អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-អាមេរិក

អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​យោធា​ក្នុង​តម្លៃ​៣៥០​លាន​ដុល្លារ​ដល់​អ៊ុយក្រែន

ខណៈ​ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​មាន​ក្នុង​រដ្ឋធានី​គៀវ​ និង​តំបន់​ផ្សេងៗទៀត​នៃ​ប្រទេស​អ៊ុយក្រែន អាមេរិក​បាន​ប្រកាសនៅថ្ងៃសៅរ៍ ២៦កុម្ភៈ ​ផ្តល់​ជំនួយ​យោធា​បន្ថែម​តម្លៃ​ ៣៥០​លាន​ដុល្លារដល់​អ៊ុយក្រែន​។ ប្រមុខ​ការ​បរទេស​អាមេរិក​លោក អង់តូនី ប្ល៊ីងកិន​និយាយថា​ជំនួយនេះ​គឺ​សម្រាប់​អ៊ុយក្រែន​យកទៅ​ការពារខ្លួន​ពី​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ និង​មិន​ញញើត​របស់រុស្ស៊ី​។

ទាហានអ៊ុយក្រែនកំពុងពិនិត្យមើលសម្ភារៈនៅខាងក្រៅទីក្រុង Kharkov ភាគឦសានប្រទេសអ៊ុយក្រែននាថ្ងៃសៅរ៍ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនកំពុងពិនិត្យមើលសម្ភារៈនៅខាងក្រៅទីក្រុង Kharkov ភាគឦសានប្រទេសអ៊ុយក្រែននាថ្ងៃសៅរ៍ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២។ AP - Andrew Marienko
ផ្សាយពាណិជ្ជកម្ម

ជំនួយយោធាថ្មី​របស់​អាមេរិកនឹងរួម​បញ្ចូល​សព្វាវុធការពារខ្លួន​បន្ថែមទៀត​ដើម្បី​ជួយ​ឲ្យអ៊ុយក្រែន​មានសមត្ថភាព​ប្រឆាំង​ទល់​នឹង​រថពាសដែក​ ការពារខ្លួនពី​ការវាយ​ប្រហារតាមអាកាស​ និងការ​គំរាមកំហែងផ្សេងទៀត​ដែលអ៊ុយក្រែនកំពុង​ប្រឈមមុខ​ក្នុង​សង្គ្រាម​នាពេលនេះ​។

ជំនួយថ្មីខាងលើធ្លាក់មក​ក្រោយ​ការដាក់ទណ្ឌកម្មជាច្រើន​របស់​សហរដ្ឋអាមេរិក​ និងលោកខាងលិច​ប្រឆាំងទល់​នឹង​រុស្ស៊ី​របស់ពូទីន​ដែល​បើការ​វាយ​លុកលុយ​ឈ្លានពាន​អ៊ុយក្រែន​។ លោកប្រមុខការបរទេសអាមេរិកប្ល៊ីងកិនបាន​និយាយនៅថ្ងៃសៅរ៍ ទី២៦ កុម្ភៈ​ថា ជំនួយយោធារបស់អាមេរិកនេះ​គឺ​ជា​សញ្ញា​ថ្មីមួយទៀតដែលបញ្ជាក់​យ៉ាងច្បាស់​ថាអាមេរិក​ឈរ​នៅ​ជាមួយ​ប្រជាជន​អ៊ុយក្រែន​ ខណៈ​ពួកគេ​កំពុងតែតស៊ូការពារអធិបតេយ្យភាពរបស់ខ្លួន​ប្រកប​ដោយ​ក្តីក្លាហាន​។

គួរបញ្ជាក់ថា​ អាមេរិកបានប្រកាស​ផ្តល់ជំនួយ​យោធា​បន្ថែមដល់​អ៊ុយក្រែន នៅខណៈដែលមូស្គូ​ចោទក្រុងគៀវថា​បដិសេធកិច្ចចរចា​។ ដោយ​សំអាង​លើហេតុផលនេះ រុស្ស៊ី​បាន​បន្តការ​វាយប្រហារ​ទៀត​ទៅ​លើ​អ៊ុយក្រែន​។ រដ្ឋាភិបាល​ក្រុង​គៀវ​បាន​ច្រានចោល​នូវ​ការលើកឡើងរបស់មូស្គូ និងថា​ខ្លួន​បានត្រៀមខ្លួនរួចជាស្រេច​ក្នុងការចរចាជាមួយមេដឹកនាំរុស្ស៊ី ដើម្បី​ឈានទៅ​បិទ​បញ្ចប់​ការ​ប្រយុទ្ធគ្នា​។

ដោយឡែក​ ខណៈរុស្ស៊ី​នៅ​បន្ត​ប្រតិបត្តិការសឹកលើ​អ៊ុយក្រែន​ សមាជិកអង្គការអូតង់​ទាំង ៣០​ប្រទេសបាន​ឯកភាព​គ្នា​ដាក់ពង្រាយ​កងកម្លាំង​ឆ្លើយតប​រហ័ស​របស់ខ្លួន​ នៅអឺរ៉ុបខាងកើត​ដើម្បីត្រៀមប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​។ យ៉ាងណាក៏ដោយ​ អង្គការអូតង់​នឹងមិន​បញ្ជូនកងទ័ព​ទៅក្នុងប្រទេស​អ៊ុយក្រែនឡើយ​ ព្រោះអ៊ុយក្រែនមិនមែនជា​សមាជិក​របស់ខ្លួន​។

គួរបញ្ជាក់ដែរថា​ កងកម្លាំង​ឆ្លើយតបរហ័សរបស់អូតង់​មានសរុបទាំងអស់មានប្រមាណ ៤ម៉ឺននាក់ និង​ត្រូវបាន​បង្កើតឡើងក្នុង​ឆ្នាំ ២០០២​ ដើម្បីពន្លឿនសមត្ថភាពឆ្លើយតបរបស់អូតង់ដែលរួមមានកម្លាំងទ័ពជើងគោក​ ផ្លូវអាកាស សមុទ្រ និងកងកម្លាំងប្រតិបត្តិការពិសេស​ និង​មាន​បំណង​ឆ្លើយតប​ទៅនឹងបញ្ហា​ប្រឈម​ជាច្រើនផ្សេងទៀត​។ ប្រទេសបារាំង​នឹង​បញ្ជូន​យោធា​ចំនួន​ ៥០០ នាក់​ទៅកាន់ប្រទេសរូម៉ានី​ក្នុង​បេសកកម្ម​ថ្មីរបស់​អូតង់ថ្មី​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ