អានតួអត្ថបទ
អតិផរណាអឺរ៉ុប

ធនាគារកណ្តាលអឺរ៉ុប​ថា កម្រិតអតិផរណា​នឹង​ធ្លាក់ថយមក​ចុះវិញ នៅអំឡុង​ឆ្នាំ ២០២២

នៅពេល​បណ្តាប្រទេស​អឺរ៉ុបកំពុង​ជួបវិបត្តិអតិផរណា ទំនិញឡើងថ្លៃ ​ធនាគារ​កណ្តាល​អឺរ៉ុប វាយតម្លៃ នៅថ្ងៃ​សុក្រ ទី ១៤​មករា ថា កម្រិតអតិផរណាដែល​ឡើងខ្ពស់ ដោយសារវិបត្តិថាមពលឡើងថ្លៃ​​នឹង​អាច​ធ្លាក់ថយចុះ​មកវិញ នៅ​ក្នុង​អំឡុង ឆ្នាំ ២០២២។ នៅប្រទេស​បារាំង អត្រាអតិផរណា​បាន​កើនឡើង​ក្នុង​កម្រិត​មួយខ្ពស់ មិនធ្លាប់​មាន​គិតចាប់ពី​ឆ្នាំ ២០១៨។ នៅ​៣ខែមុន​ការបោះឆ្នោត រដ្ឋាភិបាល​បារាំងចាត់វិធានការ​អន្តរាគមន៍​ជាច្រើនដើម្បី​សម្រាលបន្ទុក​ប្រជាជន នៅចំពោះមុខ​ទំនិញ ដែល​កាន់តែ​ឡើង​ថ្លៃ។

នៅបារាំង រដ្ឋាភិបាល​ផ្តល់សំណងជម្ងឺចិត្ត អតិផរណា ​១០០​អឺរ៉ូសម្រាប់​គ្រួសារ​ដែល​មានជីវភាព​ប៉ះពាល់​ដោយសារ​ប្រេងឡើងថ្លៃ
នៅបារាំង រដ្ឋាភិបាល​ផ្តល់សំណងជម្ងឺចិត្ត អតិផរណា ​១០០​អឺរ៉ូសម្រាប់​គ្រួសារ​ដែល​មានជីវភាព​ប៉ះពាល់​ដោយសារ​ប្រេងឡើងថ្លៃ AP - Bob Edme
ផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើ​វិបត្តិកូវីដដែលកាន់តែតានតឹងដោយសារ​មេរោគអូមីក្រុង អឺរ៉ុបត្រូវ​រួបរឹត​មួយជាន់ទៀតដោយសារ​វិបត្តិអតិផរណា​។ ដូច​​អាមេរិក​ដែល​កំពុង​ប្រឈម​នឹង​កម្រិត​អតិផរណាកើនឡើង​ខ្ពស់ មិនធ្លាប់​ក្នុង​រយៈពេល ៤០ឆ្នាំ​ចុងក្រោយ (៧% នៅ​ខែ​ធ្នូ​ឆ្នាំ ២០២១) ប្រទេស​សមាជិក​តំបន់​ចាយប្រាក់អឺរ៉ូ​ ដូចជា អេស្ប៉ាញក៏​មានអត្រា​អតិផរណា​កើនឡើង​ដល់​កម្រិត​មួយ​ដ៏ខ្ពស់ ៦,៥% ចំណែក ក្រិក​មាន​៥,១%។ នៅបារាំង ទំនិញ​ និង​សេវា​ទូទៅឡើងថ្លៃ ប្រមាណ​១,៦% ជាអត្រាទាប បើប្រៀបធៀប​នឹង​ប្រទេស​អឺរ៉ុប​ដទៃទៀត និង​អាមេរិក ប៉ុន្តែ វា​នៅតែ​ជា​អត្រាដ៏ខ្ពស់ បើមើលទៅលើ​ប្រវត្តិ​បញ្ហា​អតិផរណានៅបារាំង ដែល​ខ្ពស់​បំផុត គឺ១,៨% នៅ​ឆ្នាំ២០១៨។

វិបត្តិអតិផរណា​​នៅបណ្តាប្រទេស​អឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិក កើតឡើងដោយសារ វិបត្តិថាមពល​ឡើងថ្លៃ ភាពរអាក់រអួលខាងផ្នែកដឹកជញ្ជូន ផ្គត់ផ្គង់ទំនិញ បូកផ្សំ​និង​តម្រូវការទំនិញ វត្ថុធាតុដើម កើតមាននៅគ្រប់កន្លែង នៅក្នុងពិភពលោក នៅក្រោយ​វិបត្តិកូវីដ។

តាមការវាយតម្លៃ​របស់​​ប្រធានធនាគារកណ្តាល​អឺរ៉ុប លោកស្រី Christine Lagarde កម្រិត​អតិផរណា​នៅតំបន់​ចាយប្រាក់អឺរ៉ូ​កើនឡើង​ខ្ពស់ ក៏ដោយសារ​តែ​​សកម្មភាពសេដ្ឋកិច្ច​​ចាប់មានសន្ទុះលឿនខ្លាំង​នៅក្រោយ​វិបត្តិកូវីដ។ តម្រូវការច្រើន​នៃ​ប្រភពថាមពល​ដើម្បីឆ្លើយតប​ទៅនឹង​ការងើបស្ទុះឡើងវិញ នៃ​សេដ្ឋកិច្ច​ បាន​ធ្វើ​​ឲ្យ​តម្លៃប្រេង ឧស្ម័ន និង​អគ្គិសនី​ឡើងថ្លៃខ្ពស់។​

ប៉ុន្តែ បើតាមការព្យាករ​របស់​​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប បន្ទាប់ពី​កើនឡើង​ខ្លាំង នៅ​ខែ​ធ្នូ​ចុងឆ្នាំមុន (ប្រមាណ ៥%) កម្រិត​អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ ​នឹងអាច​​ធ្លាក់ចុះ​ មកវិញ នៅក្នុង​អំឡុង​ឆ្នាំ​២០២២​នេះ។ ហេតុផលនោះគឺ ​វិបត្តិថាមពលឡើង​ថ្លៃ ដែល​ជាកត្តា​ជំរុញ​ឲ្យ​ទំនិញឡើងថ្លៃសព្វសារពើ នឹង​ត្រូវ​ដោះស្រាយចេញ តាមរយៈ​ការប្រើប្រាស់​​ថាមពល​បៃតងដូចជាឧស្ម័ន ធម្មជាតិ។ គេរំពឹងដែរថា​តម្លៃប្រេង ហ្គាស​នឹង​អាច​ធ្លាក់ថយចុះវិញ នៅពេលដែល​​ការផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ និង​ថាមពលកកើតឡើងវិញ ដូចជា​ថាមពល​បានមកពីកង្ហារខ្យល់ ឬ​ផ្ទាំងស្រូបកំដៅព្រះអាទិត្យ មាន​លក្ខណៈកាន់តែ​សំបូរបែប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ