អានតួអត្ថបទ
ចិន-រុស្ស៊ី-ហ្សេ២០

ចិន​​ថា​​រុស្ស៊ី​​សំខាន់​​និង​​ប្រឆាំង​​មិន​​ឲ្យ​ផាត់​​រុស្ស៊ី​​ចេញ​​ពី​​ក្រុម​​ប្រទេស​​ហ្សេ​​២០

នៅថ្ងៃ​ពុធ​ ២៣មីនា​ម្សិលមិញ​ ចិន​បាន​ចាត់​ទុក​រុស្ស៊ី​ថា​ជា​សមាជិក​ដ៏​សំខាន់​មួយ​របស់​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ហ្សេ២០​ និង​ជំទាស់​មិន​ឲ្យ​ដក​សមាជិកភាព​របស់​រុស្ស៊ី​ឡើយ​។ ប្រតិកម្ម​របស់​ចិន​នេះ​ ធ្លាក់​មក​ក្រោយ​ពេលដែល​ទីក្រុង​វ៉ាស៊ីនតោន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ដក​ក្រុង​មូស្គូ​ចេញ​ពី​ក្រុម​ហ្សេ​២០​ ជុំវិញ​រឿង​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​។

ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន និងលោកស៊ី ជីនពីង មេដឹកនាំចិន។
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន និងលោកស៊ី ជីនពីង មេដឹកនាំចិន។ AP - Ramil Sitdikov
ផ្សាយពាណិជ្ជកម្ម

ទោះ​មាន​ជំហរ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ក្តី​ តែ​ចិន​នៅ​តែ​បាន​ផ្តល់​ការ​ការពារ​ផ្នែក​ការទូត​មួយ​កម្រិតទៀត​ដល់​រុស្ស៊ី​ ហើយនោះ​គឺ​ការ​ជំទាស់​មិន​ឲ្យ​គេផាត់​រុស្ស៊ី​ចេញ​ពី​​ក្រុម​ប្រទេស​ឧស្សាហកម្មហ្សេ​២០ឡើយ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ហ្សេ​២០​ គឺជា​វេទិកាដ៏​សំខាន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ​និង​ថា​រុស្ស៊ី​ជា​សមាជិកដ៏​សំខាន់ម្នាក់​ ហើយ​គ្មាន​សមាជិក​ណា​មាន​សិទ្ធិ​បណ្ដេញ​ប្រទេស​ផ្សេង​ចេញ​នោះ​ទេ​។

ការ​អត្ថាធិប្បាយ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសចិននេះ​ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​ទីប្រឹក្សា​​សន្តិសុខ​កំពូល​របស់​អាមេរិក​និយាយថា​ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ថែម​សម្ពាធ​ទៅលើ​រុស្ស៊ី​ឲ្យ​ខ្ទាត​ចេញ​ពី​ក្រុម​ប្រទេស​ហ្សេ​២០​ ដោយសារ​ទង្វើ​ឈ្លានពាន​លើ​អ៊ុយក្រែន​។

កាលពី​ថ្ងៃអង្គារ​ ទី២២មីនា​ លោក​ជេក ស៊ូលីវ៉ាន់​ ទីប្រឹក្សា​សន្តិសុខជាតិ​សេតវិមាន​អាមេរិក​និយាយ​ថា​ សម្រាប់រុស្ស៊ី​ វា​មិនមែន​ជារឿង​ធម្មតា​ដូច​ពីមុននោះទេ​ក្នុងការ​ធ្វើ​សកម្មភាពអាជីវកម្ម​នៅក្នុង​ស្ថាប័ន​អន្តរជាតិ​ និង​ក្នុង​សហគមន៍​អន្តរជាតិ​។

ចំណែក​លោក​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​ដែល​ធ្វើ​ដំណើរ​ទៅដល់​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​វិញ លោកគ្រោង​ដោះដូរយោបល់គ្នាជា​មួយសម្ព័ន្ធមិត្ត​ដែរ​ពីការ​បន្ថែម​ទណ្ឌកម្ម​ថ្មី​ និង​អំពី​លទ្ធភាព​នៃ​ការ​ដក​រុស្ស៊ី​ចេញ​ពី​សមាជិក​ហ្សេ២០​។

គួររំឭកថា​ ចិន​មាន​ជំហរ​ប្រយ័ត្នប្រយែងខ្លាំង​ណាស់អំពី​សង្រ្គាម​អ៊ុយក្រែន​។ យ៉ាងណា​ក៏​ដោយ​ចិន​នៅ​តែ​ផ្តល់​ការ​ការពារ​ផ្នែក​ការទូត​ដល់​រុស្ស៊ី​រាប់​តាំង​ពី​ការ​មិន​ថ្កោលទោស និង​មិន​ដាក់​ទណ្ឌកម្មទៅលើរុស្ស៊ី​ ហើយ​ឥឡូវនេះចិន​ថែម​ទាំង​ប្រកាសគាំទ្ររុស្ស៊ីនៅក្នុង​ក្រុម​ប្រទេស​ហ្សេ​២០ទៀត​។ ការណ៍​នេះ​នាំឲ្យគេ​នឹក​ដល់​សេចក្តី​ប្រកាស​របស់​លោក ស៊ី ជីនពីង​ និង​លោក ពូទីន កាល​ពី​ដើម​ខែ​កម្ភៈដែលថា​មិត្តភាព​រវាង​ចិន​និង​រុស្ស៊ី​គឺ​គ្មាន​ដែន​កំណត់​ឡើយ​។

ពីខាងទីក្រុង​មូស្គូវិញ​ មន្ត្រី​វិមាន​ក្រេមឡាំង​បានឲ្យដឹងថា​លោក ពូទីន​ នៅតែ​មានបំណង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ហ្សេ ២០ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ទៅ​នា​ខែ​វិច្ឆិកា​ខាងមុខ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ