អានតួអត្ថបទ
អង់គ្លេស-ភេរវកម្ម

ប៉ូលិសអង់គ្លេស៖ឃាតកម្មសម្លាប់អ្នកតំណាងរាស្រ្តលោកដវីដ អាម៉េសជាអំពើភេរវកម្ម

នៅ​ក្នុង​ប្រទេស​អង់គ្លេស ប៉ូលិស​បាន​ចាត់​ទុក​ឃាតកម្ម​សម្លាប់​អ្នក​តំណាងរាស្រ្ត​លោក​ដេវីដ អាម៉េស​ថា​ជា​អំពើ​ភេរវកម្ម។ មាន​អាយុ ៦៩ឆ្នាំ អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​អភិរក្សនិយម​លោក​ដេវីដ អាម៉េស​ត្រូវ​បាន​បុរស​ខ្មាន់កាំបិត​ម្នាក់​អាយុ ២៥ឆ្នាំ​ចាក់​ជា​ច្រើន​កំាបិត​រហូត​ដល់​ស្លាប់​នៅ​ក្នុង​វិហារ​កាតូលិក​មួយ​ស្ថិត​ក្នុង​ស្រុក Leigh-on-Sea នៃ​តំបន់​Essex។ សោកនាដកម្ម​មួយ​នេះ​បាន​បំផុស​មាន​សំណួរ​ចោទ​ឡើង​ទាក់ទង​នឹង​សន្តិសុខ សុវត្ថិភាព​របស់​ក្រុម​អ្នកតំណាងរាស្រ្ត។

ប៉ូលិសអង់គ្លេសថា ឃាតកម្មសម្លាប់អ្នកតំណាងរាស្រ្តលោកដវីដ អាម៉េសជាអំពើភេរវកម្ម
ប៉ូលិសអង់គ្លេសថា ឃាតកម្មសម្លាប់អ្នកតំណាងរាស្រ្តលោកដវីដ អាម៉េសជាអំពើភេរវកម្ម AFP - TOLGA AKMEN
ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ​ដោយ​ប្រើ​កាំបិត​ចាក់​លើ​អ្នក​តំណាងរាស្រ្ត​លោក​ដេវីដ អាម៉េស ការ​ស៊ើបអង្កេត​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម។ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដំបូង​បាន​បង្ហាញ​ថា ទង្វើ​របស់​បុរសខ្មាន់កាំបិត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​អ៊ីស្លាមនិយមជ្រុល នេះ​បើ​តាម​បើ​បញ្ជាក់​របស់​ប៉ូលិស​តំបន់ Essex នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ផ្សព្វផ្សាយ​នា​យប់​ថ្ងៃ​សុក្រ ទី១៥​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១៦ តុលា។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ដដែល​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​បុរសខ្មាន់កាំបិត​ទេ។ តែ​បើ​តាម​បណ្តាញ​សារព័ត៌មាន​អង់គ្លេស ជនដៃដល់​ជា​ជនជាតិ​អង់គ្លេស​មាន​ដើមកំណើត​សូម៉ាលី។

គួរ​រម្លឹក​ថា អ្នក​តំណាងរាស្រ្ត​លោក​ដេវីដ អាម៉េស​អាយុ ៦៩ឆ្នាំ​ត្រូវ​បាន​ជនដៃដល់​អាយុ ២៥ឆ្នាំ​ចាក់​ជា​ច្រើន​កាំបិត។ តែ​ស្ថានភាព​​របួស​ធ្ងន់​បាន​ផ្តាច់​ជីវិត​លោក​ដេវីដ អាម៉េស​ភ្លាមៗ​នៅ​នឹង​កន្លែង ទោះ​បី​ជា​មាន​អន្តរាគមន៍​ឆាប់​រហ័ស​ពី​ក្រុម​អ្នក​ជួយសង្រ្គោះ​ក៏​ដោយ។ ចំណែក​ជនដៃដល់​ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ភ្លាមៗ​នៅ​នឹង​កន្លែង​ដែរ រួម​ទាំង​រក​ឃើញ​កាំបិត​មួយ​ផង។ នៅ​ក្នុង​បទអន្តរាគមន៍​ខ្លី​តាម​កញ្ចក់​ទូរទស្សន៍ នាយក​រដ្ឋមន្រ្តី​លោក​បូរីស ចនសុន​បាន​សម្តែង​ទុក្ខសោក និង​តក់ស្លុត។ « គឺ​ជា​ថ្ងៃ​សោកនាដកម្ម​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​របស់​យើង » នេះ​ជា​ប្រតិកម្ម​របស់​អតីត​នាយករដ្ឋមន្រ្តី​លោកស្រី​ទែរ៉េសា មេ។

ដោយឡែក រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោកស្រី​ព្រីធី ផាថែល​បាន​ស្នើ​ឲ្យ​កម្លាំង​ប៉ូលិស​ទាំង​អស់​ពិនិត្យមើល​ឡើង​វិញ​នូវ​វិធានការ​សន្តិសុខ​សម្រាប់​ការពារ​ក្រុម​អ្នកតំណាងរាស្រ្ត។ គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​មាន​ឃាតកម្ម​សម្លាប់​អ្នកតំណាងរាស្រ្ត។ ក្នុង​ឆ្នាំ ២០១៦ អ្នក​តំណាងរាស្រ្ត​លោកស្រី​ចូ ខក្ស​ត្រូវ​បាន​ជន​ស្តាំនិយមជ្រុល​សម្លាប់​នៅ​កណ្តាលផ្លូវ។ តាម​តួលេខ​របស់​ប៉ូលិស សកម្មភាព​ប្រឆាំង​នឹង​អ្នកតំណាងរាស្រ្ត​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ ក្នុង​ឆ្នាំ ២០១៩ ប៉ូលិស​បាន​លើក​ឡើង​ពី​កំណើន ១២៦% នៅ​ចន្លោះ​ឆ្នាំ ២០១៧ និង ២០១៨។ បន្ទាប់​មក មាន​ការ​កើន​ឡើង​ចំនួន ៩០% នៅ​ក្នុង ៤ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ