អានតួអត្ថបទ
ស្វីស-កូវីដ១៩

ពលរដ្ឋ​ស្វីស​​គាំទ្រ​​វិធានការ​​ទប់​ស្កាត់​កូវីដ​​របស់​​រដ្ឋាភិបាល

មេរោគបំប្លែងខ្លួន​ “អូមីក្រុង”​ កំពុង​រីករាលដាល​ខ្លាំង​នៅជុំវិញ​ពិភពលោក​រហូត​បង្ខំ​ឲ្យ​ប្រទេស​ជាច្រើន​ ត្រលប់​ទៅចាត់​វិធានការ​រឹត​បន្តឹងឡើងវិញ​មានតាំង​ពី​ការបិទ​ព្រំដែន​ និង​​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ចំពោះអ្នក​ដំណើរ​មក​ពី​ខាងក្រៅ​ជាដើម​។ ដោយឡែក​កាលពី​ថ្ងៃអាទិត្យ​ ២៨ វិច្ឆិកា​ម្សិលមិញ​ នៅក្នុង​ការ​បោះឆ្នោត​ប្រជាមតិមួយ​ ពលរដ្ឋ​ស្វីស​ជាច្រើន​នាក់​បាន​បោះ​ឆ្នោត​គាំទ្រ​វិធានការ​ទប់ស្កាត់​កូវីដ​របស់​រដ្ឋាភិបាល​ ខណៈ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រើ​បណ្ណសុខភាព​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​។

លទ្ធផលបឋមនៃបោះឆ្នោត បង្ហាញថាមានពលរដ្ឋស្វីសច្រើនជាង ៦០% គាំទ្រចំពោះវិធានទប់ស្កាតកូវីដរបស់អាជ្ញាធរ។
លទ្ធផលបឋមនៃបោះឆ្នោត បង្ហាញថាមានពលរដ្ឋស្វីសច្រើនជាង ៦០% គាំទ្រចំពោះវិធានទប់ស្កាតកូវីដរបស់អាជ្ញាធរ។ Fabrice COFFRINI AFP
ផ្សាយពាណិជ្ជកម្ម

អ្នកបោះឆ្នោតស្វីស​បានបង្ហាញ​ពី​ការគាំទ្ររបស់ពួកគេ​ ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងការប្រយុទ្ធទល់នឹងជំងឺកូវីដ១៩​ ជាពិសេស​នៅក្នុងកាលៈទេសៈ​ដែលពិភពលោក​កំពុង​ប្រឈម​ទៅនឹងមេរោគបំប្លែងខ្លួនថ្មី​ដែលមាន​ឈ្មោះថា​អូមីក្រុង​។

លទ្ធផលបឋម​នៃ​ការ​បោះឆ្នោតប្រជាមតិ​ បាន​បង្ហាញថា​​ជាង​ ៦០%​នៃអ្នក​បោះឆ្នោត​គាំទ្រ​ច្បាប់​ទប់ស្កាត់កូវីដ​។ ពួកគេ​ប្រឆាំងនឹង​ទៅគំនិត​ដែល​ចង់​ឲ្យ​ដក​ចេញ​នូវ​ការរឹតបន្តឹង​មួយចំនួន​រួមមាន​ទាំងការ​ប្រើប្រាស់​បណ្ណសុខភាព​ ឬបណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ផង​។

គួរបញ្ជាក់ថា​ ដើម្បី​ទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ​ ចាប់ពី​ខែកញ្ញាមក​ រដ្ឋាភិបាល​ស្វីស​បាន​តម្រូវ​ឲ្យមាន​បណ្ណសុខភាព​ឬ​លទ្ធផលតេសអវិជ្ជមានកូវីដ​ដើម្បី​អាច​ចូល​បារ ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ រោងកុន​ សារមន្ទីរ​ និងព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗជាដើម។

ការ​ចាក់​ថ្នាំ​បង្ការកូវីដ​ គឺជា​បញ្ហា​រសើបមួយ​នៅ​ក្នុង​ប្រទេសស្វីស​។ មិនមែន​គ្រប់​ប្រជា​ពលរដ្ឋ​ស្វីសនោះទេ​ដែលគាំទ្រ​ច្បាប់តម្រូវឲ្យមាន​ឯកសារ​សុខភាព​នេះ។ ក្រុម​អ្នកប្រឆាំង​ និយាយថា​បណ្ណសុខភាព​ដែល​ត្រូវ​បាន​ទាមទារចាប់តាំងពីខែកញ្ញា​មកនោះគឺជា​រំលោភសិទ្ធិ​សេរីភាព​របស់​ពួកគេ​។

បន្ទាប់មក​ ក្រុម​អ្នកតវ៉ា​បាន​នាំគ្នាចេញផ្លូវ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វិធានការ​របស់​រដ្ឋាភិបាល រហូត​ជំរុញឲ្យ​មានការ​បោះឆ្នោត​ប្រជាមតិតែម្តង​។ ហើយ​លទ្ធផលបឋមនៃបោះឆ្នោត​បង្ហាញថា​ក្នុងចំណោមអ្នកបានទៅបោះឆ្នោត ៦៤ % មាន​ពលរដ្ឋ​ស្វីស​ ច្រើន​ជាង​ ៦០% គាំទ្រ​ចំពោះ​វិធានការ​ទប់ស្កាតកូវីដ​របស់​អាជ្ញាធរ​។

គួររំឭកថា​ ការធ្វើប្រជាមតិនៅស្វីស​បានធ្វើឡើងនៅពេល​អូមីក្រុង​ដែល​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មីចាត់​ថ្នាក់​គួរឲ្យព្រួយបារម្ភ​ ដោយ​អង្គការសុខភាពពិភពលោក​ កំពុង​វាយ​លុកតែ​ពិភពលោកកាន់តែខ្លាំង​។ បន្ថែមលើនេះ​ ការធ្វើប្រជាមិតខាងលើ​ត្រូវបានរៀបចំឡើង​ផងដែរ​ នៅខណៈ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺកូវីដ​១៩​ នៅក្នុងប្រទេសស្វីសកើនខ្លាំង​បើ​ប្រៀបធៀប​នឹង​ពេលកន្លងទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ