អានតួអត្ថបទ
បារាំង-រូម៉ានី-ម៉ុលដាវី

ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចក្នុងប្រទេសរូម៉ានី និងម៉ុលដាវីដែលជាប់ព្រំដែនអ៊ុយក្រែន

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​រូម៉ានី​នា​ថ្ងៃ​អង្គារ ទី១៤ មិថុនា និង​នៅ​ក្នុង​ប្រទេស​ម៉ុលដាវី​នា​ថ្ងៃ​ពុធ ទី១៥ មិថុនា។ នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន រូម៉ានី និង​ម៉ុលដាវី​ដែល​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន​ជា​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​សង្រ្គាម​មួយ​នេះ​ខ្លាំង​ជាង​គេ។ ទីកន្លែង​ដែល​លោក​ម៉ាក្រុង​ត្រូវ​ទៅ​មុន​គេ​នៅ​ក្នុង​ទឹកដី​រូម៉ានី គឺ​មូលដ្ឋាន​យោធា​មួយ​ដែល​មាន​វត្តមាន​ទ័ពបារាំង និង​ទ័ព​បែលហ្សិក​ដែល​ជា​កម្លាំងទ័ព​ក្នុង​ក្របខណ្ឌ​អង្គការ​អូតង់។

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង REUTERS - JOHANNA GERON
ផ្សាយពាណិជ្ជកម្ម

មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​រូម៉ានី​ដែល​លោក​ម៉ាក្រុង​បំពេញ​ទស្សនកិច្ច​មាន​ឈ្មោះ មីហាអ៊ីល-កូហ្កឺនីចានូ (Mihail-Kogalniceanu) ស្ថិត​ក្បែរ កំពង់ផែ​ដ៏​ធំ​នៅ​សមុទ្រ​ខ្មៅ​ឈ្មោះ កុងស្តង់ចា (Constanta)។ មាន​ទាហាន​អូតង់​ចំនួន ៨០០នាក់​កំពុង​ឈរ​ជើង​នៅ​មូលដ្ឋាន​យោធា​មីហាអ៊ីល-កូហ្កឺនីចានូ ក្នុង​នោះ​មាន​ទាហាន​បារាំង​ចំនួន ៥០០នាក់​ដែល​ជា​កម្លាំង​ប្រតិកម្ម​រហ័ស​របស់​អង្គការ​អូតង់។ ចំនួន​ទាហាន​អូតង់​នៅ​លើ​មូលដ្ឋាន​យោធា​មួយ​នេះ​នឹង​កើន​ដល់ ១ ០០០នាក់​នៅ​ដំណាច់​ឆ្នាំ ២០២២ នេះ។ នៅ​ក្រោយ​ការ​សួរ​សុខទុក្ខ​ទាហាន​បារាំង លោក​ម៉ាក្រុង​ចូល​ជួប​នាយករដ្ឋមន្រ្តី​រូម៉ានី និង​ត្រឡប់​ទៅ​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​នៅ​មូលដ្ឋាន​យោធា​ដដែល​នោះ​វិញ។

នៅ​ថ្ងៃ​បន្ទាប់​ក្នុង​ថ្ងៃ​ពុធ ទី១៥ មិថុនា លោក​ម៉ាក្រុង​នឹង​មាន​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​រូម៉ានី​លោក​ខ្លៅ យោហានីស។ ប្រធានបទ​ដែល​លោក​ម៉ាក្រុង និង​លោក​យោហានីស​នឹង​លើក​យក​ទៅ​ជជែក​រួម​មាន សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ឬ​មួយ​ក៏​សំណើ​សុំ​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប​របស់​ប្រទេស​អ៊ុយក្រែន ហ្សកហ្ស៊ី និង​ម៉ុលដាវី​ដែល​ក្រុមប្រឹក្សាអឺរ៉ុប​នឹង​លើក​យក​ទៅ​សិក្សា​នៅ​សប្តាហ៍​ក្រោយ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ពុធ ទី១៥ មិថុនា​ដដែល ប្រធានាធិបតី​បារាំង​បន្ត​ដំណើរ​ទៅ​កាន់​ម៉ុលដាវី​ដែល​ជា​ប្រទេស​មួយ​ទៀត​កំពុង​ប្រឈម និង​កំពុង​ស្គាល់​អស្ថិរភាព​ដោយសារ​សង្រ្គាម​នៅ​អ៊ុយក្រែន។

នៅ​ម៉ុលដាវី លោក​ម៉ាក្រុង​នឹង​ចូល​ជួប​ប្រធានាធិបតី​លោកស្រី​ម៉ាយ៉ា សានឌូ​ដែល​មាន​ជំហរ​គាំទ្រ​អឺរ៉ុប។ គឺ​ជា​ឱកាស​មួយ​ដែល​លោក​ម៉ាក្រុង​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​ម៉ុលដាវី​ដែល​ជា​ប្រទេស​តូច និង​ជា​ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​អឺរ៉ុប។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ម៉ុលដាវី​កំពុង​ទទួល​ជនភៀសខ្លួន​អ៊ុយក្រែន​ជិត ១០០ ០០០នាក់​ឲ្យ​ជ្រកកោន។ ក្នុង​ពេល​មាន​វត្តមាន​នៅ​រូម៉ានី និង​ម៉ុលដាវី​ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន​ពេល​នេះ តើ​លោក​ម៉ាក្រុង​អាច​ឆ្លៀត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ដែរ ឬ​ទេ?។ វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​បន្ត​មិន​បញ្ជាក់ និង​មិន​បដិសេធ​ដោយ​ត្រឹម​ឆ្លើយ​ថា មាន​ជម្រើស​ច្រើន​កំពុង​ធ្វើ​ការ​សិក្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ