អានតួអត្ថបទ
វិបត្តិអតិផរណា

ធនាគារកណ្តាល​ចេញមុខ​ដោះស្រាយ​វិបត្តិ​អតិផរណា

វិបត្តិកូវីដ​១៩ នៅ​មិនទាន់​បិទបញ្ចប់។ ទោះ​កំពុង​ប្រឈម​នឹង​កំណើន​ស្ទុះលឿននៃករណីឆ្លងជំងឺកូវីដ ដោយសារ​មេរោគបំប្លែងខ្លួន​អូមីក្រុង ធនាគារកណ្តាល​អឺរ៉ុប បាន​ដើរតាម​ធនាគារកណ្តាល​អាមេរិក ដែល​បាន​សម្រេច​កាលពី​ថ្ងៃ​ពុធ​ទី ១៥ ធ្នូ បិទបញ្ចប់ ផែនការ​សង្រ្គោះ​សេដ្ឋកិច្ច ដែល​គេ​បាន​ធ្វើឡើង​នៅ​ឆ្នាំ ២០២០ ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច ដែលរងគ្រោះ ចុះទន់ខ្សោយ ដោយសារ ជំងឺរាតត្បាត​កូវីដ។ ចាប់ពី​ខែ មីនា ឆ្នាំក្រោយ ធនាគារ​កណ្តាល​អាមេរិក​នឹង​ឈប់​ទិញ​បំណុល​ឯកជន ដោយ​បើកផ្លូវ​ឲ្យ​មាន​ការដំឡើង​អត្រា​ការប្រាក់​ឡើងវិញ។ ការសម្រេច​របស់​ធនាគារកណ្តាល​អឺរ៉ុប និង​ធនាគារ​កណ្តាលអាមេរិក​បានទទួល​ការស្វាគម​ពី​អ្នកវិនិយោគ​នៅទីផ្សារ​ភាគហ៊ុននៅអាស៊ី អឺរ៉ុប​និងអាមេរិក​កាលពីថ្ងៃព្រហស្បតិ៍ ទី​១៦​ធ្នូឆ្នាំ ២០២១។

រូបសញ្ញាប្រាក់អឺរ៉ូ នៅមុខទីស្នាក់ការរបស់​ធនាគារកណ្តាល​អឺរ៉ុប​នៅ​ទីក្រុង​Frankfurt ប្រទេស​អាល្លឺម៉ង់។
រូបសញ្ញាប្រាក់អឺរ៉ូ នៅមុខទីស្នាក់ការរបស់​ធនាគារកណ្តាល​អឺរ៉ុប​នៅ​ទីក្រុង​Frankfurt ប្រទេស​អាល្លឺម៉ង់។ ASSOCIATED PRESS - BERND KAMMERER
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​អត្រាអតិផរណា​កើនឡើងខ្ពស់ ដែលកើតឡើង ដោយសារ​វិបត្តិ​ថាមពល​ឡើងថ្លៃ និង​ការខ្វះខាត​ក្នុង​ការផ្គត់ផ្គង់​ផលិតផល​ ធនាគាកណ្តាល​នៅ​អាមេរិក និង​នៅអឺរ៉ុប បាន​ចេញមុខ​ចាត់​វិធានការ​ជាបន្តបន្ទាប់គ្នា។

 

នៅថ្ងៃ​ព្រហស្បតិ៍ នៅប៉ុន្មានម៉ោងក្រោយ​ធនាគារ​កណ្តាល​អាមេរិកសម្រេច​ដកខ្លួន លែងជួយទ្រទ្រង់ សេដ្ឋកិច្ច ដោយ​ឈប់​ទិញ​បំណុល​ជាតិ និង​ឯកជន ចាប់ពី​ខែ​មីនា ឆ្នាំ ២០២២ ធនាគារកណ្តាល​អឺរ៉ុប បាន​ប្រកាស​បិទបញ្ចប់​ផែនការ​សង្រ្គោះ​សេដ្ឋកិច្ចអឺរ៉ុប នៅខែ​មីនា​ឆ្នាំ​ក្រោយដែរ។ តាំង​ពី​ខែ​មីនា​ឆ្នាំ មុន ធនាគារ​កណ្តាល​អឺរ៉ុប​បាន​បញ្ចេញ​កញ្ចប់ថវិកាបន្ទាន់ តម្លៃ​១៨៥០​ពាន់លាន​អឺរ៉ូ សម្រាប់​ជួយសេដ្ឋកិច្ច​អឺរ៉ុប​ដែលចុះខ្សោយ​ដោយសារ​វិបត្តិកូវីដ។

វិបត្តិកូវីដ​នៅមិនទាន់ចប់។ ទ្វីបអឺរ៉ុបក៏​កំពុង​នៅ​ប្រឈម​នឹង​ការឆ្លងរាលដាល​ដ៏ខ្លាំងក្លា​ជាពិសេស ដោយសារ​មេរោគ​អូមីក្រុង​មួយទៀត ប៉ុន្តែ ធនាគារកណ្តាល​អឺរ៉ុប​បាន​សម្រេច​ឈប់ជួយសេដ្ឋកិច្ច​អឺរ៉ុប ដោយកាត់បន្ថយ ការទិញ​ប្រាក់បំណុល រដ្ឋ និង​បំណុលឯកជន ពីពេលនេះ រហូត​ដល់​ខែ​មីនា​ឆ្នាំ ក្រោយ។

នៅក្នុង​សេចក្តីថ្លែងការណ៍ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ធនាគារកណ្តាល​អឺរ៉ុប​បាន​ពន្យល់​ថា សេដ្ឋកិច្ចចាប់​ងើបដើរ​ឡើងវិញ​ នៅ​តំបន់​ចាយប្រាក់អឺរ៉ូ និង​ការកើន​ឡើង​ជា​វិជ្ជមាន​នៃ​អតិផរណា​នៅក្នុងរយៈពេល​មធ្យម​ជាហេតុផល​មួយ​ដែល​ធ្វើឲ្យ​ធនាគារ​ត្រូវ​បិទបញ្ចប់​ការទិញ​ប្រាក់​បំណុល​យ៉ាងយូរ​នៅខែមីនា​ឆ្នាំក្រោយ។

ទោះឈប់​ទ្រទ្រង់​សេដ្ឋកិច្ច តាមរយៈ ការឈប់​ទិញ​ប្រាក់បំណុលជាតិ និង​ប្រាក់បំណុល​ឯកជន ប៉ុន្តែ ធនាគារ​កណ្តាល​អឺរ៉ុប គ្មាន​ផែនការ​ដំឡើង​អត្រា​ការប្រាក់ ដូចដែល​ធនាគារកណ្តាលអាមេរិក​បាន​សម្រេច កាលពី​ថ្ងៃ​ពុធ ដើម្បី ដោះស្រាយ​បន្ទាន់ វិបត្តិអតិផរណា។ ប្រឈម​នឹង​កម្រិត​អតិផរណា កើនឡើងខ្ពស់ មិនធ្លាប់មាន នៅក្នុងរយៈពេល ៣០​ឆ្នាំ​ចុងក្រោយនេះ ដែលមាន​ប្រមាណ ៦,៨% ធនាគារ​កណ្តាល​អាមេរិក​បានប្រកាស​ឈប់​ជួយសេដ្ឋកិច្ច ​ក្នុង​អំឡុង​វិបត្តិកូវីដ ដោយ​ឈប់​ទិញប្រាក់បំណុលតទៅទៀត និង​បើកផ្លូវ​ឲ្យ​ធនាគារកណ្តាល​អាមេរិក ដំឡើង​អត្រា​ការប្រាក់ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ