អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

ការវាយប្រហារទៅលើស្ថានីយ៍រថភ្លើងនៅតំបន់ដុនបាស់ សម្លាប់មនុស្សយ៉ាងតិច ៣៩នាក់

ការវាយប្រហារមីស៊ីលទៅលើស្ថានីយ៍រថភ្លើង មួយកន្លែង នៅតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងតិច ៣៩នាក់ ដែលនៅក្នុងនោះ៤នាក់ជាកុមារ។ នៅថ្ងៃសុក្រ គ្រាប់មីស៊ីលសំដៅបំផ្លាញស្ថានីយ៍រថភ្លើង នៅទីក្រុងKramatorsk ជាទីដែលប្រជាជនអ៊ុយក្រែន ប្រជ្រៀតគ្នា ឡើងរថភ្លើង ដើម្បីគេចចេញពី ទិសដៅវាយប្រហាររបស់កងទ័ពរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី បានបរិហាររិះគន់ ការសម្លាប់រង្គាល ដ៏អមនុស្សធម៌បំផុត។ ប៉ុន្តែ ដូចទម្លាប់ ភាគីរុស្ស៊ីបានបដិសេធមិនទទួលខុសត្រូវលើការវាយប្រហារនោះឡើយ។

មន្រ្តីអ៊ុយក្រែននៅតំបន់ដុនបាស់ពិនិត្យមើល​សំណល់​មីស៊ីល​ដែលវាយប្រហារ​ទៅលើ​ស្ថានីយ៍រថភ្លើង​នៅ​ទីក្រុង​Kramatorsk ដែលស្ថិតនៅក្រោមការគ្រប់គ្រង​របស់​រដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃទី​៨មេសា
មន្រ្តីអ៊ុយក្រែននៅតំបន់ដុនបាស់ពិនិត្យមើល​សំណល់​មីស៊ីល​ដែលវាយប្រហារ​ទៅលើ​ស្ថានីយ៍រថភ្លើង​នៅ​ទីក្រុង​Kramatorsk ដែលស្ថិតនៅក្រោមការគ្រប់គ្រង​របស់​រដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃទី​៨មេសា AP - Andriy Andriyenko
ផ្សាយពាណិជ្ជកម្ម

ស្ថានីយ៍រថភ្លើងដែលរងការវាយប្រហាររបស់គ្រាប់មីស៊ីលកាលពីថ្ងៃសុក្រ ស្ថិតនៅទីក្រុងKramatorsk រដ្ឋធានីរបស់តំបន់ដុនបាស់ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអ៊ុយក្រែន។ មនុស្សយ៉ាងហោច ៣៩នាក់បានស្លាប់ក្នុងការវាយប្រហារ ចំណែក មនុស្សជាង ១០០នាក់បានរងរបួស។ នេះបើតាមប្រធានក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវរថភ្លើងអ៊ុយក្រែន Ukrzaliznytsia  លោក Oleksandre Kamychine ដែលបាននិយាយពីការវាយប្រហារដោយចេតនាបំផុត។

នៅកន្លែងកើតហេតុ អ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាប់ឃើញមានសាកសពប្រជាជនស៊ីវិលយ៉ាងតិច៣០នាក់ ដែលគេគ្របប្លាស្ទិកពីលើ។ នៅមួយម៉ោងមុនការវាយប្រហារ ប្រជាជនក្មេងចាស់ ប្រុសស្រីបានតម្រង់ជួ រង់ចាំ ឡើងរថភ្លើង ដើម្បីរត់គេចពីតំបន់ដុនបាស់ ដែលជាគោលដៅ វាយប្រហារដ៏ធំរបស់កងទ័ពរុស្ស៊ី។ នៅក្រោយរុស្ស៊ីប្រកាសបែរទិសដៅ ផ្តោតវាយប្រហារទៅលើតំបន់ដុនបាស់ ដែលស្ថិតនៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន អាជ្ញាធរអ៊ុយក្រែនបានអំពាវនាវឲ្យប្រជាជនចាកចេញជាបន្ទាន់ បើសិនមិនចង់ក្ស័យជីវិតនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។

នៅទីធ្លាក្បែរ ស្ថានីយ៍រថភ្លើង ភ្នាក់ងារអ៊ុយក្រែនបានសំគាល់ឃើញសំណល់មីស៊ីល ដែលមានសរសេរភាសារុស្ស៊ីថា “ដើម្បីកូនរបស់យើង"។ ភ្លាមៗ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី បានសរសេរនៅលើបណ្តាញតេឡេក្រាម រិះគន់ការវាយប្រហារអមនុស្សធម៌បំផុត និងអំពើអាក្រក់របស់រុស្ស៊ី ដែលគ្មានដែនកំណត់។

ប្រមុខការទូតអឺរ៉ុប និងប្រធានគណៈកម្មការអឺរ៉ុបដែលធ្វើដំណើរតាមរថភ្លើងទៅជួបប្រធានាធិបតីអ៊ុយក្រែន នៅទីក្រុងកៀវ ក៏បានសរសេរសារថ្កោលទោស ការវាយប្រហារទៅលើប្រជាជនស៊ីវិល។

នៅក្រោយ មានការចោទប្រកាន់ថា កងទ័ពបានធ្វើការសម្លាប់រង្គាលប្រជាជនអ៊ុយក្រែន នៅទីក្រុងប៊ូតឆា ម៉ូស្គូ បានបដិសេធមិនទទួលខុសត្រូវសាជាថ្មី ដោយថា រុស្ស៊ីគ្មានមីស៊ីលប្រភេទដែលវាយប្រហារទៅលើស្ថានីយ៍រថភ្លើងនៅតំបន់ដុនបាស់កាលពីថ្ងៃសុក្រ។ ក្រសួងការពារជាតិរុស្ស៊ីវិញបានវាយបកចោទប្រកាន់ភាគីអ៊ុយក្រែនវិញ​ថា ជាអ្នកញុះញង់ និង​រៀបចំ​បង្កើត​ការវាយប្រហារដោយខ្លួនឯង ដើម្បីរារាំងកុំឲ្យប្រជាជនអ៊ុយក្រែន ចាកចេញពីតំបន់ដុនបាស់។ សម្រាប់កងទ័ពរុស្ស៊ី អ៊ុយក្រែនមានគោលដៅបង្ឃាំងទុកប្រជាជនស៊ីវិល​របស់ខ្លួន សម្រាប់ធ្វើជាខែលមនុស្ស ទប់ទល់នឹង​រុស្ស៊ី។

យ៉ាងណាក៏ដោយនៅថ្ងៃសុក្រ ក្រសួងការពារជាតិរុស្ស៊ីដដែលបានប្រកាសថា  កងទ័ពរុស្ស៊ីបានបំផ្លាញ ទីតាំងស្តុកអាវុធ និងសំភារៈយោធារបស់អ៊ុយក្រែន នៅ ស្ថានីយ៍រថភ្លើង ចំនួន៣នៅតំបន់ដុនបាស់ ដែលតាមពិត ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ថានីយ៍រថភ្លើង Kramatorsk។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ