អានតួអត្ថបទ
អឺរ៉ុប-អាហ្វ្រិក

អឺរ៉ុបបើកជំនួបកំពូលជាមួយអាហ្វ្រិក​ដើម្បីប្រជែងឥទ្ធិពលជាមួយចិន និង​រុស្ស៊ីនៅអាហ្វ្រិក

នៅក្នុងជំនួបកំពូលអាហ្វ្រិក អឺរ៉ុប បើកធ្វើ នៅថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃសុក្រ​នេះ សហភាពអឺរ៉ុប និង​មេដឹកនាំ​បណ្តាប្រទេស​អាហ្រ្វិក ត្រូវពិភាក្សា ចរចាគ្នា ដើម្បី​រកផ្លូវដើរថ្មី សម្រាប់ទំនាក់ទំនង សហប្រតិបត្តិការរវាង​ទ្វីបទាំងពីរ។ ជំនួបកំពូល​អាហ្វ្រិក អឺរ៉ុប​បើកធ្វើឡើង​នៅចំ​ថ្ងៃ ដែល​បារាំង និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ប្រកាស​ជាផ្លូវការ​ដកទ័ព​ចេញពីម៉ាលី ប្រទេសមួយនៅអាហ្វ្រិក​ខាងលិច ដែល​ងាកទៅចាប់ដៃ​សហការជាមួយ​ទាហានស៊ីឈ្នួល​រុស្ស៊ី នៅក្រោយ​រដ្ឋប្រហារ​យោធា។

លោកប្រធានាធិបតីបារាំង ម៉ាក្រុង ឈរថត​ជាមួយ​មដឹកនាំ​អឺរ៉ុប និង​អាហ្វ្រិក​នៅក្នុងជំនួបកំពូលអាហ្វ្រិកអឺរ៉ុប ដែលបើកទ្វារ​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៧ និង​១៨កុម្ភៈ។
លោកប្រធានាធិបតីបារាំង ម៉ាក្រុង ឈរថត​ជាមួយ​មដឹកនាំ​អឺរ៉ុប និង​អាហ្វ្រិក​នៅក្នុងជំនួបកំពូលអាហ្វ្រិកអឺរ៉ុប ដែលបើកទ្វារ​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៧ និង​១៨កុម្ភៈ។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ភាពជាដៃគូរវាង​អឺរ៉ុប និង​អាហ្វ្រិក​ត្រូវ​ឈរ​នៅលើ​ការដោះដូរ និង​ចែករំលែកគ្នា។ នេះជា​សាររួម​របស់​ប្រធានសហភាពអឺរ៉ុប លោក​Charles Michel និង​ប្រធានសហភាពអាហ្វ្រិក នៅ​ថ្ងៃ​បើក​ជំនួបកំពូល​អាហ្វ្រិកអឺរ៉ុប​លើកទី ៦ នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្សិក។

នៅក្នុង​ជំនួបកំពូល​ដែលមានការចូលរួម​ពីមេដឹកនាំ​ប្រទេសអាហ្វ្រិក​ចំនួន ៤០ ក្នុង​ចំណោម​សមាជិក​សរុប​៥៥​ប្រទេស​របស់​សហភាពអាហ្វ្រិក សន្តិសុខ ស្ថិរភាព​និង​សុខភាព​នៅទឹកដីអាហ្វ្រិក ជា​សំណុំរឿង​សំខាន់ ដែល​ថ្នាក់ដឹកនាំ​បណ្តាប្រទេស​អាហ្វ្រិក និង​មេដឹកនាំ​ប្រទេស​សមាជិក​សហភាពអឺរ៉ុប​ត្រូវជជែកគ្នា ដើម្បី​ផ្តល់សន្ទុះ​ថ្មីដល់​ទំនាក់ទំនង ភាពជាដៃគូ​រវាង​ទ្វីបទាំងពីរ។

រដ្ឋប្រហារ ជម្លោះ​ប្រដាប់អាវុធ ភេរវនិយម ការជួញដូរមនុស្ស និង​ចោរសមុទ្រ នៅ​ទឹកដី​អាហ្វ្រិក ក៏​កំពុង​ជះផល​អាក្រក់​មកលើ​អឺរ៉ុប ដូចជា​បញ្ហា​លំហូរជនអន្តោប្រវេសន៍​មកពី​អាហ្វ្រិក។ តាម​ប្រមុខការទូតអឺរ៉ុប លោក​Josep Borrell អឺរ៉ុប​មិនអាច​ជួយអាហ្វ្រិក ដែល​ស្គាល់តែ​អសន្តិសុខ អស្ថិរភាព បានឡើយ។ អាហ្វ្រិក​កាន់តែ​រងរញ្ជួយ​ដោយអស្ថិរភាព ដោយសារ​មានការលូកដៃ​ពី​តួអង្គ ចិន និង​រុស្ស៊ី ដែល​មានវិធីសាស្រ្ត និង​គោលដៅ នៅទឹកដីអាហ្វ្រិក ខុសប្លែក​ពី​អឺរ៉ុប។

វត្តមានរបស់​កងទ័ពស៊ីឈ្នួល​របស់​ក្រុមហ៊ុន​Wagner  សម្រាប់​ការពារ​ប្រយោជន៍ក្រុមហ៊ុន​ឯកជន​រុស្ស៊ី នៅតាម​បណ្តាប្រទេស​នៅអាហ្វ្រិក កំពុង​បង្ក​អស្ថិរភាព នៅ​ក្នុងតំបន់​ដែលដើរតួនាទី សំខាន់​របស់​សហភាពអឺរ៉ុប។ នៅទ្វីបអាហ្វ្រិក ដែល​សំបូរ​ដោយ​ធនធានរ៉ែ វត្ថុធាតុដើម ប្រទេស​អឺរ៉ុប​ត្រូវ​ប្រឈម​ផងដែរ​នឹង​មហាអំណាច​ចិន ដែល​កំពុង​ចាក់គ្រឹះ​ឥទ្ធិពល នៅអាហ្វ្រិក ដើម្បីប្រយោជន៍​សេដ្ឋកិច្ច។

ភូមិសាស្រ្ត​នយោបាយ និង​ភាពសំបូរធនធានរ៉ែ បានធ្វើ​ឲ្យអាហ្វ្រិក ក្លាយជា​គោលដៅចង់បានពីគ្រប់ទិស។ សម្រាប់​ប្រមុខការបរទេស​អឺរ៉ុប អាហ្វ្រិក​មាន​ជម្រើសច្រើន ប៉ុន្តែ សហភាពអឺរ៉ុប​គ្រាន់តែ​បញ្ជាក់​ទៅ​បណ្តាប្រទេស​នៅអាហ្វ្រិកថា ភាពជាដៃគូ​ដែល​អឺរ៉ុប​ស្នើទៅ​ឲ្យអាហ្វ្រិក គឺ​នវានុវត្តន៍ និង​ការគោរព​សិទ្ធិ ជនជាតិអាហ្វ្រិក ពោល​គឺ​មិនមែន​មហិច្ឆតាធ្វើ​អាណានិគមនោះទេ។

សហភាពអឺរ៉ុប​ចង់ពិនិត្យមើលឡើង​ផងដែរ ជំនួយគាំទ្រ​ហិរញ្ញវត្ថុ សម្រាប់​អាហ្វ្រិក។ ទឹកប្រាក់​១៥០ពាន់លាន​អឺរ៉ូ ត្រូវ​បាន​សហភាពអឺរ៉ុប​គ្រោង សម្រាប់​ការវិនិយោគ នៅអាហ្វ្រិក ដូជា ហេដ្ឋារចនាសម្ព័ន្ធ និង​សម្រាប់​គម្រោងការ​ដែល​ជនជាតិអាហ្វ្រិក​ស្នើឡើង​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន។ វាជាផ្នែកមួយ​នៃ​យុទ្ធសាស្រ្ត​របស់អឺរ៉ុប ដែល​បានគ្រោង​ទឹកប្រាក់​សរុប ៣០០​ពាន់​លាន​អឺរ៉ូ សម្រាប់​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ពិភពលោក ពីពេលនេះ ដល់​ឆ្នាំ ២០២៧ ក្នុងគោលដៅ ​ប្រជែងទប់ទល់​មហិច្ឆតា​របស់មហាអំណាចចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ