អានតួអត្ថបទ
រុស្ស៊ី-ទណ្ឌកម្ម

សង្គ្រាម​អ៊ុយក្រែន ៖ ស្វីស​ សិង្ហបុរី អាមេរិក​​ផ្តើម​ដាក់​ទណ្ឌកម្ម​លើរុស្ស៊ី​ ដូច​អឺរ៉ុប

ទន្ទឹម​នឹង​សេចក្តី​ប្រកាស​របស់​សហរដ្ឋ​អាមេរិក​បិទ​ខ្ទប់​សកម្មភាព​ដោះដូរ​លុយ​របស់​ធនាគារ​កណ្តាល​រុស្ស៊ី​នៅ​បរទេស ស្វីស សិង្ហបុរី​ ប្រទេស​ដែលគ្មាន​ទម្លាប់​​​លូក​លាន់​ដាក់​ទណ្ឌកម្ម​សោះ​ បាន​សម្រេច​ដើរ​តាម​គំរូ​អឺរ៉ុប ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​​លើ​រុស្ស៊ី និង​រូប​លោក​ពូទីន​ផ្ទាល់​តែ​ម្តង​ផង។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់ប្រមុខ​ដឹកនាំ​ប្រទេស​​ស្វីស និង​ប្រទេស​សិង្ហបុរី។

ស្វីស សិង្ហបុរី អាមេរិកផ្តើមដាក់ទណ្ឌកម្មលើរុស្ស៊ី ដូចអឺរ៉ុប ដោយ​បិទ​ខ្ទប់​ការ​ដោះដូរ​​របស់​ធនាគារកណ្តាល​រុស្ស៊ី
ស្វីស សិង្ហបុរី អាមេរិកផ្តើមដាក់ទណ្ឌកម្មលើរុស្ស៊ី ដូចអឺរ៉ុប ដោយ​បិទ​ខ្ទប់​ការ​ដោះដូរ​​របស់​ធនាគារកណ្តាល​រុស្ស៊ី REUTERS/Ilya Naymushin
ផ្សាយពាណិជ្ជកម្ម

​ស្វីស​បាន​សម្រេច​ចិត្ត​ ដោយ​ច្បាស់​លាស់​ ប្រកប​ដោយ​វិចាណញ្ញាណ​ ដាក់​​ទណ្ឌកម្មសេដ្ឋកិច្ច​​លើ​រុស្ស៊ី តាម​គំរូទណ្ឌកម្ម​របស់​អឺរ៉ុប​ទាំង​ស្រុង ហើយ​ថែម​ទាំង​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​រូប​លោក​វ្លាដេមៀ ពូទីន​ផ្ទាល់​ទៀត។ ទ្រព្យ​ធន​របស់​​បុគ្គលនិង​ឥស្សរជន​រុស្ស៊ី​ក្នុង​បញ្ជី​ខ្មៅអឺរ៉ុប ត្រូវ​បង្កកភ្លាម។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស្វីស នៅ​ថ្ងៃ​ចន្ទទី ២៨ កុម្ភៈ អម​ដោយ​សេចក្តី​បញ្ជាក់របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថា មហាសេដ្ឋី បុគ្គល​​ស្និទ្ធ​នឹង​លោក​ពូទីន ដែល​មាន​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច​ខ្លាំង​ជាមួយ​ស្វីស ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​ចូល​ជាន់​ទឹក​ដី​ស្វីស​ទេ។

ចំណែក​សិង្ហបុរី បាន​ប្រកាស​នៅ​ក្នុង​ថ្ងៃ​ចន្ទ​នេះ​ដូច​គ្នា បិទ​ខ្ទប់​រាល់​គ្រប់​សកម្មភាព​ដោះដូរ​ហិរញ្ញវត្ថុ​ របស់​ធនាគារ​រុស្ស៊ី​មួយ​ចំនួន​​ និងបង្កើន​ការ​ត្រួត​ពិនិត្យ​​ការ​នាំចេញ​លុយណា​​ដែល​អាច​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ប្រឆាំង​នឹង​អ៊ុយក្រែន។ សិង្ហបុរី​កម្រ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​ដោយ​គ្មាន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ណាស់ ប៉ុន្តែ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ ជា​ទង្វើ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ ទើប​សិង្ហបុរី​អត់​មិន​បញ្ចេញ​ទណ្ឌកម្ម​មិន​បាន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សិង្ហបុរី ដោយ​​បាន​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​សិង្ហបុរី ​កំពុង​រៀ​ប​ចំ​គម្រោង​ទណ្ឌកម្ម​ពិសេសផ្សេង ដែល​នឹង​ប្រកាស​ជូន​ដំណឹង​នៅពេល​ក្រោយ។ ក្រៅ​ពី​ទណ្ឌកម្ម ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ក៏​បាន​ប្រកាសនៅ​ថ្ងៃទី ២៨កុម្ភៈ ​ផ្អាក​ជើង​ហោះហើរ​ទៅ​ម៉ូស្គូ​មួយ​រយៈ។

ហើយដើម្បី​បន្សាប​អំណាច​​ធនាគារ​កណ្តាល​រុស្ស៊ី​ ​ សហរដ្ឋ​អាមេរិក​​ក៏​បាន​ប្រកាស​ហាមឃាត់​ភ្លាម​ដែរ បិទ​រាល់​គ្រប់​សកម្មភាព​ដោះដូរ​ហិរញ្ញវត្ថុ​ជាមួយ​ធនាគារ​រុស្ស៊ី​ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ២៨​កុម្ភៈ​នេះ​ទៅ ក្នុង​បំណង​បង្កក​រាល់​គ្រប់​ទ្រព្យ​ធន​របស់​ធនាគារកណ្តាល​រុស្ស៊ី មិន​ថា​លុយ​នោះ​ជា​របស់​បុគ្គលណា​ម្នាក់​ជា​ជន​ជាតិ​អាមេរិក​ទេ។ ដាក់ទណ្ឌកម្ម​ដោយ​មាន​ការ​សម្របសម្រួល​គ្នា​ ភ្ជាប់​នឹង​ទណ្ឌកម្ម​អឺរ៉ុប នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​វិល​វល់​ ក្នុង​វិបត្តិ​អតិផរណា​ឡើ​ងខ្ពស់​ខ្លាំង ការ​វិនិយោគ​ដាំក្បាល​ចុះ។ នេះ​ជា​ការ​ព្យាករណ៍​របស់​អាមេរិក។

សូម​រំលឹក​ថា​ នៅ​ថ្ងៃ​អាទិត្យ​ទី ២៧​កុម្ភៈ​ សហភាព​អឺរ៉ុប សហការ​ជាមួយ​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ហ្សេ៧ បាន​សម្រេច​​ដក​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ​អន្តរជាតិ Swift និង​បិទ​ដែនអាកាស​អឺរ៉ុប​មិន​ឱ្យ​យន្តហោះ​រុស្ស៊ី​ឆ្លង​កាត់​ទេ។ វិធានការ​នេះ​បាន​ធ្វើ​ឱ្យ​ប្រាក់​រូប្លិ៍​រុស្ស៊ី​ធ្លាក់​ថ្លៃ​ជា​ប្រវត្តិសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ