អានតួអត្ថបទ
អ៊ុយក្រែន-អាល្លឺម៉ង់

អាល្លឺម៉ង់ដំឡើងសំឡេងដាក់រុស្ស៊ី នៅពេល​ផ្លូវចរចាការទូត​ឲ្យវិបត្តិអ៊ុយក្រែន​កាន់តែតូចចង្អៀត

រង​រិះគន់​ថា ប្រកាន់ជំហរ​ធូរលុង​ជាមួយ​រុស្ស៊ី រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ដំឡើង​សំឡេង​ដាក់​រុស្ស៊ីកាលពី​ថ្ងៃអាទិត្យ ទី ១៣​កុម្ភៈ។ នៅ២ថ្ងៃមុន​ធ្វើដំណើរ​ទៅ​ជួប​ផ្ទាល់ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​បន្ថយភាពតានតឹង​នៅព្រំដែនអ៊ុយក្រែន នាយករដ្ឋមន្រ្តី អូឡាហ្វ ស្ហុលស៍ បានព្រមាន​ពីការដាក់ទណ្ឌកម្ម​ភា្លមៗ​លើ​រុស្ស៊ី ក្នុងករណី​រុស្ស៊ីចូល​រំលោភ​ឈ្លានពាន​អ៊ុយក្រែន។ នៅមុន​ធ្វើដំណើរ​ទៅជួបលោក​ពូទីន នៅទីក្រុង​ម៉ូស្គូ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ត្រូវ​ចុះចត​នៅទីក្រុង​គៀវ នៅថ្ងៃ​ចន្ទ ទី១៤​កុម្ភៈ​ដើម្បីជួបពិភាក្សា​ផ្ទាល់​ជាមួយ​នាយករដ្ឋមន្រ្តីអ៊ុយក្រែនជាមុន។

រូបថត​ផ្តល់​ដោយអគ្គបញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន បង្ហាញ ​លំហាត់សឹក របស់​កងទ័ពអ៊ុយក្រែន នៅតំបន់​Dnipropetrovsk​នៅថ្ងៃទី ៨​កុម្ភៈ ២០២២
រូបថត​ផ្តល់​ដោយអគ្គបញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន បង្ហាញ ​លំហាត់សឹក របស់​កងទ័ពអ៊ុយក្រែន នៅតំបន់​Dnipropetrovsk​នៅថ្ងៃទី ៨​កុម្ភៈ ២០២២ via REUTERS - UKRAINIAN ARMY GENERAL STAFF
ផ្សាយពាណិជ្ជកម្ម

ដោយធ្វើដំណើរទៅទីក្រុង​គៀវ ទៅជួបផ្ទាល់ នាយករដ្ឋមន្រ្តី​អ៊ុយក្រែន មុនទៅជួប​ប្រធានាធិបតី​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​ទំនង​ចង់​បញ្ជាក់​ថា អាល្លឺម៉ង់​មិន​បានលំអៀងទៅរក​រុស្ស៊ី របស់​លោកពូទីន។ នៅថ្ងៃអាទិត្យ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ព្រមាន​រុស្ស៊ី ពីការដាក់ទណ្ឌកម្ម​បន្ទាន់ភ្លាម ពី​សហភាពអឺរ៉ុប អាមេរិក និងអង់គ្លេស ដែលនៅក្នុង​នោះ មានផងដែរ គម្រោង​បំពង់ បង្ហូរ​ឧស្ម័ន​ពីរុស្ស៊ី​ទៅអាល្លឺម៉ង់។

នៅមួយថ្ងៃ​មុន​ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ នៅទីក្រុង​គៀវ ប្រភព​មន្រ្តីរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ពន្លយ ឲ្យដឹង​កាលពីថ្ងៃអាទិត្យ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​គ្រោង​បង្កើន​ជំនួយ​សេដ្ឋកិច្ច​សម្រាប់​អ៊ុយក្រែន។

គួរំលឹកថា ចាប់តាំង​ពី​រុស្ស៊ី​កាត់យកទឹកដីគ្រីមេ របស់អ៊ុយក្រែន​នៅឆ្នាំ ២០១៤ អាល្លឺម៉ង់​ជាប្រទេសនាំមុខគេ​ខាងផ្តល់ជំនួយហិរញ្ញវត្ថុ​ទ្វេភាគី ដែលមានប្រមាណ ២ពាន់លាន​អឺរ៉ូ។ បន្ថែមពីលើនោះ មាន​ជំនួយឥណទាន របស់​អាល្លឺម៉ង់ ៥០០លានដុល្លារ​សម្រាប់​ជួយទ្រទ្រង់សេដ្ឋកិច្ចអ៊ុយក្រែន។

អាល្លឺម៉ង់​កំពុង​ពិចារណា បង្កើនជំនួយសេដ្ឋកិច្ច ប៉ុន្តែ នៅតែ​បដិសេធ​មិន​ព្រម​លក់ ប្រគល់អាវុធ​ទៅ​ឲ្យអ៊ុយក្រែន ទោះ​ប្រធានាធិបតីអាមេរិក​បញ្ជាក់សាជាថ្មី កាលពី​ថ្ងៃអាទិត្យ ថា អ៊ុយក្រែន​កំពុង​ប្រឈម​នឹង​ការរំលោភចូល​ឈ្លានពាន គ្រប់ពេលវេលា​ពីសំណាក់កងទ័ពរុស្ស៊ី។ ដោយ​ប្រកាន់​គោលនយោបាយ​មិន​បញ្ជូន​ទៅកាន់​តំបន់​ជម្លោះប្រដាប់អាវុធ ដែលអាល្លឺម៉ង់ បាន​អនុវត្ត ចាប់តាំង​ពី​សម័យ​ណាហ្ស៊ី អាល្លឺម៉ង់​បាន​ប្រឆាំង​ដាច់ខាត រហូតមក មិន​ឲ្យគេ​បញ្ជូនសព្វាវុធ​របស់​អាល្លឺម៉ង់ សម្រាប់​បេសកកម្ម​អូតង់ ទៅកាន់ប្រទេស​អ៊ុយក្រែន។

នៅមុនទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជូន​បញ្ជីមួយទៅ​ឲ្យភាគី​អាល្លឺម៉ង​ពិចារណា។ តាមកាសែត​ក្នុងស្រុក​អាល្លឺម៉ង់ ក្នុងបញ្ជី​នោះ ក្រុងគៀវ​ប្រថ្នា​ចង់​បាន​ប្រព័ន្ធ​ខែលមីស៊ីល ប្រព័ន្ធប្រឆាំង​ដ្រូន ប្រព័ន្ធកំណត់​ទីតាំង​គ្រឿងអេឡិចត្រូនិក ឧបករណ៍សម្រាប់ឆ្លុះមើលពេលយប់ ហើយនិង​អាវុធគ្រាប់បែក។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ពន្លយឲ្យដឹងថា ទាក់ទង​នឹង​បញ្ជីសំណើរបស់​អ៊ុយក្រែន គេ​មិនអាច​ទន្ទឹងរង់ចាំ​អ្វីធំដំពីដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ នៅ​ទីក្រុង​គៀវ​នៅថ្ងៃ​ចន្ទនោះទេ។

អាល្លឺម៉ង់​អាច​ពិចារណា​សំណើ​ចង់បាន​ឧបករណ៍ឆ្លុះ​មើល​ពេលយប់ ដែល​អាល្លឺម៉ង់ មានច្រើន​លើសពីតម្រូវការ ចំណែក​សព្វាវុធ​ផ្សេងទៀត ដែលអ៊ុយក្រែន​ចង់បាននោះ គឺ​អាល្លឺម៉ង់​មានត្រឹមប្រើសម្រាប់​ខ្លួនឯងប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ