អានតួអត្ថបទ
អូមីក្រុង

អូមីក្រុង មេរោគកូវីដ បំប្លែងខ្លួន​ដែល​​បំពុលបរិយាកាស​បុណ្យឆ្លងឆ្នាំ​សកល

នៅ​តែប៉ុន្មានម៉ោងដែល​ប្រជាជន​ក្នុងពិភពលោកត្រៀម​រៀបចំ​កម្មវិធី​បុណ្យ ឆ្លងឆ្នាំ​សកល មេរោគកូវីដ​បំប្លែងខ្លួន អូមីក្រុង​បានរុញច្រាន​ឲ្យ​ចំនួន​អ្នកឆ្លងកូវីដ​ថ្មី ក្នុង​ពិភពលោក កើនឡើង​ដល់​ជាង ១លាននាក់ ក្នុង​មួយថ្ងៃ។ នៅប្រទេសបារាំង ជាមួយ​នឹង​ករណីឆ្លងថ្មី​ប្រមាណ​២សែននាក់ ក្នុងមួយថ្ងៃ អូមីក្រុង​បានក្លាយ​ជា​មេរោគកូវីដ​នាំមុខគេ ចំណែក​នៅអាមេរិក កុមារ​ដែល​ឆ្លង​មេរោគកូវីដ អូមីក្រុង បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ចំនួន​កាន់តែ​ច្រើន។

អ្នកធ្វើដំណើរ​ចេញពីកន្លែង​ជិះរថភ្លើងក្រោមដី នៅទីក្រុង​ប៉ារីស
អ្នកធ្វើដំណើរ​ចេញពីកន្លែង​ជិះរថភ្លើងក្រោមដី នៅទីក្រុង​ប៉ារីស AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

ជាមួយ​អូមីក្រុង​ដែល​ងាយឆ្លង និង​ឆ្លងលឿនជាង​មេរោគដែលតា ករណីឆ្លងកូវីដ ​ក្នុងទូទាំង​ពិភពលោក​បាន​ហក់កើន​ឡើង​ដល់​ចំនួន ជាង ១លាននាក់ ក្នុង​មួយថ្ងៃ គិតត្រឹមថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ពោល​គឺ​កើនឡើង ប្រមាណ ៤៦%​បើប្រៀបធៀប​នឹង​សប្តាហ៍មុន។ នេះបើតាម​ការគន់គណនា​របស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP។

៨៥%​នៃ​ករណីឆ្លងកូវីដ​ថ្មី ប្រមូលផ្តុំ​ក្នុងតំបន់​ពីរ គឺ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ក្នុងរយៈពេល ៧ថ្ងៃ​ចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ​នៅអឺរ៉ុប​មានជាង ៤លាននាក់ ចំណែកអាមេរិក​មាន​ជាង ២លាននាក់។ ជាការកត់សំគាល់ នៅអាស៊ី ចំនួនអ្នកឆ្លងកូវីដ​បានធ្លាក់ថយចុះ មកត្រឹម ជាង ២សែនករណី។

នៅអឺរ៉ុប ករណី​ឆ្លង​មេរោគកូវីដ ដែលកើនឡើង​លឿនដូចព្រួញ កើតមាន​នៅ​ស្ទើរគ្រប់ប្រទេស។ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាលខ្លាំង នៅក្នុង​អំឡុងបុណ្យឆ្លងឆ្នាំសកល ប្រទេស​អឺរ៉ុប​កាន់តែ​ច្រើន​បាន​សម្រេច​ចាត់វិធានការ​រឹតបន្តឹង​បន្ថែម ដូចជា​នៅ​អេស្ប៉ាញ អាជ្ញាធរ​បាន​លុបចោល​កម្មវិធី​អបអរ​បុណ្យ​ចូលឆ្នាំថ្មី នៅ​តាម​តំបន់​ជាច្រើន។ នៅបារាំង ជាទី​ដែល​អូមីក្រុង​កំពុងនាំមុខ​មេរោគកូវីដ​ដទៃទៀត និង​មានអ្នកឆ្លងកូវីដ ជាង ២សែននាក់ ក្នុងមួយថ្ងៃ រដ្ឋាភិបាល​បាន​កាត់បន្ថយ​ពេលវេលាអបអរ​បុណ្យឆ្លងឆ្នាំសកល មកនៅត្រឹម ម៉ោង ២ភ្លឺ ចំណែក​ប្រជាជន ត្រូវ​តម្រូវ​ឲ្យពាក់ម៉ាស​សាជាថ្មី។

នៅអាមេរិក ជាទី​ដែល​មានករណី​ឆ្លងកូវីដច្រើន​បន្ទាប់ពីអឺរ៉ុប អាជ្ញាធរ​សុខាភិបាល​បាន​សង្កេត​ឃើញមាន​ចំនួនកុមារ​ដែលធ្លាក់ខ្លួនឈឺ ដោយសារ​កូវីដ ១៩ កើនឡើង ជាមធ្យម៦៦% បើធៀបនឹង​សប្តាហ៍មុន។ តាម​តួលេខ​ផ្តល់ដោយ​បណ្ឌិតសភាកុមារអាមេរិក ក្នុង​រលកឆ្លងថ្មី បង្កឡើង​ដោយ​អូមីក្រុង ចំនួន កុមារ ដែល​ឆ្លងកូវីដ​មានចំនួនសរុប​ជាង ២សែននាក់ ពោល​គឺ កើនឡើង ៥០%។ អ្នកជំនាញ​បានពន្យល់​ថា ការចាក់វ៉ាក់សាំង​តិចតួច​ក្នុង​ចំណោមកុមារ ធ្វើ​ឲ្យកុមារ​ងាយនឹង​ឆ្លង ជាពិសេស នៅចំពោះមុខ​អូមីក្រុង​ដែលឆ្លងលឿន​ជាងមេរោគដទៃ។ លោក​Anthony Fauci ទីប្រឹក្សា​របស់​សេតវិមាន​សម្រាប់​វិបត្តិសុខភាព​បាន​វាយតម្លៃថា ជាមួយ​អូមីក្រុង​ដែល​ឆ្លងខ្លាំង ករណី​កុមារ​ឆ្លងកូវីដ​នឹង​អាច​កើនឡើងខ្ពស់ ទៅថ្ងៃមុខ។ ម្យ៉ាង ទោះបី​កុមារ​មិន​សូវ​ធ្លាក់​ខ្លួន​ឈឺធ្ងន់ធ្ងរ ដូចមនុស្សចាស់ ដោយសារ​មេរោគអូមីក្រុង ប៉ុន្តែគេ​នៅ​ ប្រុងប្រយ័ត្ន តាមដានតទៅទៀត ដើម្បី​ដឹង ថា តើកុមារ​ដែល​ឆ្លងកូវីដ​រួចហើយ នឹង​អាច​ធា្លក់ខ្លួនឈឺរ៉ាំរ៉ៃដែរឬទេ ទៅថ្ងៃ​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ