អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-បារាំង-រុស្ស៊ី

មូស្គូ​ព្រមានរដ្ឋមន្ត្រី​បារាំង​ជុំវិញ​រឿង​ប្រកាស​ធ្វើ​សង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក ប៊្រុយណូ ឡឺម៊ែរ (Bruno Le Maire) បាន​និយាយ​នៅ​ថ្ងៃអង្គារ ១មីនា​ថា​ អឺរ៉ុប​កំពុង​ធ្វើ​សង្គ្រាម​ផ្តួល​រំលំ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​មូស្គូដែល​ឈា្លនពាន​អ៊ុយក្រែន​។ ភ្លាម​មួយ​រំពេច​ មន្ត្រី​ជាន់​ខ្ពស់​វិមាន​ក្រេមឡាំង​បាន​ចេញ​ព្រមាន​ឲ្យរដ្ឋមន្ត្រីបារាំងប្រយ័ត្នសម្តីរបស់ខ្លួន និងបានគំរាមពីគ្រោះថ្នាក់​ដែល​​កើត​ចេញពី​សង្គ្រាម​សេដ្ឋកិច្ច​រវាង​អឺរ៉ុប​ជាមួយ​នឹង​រុស្ស៊ី​។

ប្រធានាធិបតីអ៊ុយក្រែនហ្សេឡេស្គី និងលោកម៉ាក្រុងប្រមុខដឹកនាំបារាំង ជាមួយនឹងលោកពូទីន បុរសខ្លាំងរបស់រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនហ្សេឡេស្គី និងលោកម៉ាក្រុងប្រមុខដឹកនាំបារាំង ជាមួយនឹងលោកពូទីន បុរសខ្លាំងរបស់រុស្ស៊ី។ AFP - MAKSIM BLINOV,LUDOVIC MARIN,JOHANNA GERON
ផ្សាយពាណិជ្ជកម្ម

"យើង​កំពុង​ធ្វើទាំងសង្គ្រាម​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លើ​រុស្ស៊ី​"។ "យើងនឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ដួល​រលំ​"។ នេះ​គឺជា​សម្តី​របស់​​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​ដែល​បាន​ទៅ​ប្រាប់​វិទ្យុ Franceinfoកាលពីព្រឹកថ្ងៃអង្គារម្សិលិញ​ក្រោយពី​បារាំង​ សហភាពអឺរ៉ុប និងប្រទេស​ជា​ច្រើន​ទៀត​ប្រកាស​ថា​នឹង​បន្ថែម​ទណ្ឌកម្ម​ថ្មី​លើ​ទីក្រុង​មូស្គូ​។

នៅថ្ងៃអង្គារ​ដដែលនោះ​ អតីត​ប្រធានាធិបតីរុស្ស៊ី​លោក ឌីមីទ្រី មេដវេដេវ​ (Dmitry Medvedev) ដែល​បច្ចុប្បន្ន​មាន​ឋានៈជា​មន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ី​បានឆ្លើយ​តប​តាម​រយៈសារ​ធ្វីតវិញ​ថា​ "រដ្ឋមន្ត្រីបារាំងខ្លះ​បាន​ប្រកាសសង្គ្រាមសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី​។ សូម​ប្រយ័ត្ន​សម្តី​របស់​អ្នក​ សុភាព​បុរស​ទាំងឡាយ​។ ហើយចូរកុំភ្លេចថា​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ សង្រ្គាម​សេដ្ឋកិច្ច​ជារឿយៗ​តែងនាំនូវ​គ្រោះថ្នាក់​ធំ​"។

បន្តិចក្រោយមក​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុបារាំង​បាន​ប្រាប់​ទីភ្នាក់សារព័ត៌មាន AFP ថាភាសា​និយាយ​របស់​លោក​មិនសមរម្យ និង​បញ្ជាក់បន្ថែមទៀតថា​អឺរ៉ុប​គ្មាន​ជម្លោះ​ជាមួយ​ប្រជាជន​រុស្ស៊ី​ឡើយ​។

គួរ​កត់​សម្គាល់​ថា​ ទោះស្ថិត​ក្នុង​កាលៈទេសៈ​សង្គ្រាមក្តី​ក៏​លោក​ប្រធានាធិបតីបារាំង​ម៉ាក្រុង​បាន​ព្យាយាម​បន្ត​បើក​កិច្ច​សន្ទនា​ជាមួយ​សមភាគី​រុស្ស៊ី​លោកពូទីន​ដែរ​។ ហើយមេដឹកនាំ​ទាំងពីរ​ក៏បាន​ជជែកគ្នា​តាម​ទូរសព្ទ​ម្តងទៀតកាល​ពី​ថ្ងៃចន្ទ​ ទី២៨​ កុម្ភៈ​ ឆ្នាំ២០២២​។

ក៏ប៉ុន្តែ​ ក្នុងពេលជាមួយគ្នានេះ​រដ្ឋមន្ត្រី​បារាំង​បាន​និង​កំពុង​ប្រើ​វោហាសាស្ត្រ​មិន​ប្រាកដ​ប្រជា​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ពិពណ៌នា​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ខាងលិចក្នុងការ​ព្យាយាម​ច្របាច់​ក​សេដ្ឋកិច្ច​រុស្ស៊ី​ និងការ​ចាត់​វិធាន​ប្រឆាំង​​ក្រុមអ្នកជំនួញ​គ្រាក់ៗ​ដែល​ស្និទ្ធ​នឹង​លោក​ពូទីន​។

ជាក់ស្តែង​កាលពីយប់ថ្ងៃចន្ទ​ដើមសប្តាហ៍​ រដ្ឋមន្ត្រីការបរទេស​បារាំងលោក​ Jean-Yves Le Drian បានប្រាប់ទូរទស្សន៍ BFM ថាក្រុមសេដ្ឋី​ជំនួញ​ដ៏​មានឥទ្ធិពល​របស់​រុស្ស៊ីគួរ​មាន​ការ​ប្រុងប្រយ័ត្ន​ ព្រោះថា​ក្នុង​បញ្ជីរបស់អឺរ៉ុបមាន​កំណត់​គោលដៅ​ក៏ដូចជា​មុខ​សញ្ញា​សំខាន់ៗ​រួច​អស់ហើយ​។

គួររំឭកដែរ​ថា ដើម្បីឆ្លើយតបនឹង​ទង្វើរបស់រុស្ស៊ី​ដែល​វាយ​ប្រហារលើ​អ៊ុយក្រែន​ សហរដ្ឋអាមេរិក​ និងបណ្តា​សម្ព័ន្ធមិត្ត​បាន​ដាក់​ទណ្ឌកម្មលើ​ធនាគារកណ្តាលរុស្ស៊ី​ អ្នក​ជំនួញ​ស្និទ្ធនឹង​ក្រុង​មូស្គូ​ ប្រធានាធិបតីពូទីននិងមន្ត្រីរដ្ឋរបស់លោក ព្រមទាំងបាន​ដក​ធនាគាររុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ទូទាត់​លុយ​អន្តរជាតិ SWIFT ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ