អានតួអត្ថបទ

គម្រោងលក់​​ក្លឹបបាល់ទាត់​ឈែលស៊ី ត្រូវផ្អាក​ ដោយសារ​តែ​ម្ចាស់​ក្លឹប​ជា​ជនជាតិ​រុស្ស៊ី ត្រូវ​ជាប់​ទណ្ឌកម្ម​អង់គ្លេស

ថ្ងៃព្រហស្បតិ៍ទី​១០មីនា រដ្ឋាភិបាល​អង់គ្លេសបានបន្ថែមទណ្ឌកម្ម ទៅលើរុស្ស៊ី ដោយបានបង្កក​​ទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ីជាច្រើននាក់ទៀត ដែលស្និទ្ធនឹងរដ្ឋាភិបាលលោកពូទីន។ ក្នុងចំណោម​មហាសេដ្ឋីរុស្ស៊ី ដែលរងទណ្ឌកម្ម​ទាំងនេះ គឺមាន​លោក Roman Abramovitch ដែលជាម្ចាស់​កម្មសិទ្ធិ​ក្លឹបបាល់ទាត់ឈែលស៊ី។ មុនពេលរងទណ្ឌកម្ម មហាសេដ្ឋីរុស្ស៊ីរូបនេះ បានព្យាយាមអំពាវនាវ​ លក់ក្លឹបឈែលស៊ី តែពេល​នេះគម្រោង​លក់ ត្រូវជាប់គាំងដោយ​សារតែទណ្ឌកម្ម របស់រដ្ឋាភិបាលអង់គ្លេស។​

លោក Roman Abramovich (ស្តាំ) មហាសេដ្ឋីរុស្ស៊ី ម្ចាស់ក្លឹប​ Chelsea លើកដៃអបអរជ័យជំនះរបស់​ក្លឹបខ្លួន នៅពហុកីលាដ្ឋាន The Reebok Stadium ក្រុង Bolton ប្រទេសអង់គ្លេស ថ្ងៃទី ៣០ មេសា ២០០៥
លោក Roman Abramovich (ស្តាំ) មហាសេដ្ឋីរុស្ស៊ី ម្ចាស់ក្លឹប​ Chelsea លើកដៃអបអរជ័យជំនះរបស់​ក្លឹបខ្លួន នៅពហុកីលាដ្ឋាន The Reebok Stadium ក្រុង Bolton ប្រទេសអង់គ្លេស ថ្ងៃទី ៣០ មេសា ២០០៥ AP - Jon Super
ផ្សាយពាណិជ្ជកម្ម

វាសនាអនាគតនៃក្លឹបបាល់ទាត់ឈែលស៊ី (Chelsea) កំពុង​ត្រូវព្យួរទុកមួយកន្លែង ដោយសារតែទណ្ឌកម្ម របស់រដ្ឋាភិបាលអង់គ្លេស ដាក់ទៅលើមហាសេដ្ឋី​រុស្ស៊ី។ ក្លឹបបាល់ទាត់នេះ គឺជាកម្មសិទិ្ធរបស់​លោក Roman Abramovitch មហាសេដ្ឋីរុស្ស៊ី ដែលគ្រប់គ្នាដឹងថា មានទំនាក់ទំនងស្និទ្ធជាមួយរដ្ឋាភិបាលរបស់លោកពូទីន។

ចាប់ពីពេលនេះទៅ លោក Roman Abramovitch មិនអាច​ធ្វើប្រតិបត្តិការ​ទិញលក់អ្វីទាំងអស់ មិនថាជាមួយ​បុគ្គលឯកជន ឬក្រុមហ៊ុន​អង់គ្លេសណាមួយឡើយ។ តែយ៉ាងណា រដ្ឋាភិបាលអង់គ្លេស បានចេញអាជ្ញាបណ្ណ ឲ្យ​ក្លឹប​ Chelsea អាចបន្តសកម្មភាពប្រកួតបានធម្មតា ហើយ​អាច​បង់ប្រាក់ខែទៅបុគ្គលិក និង​កីឡាករដូចប្រក្រតី។ អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ជាក់ថា រដ្ឋាភិបាលអាចនឹងពិនិត្យ​ ចេញអាជ្ញាបណ្ណមួយថ្មីទៀត ដើម្បីអនុញ្ញាតឲ្យ​គេលក់ក្លឹប​បាល់ទាត់ Chelsea។ ក៏ប៉ុន្តែ​ លោក Roman Abramovitch​ ដែលជាម្ចាស់ក្លឹបនេះ មិនអាចទទួលបានប្រាក់ចំណេញ ពីការលក់ក្លឹបនេះឡើយ។

គួររំលឹកថា មហាសេដ្ឋីរុស្ស៊ីឈ្មោះ Roman Abramovitch បច្ចុប្បន្នអាយុ៥៥ឆ្នាំ បានទិញ​ក្លឹបបាល់ទាត់ឈែលស៊ី នៅឆ្នាំ​២០០៣ ក្នុងតម្លៃ​ប្រមាណ​១៦៨លានអឺរ៉ូ។ មហាសេដ្ឋីរុស្ស៊ីរូបនេះ ​មានភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗរុស្ស៊ីជាច្រើនដូចជាក្រុមហ៊ុនដែកថែប ​Evraz និងក្រុមហ៊ុនរ៉ែនីកែល Norilsk Nickel។ រដ្ឋាភិបាលអង់គ្លេស​ប៉ាន់ស្មានថា លោក Roman Abramovitch ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​​១ម៉ឺន​លានអឺរ៉ូ។ ប៉ុន្មានថ្ងៃ មុននឹងរងទណ្ឌកម្មនេះ មហាសេដ្ឋីរូបនេះ បានព្យាយាមរកវិធីការពារខ្លួន  ដោយ​បាន​ប្រាកាស​ដាក់លក់ក្លឹប Chelsea ក្នុងតម្លៃប្រមាណ ៣ពាន់លានអឺរ៉ូ និង​ដោយអះអាងថា ប្រាក់ដែល​បានមកពីការលក់នេះ នឹងប្រគល់ទៅឲ្យ​មូលនិធិ​ ជួយ​ជនរងគ្រោះដោយ​សង្គ្រាម​នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រៅពីលោក Roman Abramovitch ដែលទើបតែជាប់ទណ្ឌកម្ម​អង់គ្លេស សម្រេច​​កាលពី​ថ្ងៃព្រហស្បតិ៍ គឺមានមហាសេដ្ឋីរុស្ស៊ីផ្សេងទៀត ដូចជា លោក Oleg Deripaska ម្ចាស់ក្រុមហ៊ុនអាលុយមីញ៉ូម Rusal  លោក Igor Setchine អគ្គនាយក្រុមហ៊ុន​ប្រេង Rosneft  លោក Andreï Kostin អគ្គនាយកធនាគារ VTB ធនាគារធំទី២របស់រុស្ស៊ី  លោក Alexeï Miller អគ្គនាយក​ក្រុមហ៊ុន​ Gazprom  លោក Nikolai Tokarev អគ្គនាយក​ក្រុមហ៊ុនដឹកជញ្ជូន​ប្រេងនិងហ្កាស Transneft  និងលោក Dmitri Lebedev ប្រធានក្រុមប្រឹក្សារដ្ឋបាលធនាគារ Bank Rossiya។

លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានប្រកាសថា ទណ្ឌកម្មទាំងនេះគឺបញ្ជាក់ថា ក្រុមមហាសេដ្ឋីរុស្ស៊ី ដែលជាអ្នកចិញ្ចឹមឆ្នាំងបាយរបស់​រដ្ឋាភិបាល​របស់​លោកពូទីន គឺអង់គ្លេសមិនស្វាគមន៍ឡើយ។ លោកស្រីបន្ថែមថា មហាសេដ្ឋីទាំងនេះ គឺជាពួកសមគំនិតជាមួយលោកពូទីន​ មានបាតដៃប្រឡាក់ឈាម ហើយ​ត្រូវតែដើរឱនមុខ ដោយភាពអាម៉ាសបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ