម​ការសិក្សា​របស់​អង់គ្លេស​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី ២៨​សីហា អ្នក​ឆ្លងមេរោគ​​កូវីដ​ “ដែលតា” មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺដល់​ថ្នាក់​​ត្រូវ​ចូល​​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ ដល់​ទៅ​ពីរ​ដង ​លើ​ស​អ្នក​ឆ្លង​កូវីដ ប្រភេទ​មេរោគ​អាល់ហ្វា។

អ្នក​ឆ្លង​កូវីដ​ដែល​តា មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ធ្ងន់ ជាង​ពីរដងលើស​អ្នកឆ្លង​កូវីដ​អាល់ហ្វា
អ្នក​ឆ្លង​កូវីដ​ដែល​តា មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ធ្ងន់ ជាង​ពីរដងលើស​អ្នកឆ្លង​កូវីដ​អាល់ហ្វា AP - Lewis Joly
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​​​អង់គ្លេស ​ដែល​មាន​ចុះផ្សាយក្នុង​ទំព័រ​​ទស្សនាវដ្តី​វិទ្យាសាស្ត្រ The Lancet Infectious Diseases នៅ​ថ្ងៃ​សៅរ៍​ទី​២៨សីហានេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ​ ប្រភេទ​ដែលតា មានហានិភ័យ​រងគ្រោះ​ធ្លាក់​ខ្លួន​ឈឺ ដល់​ថ្នាក់ចូល​ដេក​ពេទ្យ ជាង​ឆ្លង​​កូវីដ​ប្រភេទ​ផ្សេង។ ពោល​គឺ​ដូច​ទិន្នន័យ​​បឋម​របស់​អេកូស និង​សិង្ហបុរី ដែល​ធ្លាប់​លើក​ឡើង​ថា​​ដែល​តា​អាច​បង្កើន​គ្រោះ​ធ្លាក់​ខ្លួន​ឈឺ និង​ឈឺ​ក្នុង​ទម្រង់​ធ្ងន់។

នៅក្នុង​​ការ​វិភាគ​ទិន្នន័យ​លើ​អ្នក​ជំងឺ​កូវីដ​អង់គ្លេស​ចំនួន ៤៣០០០នាក់ ឈឺ​នៅ​រវាង​ពី​ថ្ងៃ​ទី ២៩​មីនា ដល់​ថ្ងៃទី ២៣ឧសភា​ ពោល​គឺ​៨០%​​នៃ​អ្នក​វិជ្ជមានកូវីដ មានផ្ទុក​មេរោគ​អាល់ហ្វា និង ​២០%​ ​មានផ្ទុក​មេរោគដែល ព្រោះ​ពេលនោះ​តាដែល​តា​ទើបតែ​​ចាប់​ផ្តើម​វាយ​លុក​នៅ​អង់គ្លេស។ ជា​លទ្ធផល ២,៣% នៃ​អ្នក​ជំងឺ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ជា​អ្នក​ឆ្លង​មេរោគ​ដែល​តា និង​២,២%​ ជា​អ្នក​ឆ្លង​មេរោគ​ប្រភេទ​អាល់ហ្វា។ ជា​តួលេខ​ខុស​គ្នា​តិច​តួច​មែន ប៉ុន្តែ​ប្រសិន​បើ​ គេ​យក​​កត្តា​ផ្សេង​ទៀត ដែល​អាច​ជាមូល​ហេតុ​នាំ​ជំងឺ​ទៅ​ជា​ធ្ងន់ធ្ងរ​បាន ដូច​ជា​ កត្តា​អាយុ ពូជសាសន៍ ឬ​ការ​ចាក់​ថ្នាំ​បង្ការ​ មក​គណនាជាមួយ​​ទៅ ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​ដល់ថ្នាក់​ចូល​ដេក​ពេទ្យ បាន​កើន​ឡើង​មួយ​គុណ​នឹង​២,២៦ (ជាងពីរ​ដង)នៅ​ពេល​ឆ្លង​កូវីដ​ប្រភេទ​ដែល​តា បើ​ប្រៀប​ទៅ​នឹង​ការ​ឆ្លង​កូវីដ​ប្រភេទ​អាល់ហ្វា។

ងាយ​ធ្លាក់​ខ្លួន​ឈឺធ្ងន់​ចូលពេទ្យ​ហើយ ដែល​តា​អាច​ឆ្លង​លើ​អ្នក​ជំងឺ​ក្នុង​វ័យ​កាន់​តែក្មេងទៀត ជាមធ្យម អាយុ ​២៩​ឆ្នាំ​ ទល់​នឹង​៣១​ឆ្នាំ​ចំពោះ​អ្នក​ជំងឺ​ឆ្លង​មេរោគ​អាល់ហ្វា។ ការ​សិក្សា​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញទៀត​ ​ អំពី​ហានិភ័យនៃ​ការ​​ធ្លាក់​ខ្លួន​ឈឺ​ត្រូវ​ការ​ចូល​ទៅ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យចំពោះ​អ្នក​មិន​បាន​ចាក់​ថ្នាំ​បង្ការ ឬ​ចាក់​មិន​ទាន់​គ្រប់​ដូស​ពេញ​លេញ។

​ថ្នាំបង្ការ​មាននៅតែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ទប់​ស្កាត់​មិន​ឱ្យ​អ្នក​ឆ្លង​កូវីដ​​ប្រភេទ​ដែល​តាធ្លាក់​ខ្លួន​ឈឺក្នុង​ទម្រង់​ធ្ងន់ធ្ងរបាន ដរាប​ណាតែ​អ្នក​ជំងឺ​បាន​ចាក់​គ្រប់​ដូស។ ការ​ចាក់​តែ​មួយ​ដូស មិន​អាច​ការពារ​ទល់​នឹង​ដែល​តា​បាន​ទេ។ នេះ​បើ​តាម​ការ​សិក្សា​ជាច្រើន​ផ្សេងទៀត។

សូមបញ្ជាក់​ថា​មេរោគ​កូវីដ​បំប្លែង​ដែលតា ដែល​លេច​ឡើង​ជា​ដំបូង​នៅ​ប្រទេស​ឥណ្ឌា មាន​សមត្ថភាព​ចម្លង​ខ្លាំង​ជាង​មេរោគកូវីដ​បំប្លែង​អង់គ្លេស (អាល់ហ្វា)ដែល​លេច​ឡើង​នៅ​ប្រទេស​អង់គ្លេស​កាលពី​ចុង​ឆ្នាំ​២០២០ ដល់​ទៅ​ប្រមាណ​ពី ៤០ទៅ​៦០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ