អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-ពូទីន-ម៉ាក្រុង

លោក​ពូទីន​បញ្ជាក់​ប្រាប់​លោក​ម៉ាក្រុង​ពី​លក្ខខណ្ឌ​ដែល​រុស្ស៊ី​ព្រម​បញ្ឈប់​សង្គ្រាម

ខណៈ​ដែល​កង​ទ័ព​រុស្ស៊ី​នៅ​បន្ត​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៨ កម្ភៈ​ម្សិល​មិញនេះ​ លោក​ពូទីននៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ បាន​បញ្ជាក់​ប្រាប់​ពី​លក្ខខណ្ឌ​ធំៗ​ដែល​ត្រូវ​បំពេញ​ដើម្បី​ឲ្យ​រុស្ស៊ី​ព្រម​បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន​។ តើ​លក្ខខណ្ឌ​ទាំងនោះ​មាន​អ្វីខ្លះ​?

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (ឆ្វេង) និងលោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ីនៅក្នុងជំនួបជជែកពីអ៊ុយក្រែន នៅឯវិមានElysee កាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ ២០១៩។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (ឆ្វេង) និងលោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ីនៅក្នុងជំនួបជជែកពីអ៊ុយក្រែន នៅឯវិមានElysee កាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ ២០១៩។ AFP - CHARLES PLATIAU
ផ្សាយពាណិជ្ជកម្ម

ការ​ដាក់លក្ខខណ្ឌ​របស់​លោកពូទីននេះ​ ធ្លាក់មក​នៅស្របពេលដែល​ការ​ចរចា​រវាង​អ៊ុយក្រែន និង​រុស្ស៊ីកាល​ពីថ្ងៃចន្ទម្សិលមិញ​បញ្ចប់ទៅ​ដោយ​គ្មាន​សម្រេចបាន​លទ្ធផល​ឡើយ​។ លោក ពូទីន បានបញ្ជាក់ប្រាប់​លោកម៉ាក្រុងថា​សង្គ្រាមនឹងអាចបញ្ចប់ទៅបាន ល្គឹកណា​តែ​ផល​ប្រយោជន៍​សន្តិសុខ​ស្របច្បាប់​របស់រុស្ស៊ីត្រូវបានគេយកទៅពិចារណា​ដោយឥត​លក្ខខណ្ឌ ដែលនេះ​រួម​មាន​ការ​ទទួលស្គាល់​អធិបតេយ្យភាព​របស់​រុស្ស៊ីនៅគ្រីមេ ការ​រំសាយ​កងទ័ព​អ៊ុយក្រែន​ ការ​ទម្លាក់​រដ្ឋាភិបាលក្រុងកៀវ​បច្ចុប្បន្ន​ពីអំណាច​ និង​ចុងក្រោយ​គេ​គឺការ​ធានា​នូវ​ស្ថានភាព​អព្យាក្រឹត​របស់​អ៊ុយក្រែន​។

នាខណៈពេលនេះ​ គេនៅមិនទាន់ដឹងនោះទេថាតើ​លោកប្រធានាធិបតីបារាំងម៉ាក្រុងដែលជា​ប្រធានផ្លាស់វេនអឺរ៉ុប​នឹង​ឆ្លើយតបយ៉ាងដូចម្តេច​នោះទៅកាន់​លក្ខខណ្ឌ​ដែល​លោកពូទីន​បានបញ្ជាក់​ប្រាប់លោក​តាមទូរសព្ទ​កាលពីថ្ងៃចន្ទម្សិលមិញ​។ ក៏ប៉ុន្តែ​លក្ខខណ្ឌ​ដែល​វិមានក្រេមឡាំង​ បានដាក់​ដើម្បីជាថ្នូរ​ក្នុងការ​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែននេះ​ត្រូវបានគេមើល​ឃើញថា​ជា​លក្ខខណ្ឌ​មិនងាយស្រួល​សោះឡើយ​។

គួរជ្រាបថា​កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ​ គណៈប្រតិភូរស្ស៊ី និងអ៊ុយក្រែនបាន​ជួប​ចរចា​គ្នាជា​លើកដំបូង​ ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីសប្តាហ៍មុនមក​។ ជំនួបលោកទី ១​បញ្ចប់​ទៅ​ដោយ​គ្មាន​លទ្ធផលទេ​ ហើយភាគីទាំងសងខាង​បានព្រមព្រៀង​ជួបចរចាគ្នាជុំទីពីរទៀត​ក្នុងពេលឆាប់ៗនេះ​។

គួររំឭកជូនដែរថា​ នៅក្នុង​កិច្ចចរចាកាលពីម្សិលមិញ​អ៊ុយក្រែន​បាន​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​ជាមួយរស្ស៊ី​ និង​បាន​ទាមទារឲ្យ​រុស្ស៊ី​ដកកងទ័ព​ចេញពី​ទឹកដី​អ៊ុយក្រែន​ភ្លាមៗផងដែរ។

នាខណៈនេះ ផ្លូវ​ឈាន​ឆ្ពោះទៅដោះស្រាយ​សង្គ្រាមនៅអ៊ុយក្រែន​ត្រូវ​គេមើលឃើញ​ថាពិបាក​ស្មុគស្មាញ​ខ្លាំងណាស់ ហើយខណៈ​ដែល​ចំនួន​ជនស៊ីវិលស្លាប់​កាន់​តែ​ច្រើនឡើង​ គេ​បាន​ចោទ​ជា​សំណួរ​ឡើង​ថា​តើរយៈពេលប៉ុន្មានទៀត​ទៅ​ទើប​សង្គ្រាមនេះចប់​?

បើតាម​អាជ្ញាធរអ៊ុយក្រែន​ មាន​ជនស៊ីវិលជាង​ ៣៥០នាក់ក្នុងនោះមានកុមារ ១៤នាក់ត្រូវ​បាន​សម្លាប់ ចាប់តាំងពីរុស្ស៊ីវាយឈ្លានពានអ៊ុយក្រែននាថ្ងៃទី២៤ កម្ភៈមក​។ ចំណែកមនុស្ស​ដែល​រត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនវិញ​កើនឡើងដល់ជាងកន្លះលាន​នាក់ហើយ​ និងកំពុងបន្តកើនឡើងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ