អានតួអត្ថបទ
អង់គ្លេស-ចប៉ុន

អង់គ្លេស​និង​ជប៉ុន​គ្រោង​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ឥណ្ឌូប៉ាស៊ីហ្វិក

នៅក្នុង​ដំណើរ​ទស្សនកិច្ច របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ប្រទេស​អង់គ្លេស​ ថ្ងៃនេះ ឡុងដ៍ និង​តូក្យូ អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​យោធា ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង និង​ស្ថិរភាព​​ក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នាយករដ្ឋមន្ត្រីអង់គ្លេស​លោក  Boris Johnsonស្វាគមន៍​សមភាគី​ជប៉ុនលោក​Fumio Kishida ថ្ងៃទី ៥​ឧសភា ២០២២
នាយករដ្ឋមន្ត្រីអង់គ្លេស​លោក Boris Johnsonស្វាគមន៍​សមភាគី​ជប៉ុនលោក​Fumio Kishida ថ្ងៃទី ៥​ឧសភា ២០២២ REUTERS - HANNAH MCKAY
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី អង់គ្លេស លោក ចន ស៊ុន និង​សមភាគីជប៉ុន លោក ហ្វីមីអូ គីស្ហ៊ីដា ត្រូវ​បញ្ជាក់​នៅ​ថ្ងៃនេះអំពីគោលការណ៍​នៃ​​ កិច្ចព្រមព្រៀង​យោគយល់​គ្នា​ទៅវិញ​ទៅ​មក ដែលនឹង​អនុញ្ញាត​ឱ្យ​កងកម្លាំង​យោធា​ជប៉ុន និង​អង់គ្លេស ធ្វើការ​ ហាត់ហ្វឹកហ្វឺន និង​ធ្វើ​ប្រតិបត្តិការ រួម​គ្នា។ អង់គ្លេស​ជា​ប្រទេស​ដំបូង​គេ​នៅអឺរ៉ុប ដែល​មាន​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន​បែប​នេះ។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស​ដោយ​បន្ថែម​ថា កិច្ចព្រមព្រៀង​យោធា​អង់គ្លេស​ជប៉ុន ជា​ការ​ពង្រឹង​វត្តមាន​របស់​អង់គ្លេស​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និងជា​ពង្រឹង​​សន្តិភាព ​សន្តិសុខ​ពិភពលោក។

អង់គ្លេស​និង​ជប៉ុន​ ជា​ចង្កោម​​ប្រទេស​ចំនួន​១៤​ដែល​នឹង​បញ្ជូន​ទាហាន​ទៅចូល​រួម​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​របស់​អាមេរិក​និង​ឥណ្ឌូណេស៊ី នៅ​ប្រជុំ​កោះ​ស៊ូម៉ាត្រា និង​កោះ​បូណេអូ ក្រោមផ្ទៃ​នៃ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើងៗ​ជាមួយ​ចិន ដែល​ ​គ្រប់គ្រង​​​​សមុទ្ទ​ចិន​ខាង​ត្បូងអស់​មួយភាគធំ មិន​ខ្វល់​នឹង​សម្រែក​ទាមទារ​របស់​ប្រទេស​ជិតខាង។ សមុទ្ទ​ចិន​ខាង​ត្បូង​ជាផ្លូវ​​ចរាចរណ៍​ពាណិជ្ជកម្ម​​ដ៏​សំខាន់​របស់​ពិភពលោក និង​មាន​ប្រទេស​ចំនួន​១០ រាប់​ទាំង​ឥណ្ឌូណេស៊ីផង ជាប់​ជម្លោះ​ជា​មួយ​ចិន។​​ ប្រឈម​នឹង​មហិច្ឆតា​ចិន អង់គ្លេស​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​​​ជាមួយ​សហរដ្ឋ​អាមេរិក អូស្ត្រាលីទៀត​កាលពីឆ្នាំទៅ។

ក្រៅ​សំណុំ​រឿង​សន្តិសុខ ប្រមុខ​ដឹកនាំជប៉ុនដែល​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោកលំដាប់​ទីបី និង​អង់គ្លេស​ មហាអំណាច​លំដាប់​លេខ​៥ មិន​ភ្លេច​ជជែកពិភាក្សា​គ្នា​អំពីសង្គ្រាម​នៅ​អ៊ុយក្រែន ​​បរិស្ថាន និង​ការ​ធ្វើ​អន្តរកាលថាមពលស្អាតដែល​ជា​ការ​ចូល​រួម​ចំណែក​​ផ្តល់​​ជម្រើស​ថ្មី​សម្រាប់​មក​ជំនួស​ការ​ប្រើប្រាស់​​ប្រេងកាត និង​ឧស្ម័ន​នាំមកពី​រុស្ស៊ី។ សូម​បញ្ជាក់​ថា ជប៉ុន​ជា​ប្រទេសដ៏​កម្រ​មួយ​​ក្នុង​ទ្វីបអាស៊ីដែល​គាំទ្រ និង​ចូល​រួម​ជា​មួយ​​ក្រុមបស្ចិមលោក​ ដោយ​ចំហ និង​ច្បាស់លាស់​ ក្នុង​ការដាក់ទណ្ឌកម្មរុស្ស៊ី ពីបទ​ឈ្លានពាន​អ៊ុយក្រែន។ ជំហរ​គាំទ្រ ដែល​បានធ្វើ​ឱ្យ​​លោកនាយករដ្ឋមន្ត្រី គីស្ហ៊ីដា និងពលរដ្ឋ​ជប៉ុន​​ជាង​៦០​នាក់​​ផ្សេង​ទៀត ក្លាយ​ជា​បុគ្គល​ដែល​រុស្ស៊ី​មិន​ស្វាគមន៍​ឱ្យចូល​​ជាន់​ទឹកដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ