អានតួអត្ថបទ

សង្រ្គាមអ៊ុយក្រែន៖ អង្គការ​ការពារ​សិទ្ធិមនុស្ស​HRW​បរិហារុស្ស៊ី​ថា​បាន​រំលោភច្បាប់សង្រ្គាម

ការជំនុំជម្រះ​ដោយមិនស្មើភាព ទៅលើ​អ្នកទោសឈ្លើយសឹកសង្រ្គាម គឺជា​បទឧក្រិដ្ឋកម្ម​សង្រ្គាម។ អ្នកនាំពាក្យ​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាននិយាយ​រំលឹក​យ៉ាងដូច្នេះ ​នៅបន្ទាប់ពី​តុលាការ​របស់​ពួកឧទ្ទាមរុស្ស៊ី និយម​សម្រេច​ផ្តន្ទាទោស ប្រហារជីវិត​ទាហាន​បរទេស​បីរូប កាលពី​ព្រហស្បតិ៍​ទី ៩​មិថុនា។ នៅថ្ងៃ​សុក្រទី ១០​មិថុនា អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Right Watch​បាន​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ស្តីពី​ការវាយប្រហារ​របស់​កងទ័ព​ទៅលើក្រុង​ឆេនៀវ Tchernihiv ដែលស្ថិតនៅ​ចម្ងាយ​១២០គីឡូម៉ែត្រ​ពី​រដ្ឋធានីកៀវ។ ក្រុង​ឆេនៀវ​ធ្លាប់ត្រូវ​កងទ័ពរុស្ស៊ី ឡោមព័ទ្ធ​ពេញមួយខែមីនាកន្លង។ បន្ទាប់ពីបាន​ចុះ​ទៅដល់​កន្លែងកើតហេតុ នៅ​ខែ​មេសា និង​បាន​ប្រមូល​ភស្តុតាង និង​រូបភាព​ផ្កាយរណប​ជាច្រើន អង្គការ​ការពារ​សិទ្ធិមនុស្ស​អាច​បញ្ជាក់ថា រុស្ស៊ី​បាន​រំលោភ​អនុសញ្ញា កំពុងចូលជាធរមាន ព្រោះ​រុស្ស៊ី បាន​សម្លាប់ប្រជាជន​ស៊ីវិល។ យើងស្តាប់​លោកស្រីប៊ែលគី វីឡេ Belkis Wille អ្នកស៊ើបអង្កេត​ម្នាក់​របស់​អង្គការ Human Right Watch ដែលបាន​ចុះ​ស៊ើបអង្កេតផ្ទាល់​នៅទីក្រុង​ឆេនៀវ។

ស្រ្តីអ្នកភូមិអ៊ុយក្រែន Valentyna Sherba អាយុ​៦៨ឆ្នាំ​ឈរ​នៅក្បែរ​ខ្មោច​យន្តហោះ​នៅក្បែរ​ក្រុង Chernihiv ភាគខាងជើង​អ៊ុយក្រែន នៅខែ​មេសា ២០២២
ស្រ្តីអ្នកភូមិអ៊ុយក្រែន Valentyna Sherba អាយុ​៦៨ឆ្នាំ​ឈរ​នៅក្បែរ​ខ្មោច​យន្តហោះ​នៅក្បែរ​ក្រុង Chernihiv ភាគខាងជើង​អ៊ុយក្រែន នៅខែ​មេសា ២០២២ AP - Francisco Seco
ផ្សាយពាណិជ្ជកម្ម

“មិត្តរួមការងារ និង​ខ្ញុំ​បានចំណាយ​ពេល​យ៉ាងតិច​មួយសប្តាហ៍ នៅ ឆេនៀវ ដើម្បី​ស៊ើបអង្កេត​លើ​ការវាយប្រហារ​កាលពី​ខែមេសា។ បន្ទាប់មក យើង​បាន​ចំណាយ​ពេល​ដ៏ច្រើន​ទៅលើ​ការវិភាគ គ្រប់មុខ ដែលមាន​តាំង​ពី​រូបភាពផ្កាយរណប រូបថត វីដេអូដែលគេ​បង្ហោះ​នៅលើអ៊ីនធ័រនែត។ ធ្វើដូច្នេះ គឺ​ដើម្បី​ទទួលបាន​រូបភាព​ពេញលេញ បន្ថែមពីការស៊ើបអង្កេត​ផ្ទាល់ នៅ​កន្លែង​កើតហេតុ ដូចជា​នៅ​ឆេនៀវ និង​បន្ថែម​ពីលើ​ការអះអាង​របស់​សាក្សី ដែល​យើង​បានជួបសម្ភាសន៍។

ការវាយប្រហារ​មួយចំនួន ដែល​យើងបាន​ស្រាវជ្រាវ បាន​បង្ហាញ​យ៉ាងច្បាស់​ក្រឡែត​ពី​ការ​រំលោភច្បាប់​សង្រ្គាម។ ឧទាហរណ៍ ការវាយប្រហារ​ទៅលើ​ទីតាំង​មួយកន្លែង បាន​សម្លាប់​ប្រជាជនស៊ីវិល ៤៧នាក់។ នៅក្នុង​តំបន់​ដែលរងការវាយប្រហារនោះ យើង​មិនបាន​ឃើញ ទីតាំង​យោធា​អ៊ុយក្រែន ដែលអាច​ជា​ផ្ទាំងស៊ីបនោះទេ។ ប្រតិបត្តិការរបៀបនេះ គឺ​ជា​ប្រភេទ​ប្រតិបត្តិការ​ដែល​អ្នកស្រាវជ្រាវ របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ​ឬ​រដ្ឋអាជ្ញា​អ៊ុយក្រែន ក៏ដូចជា​របស់​ប្រទេស​អឺរ៉ុប​ចង់​ស៊ើបអង្កេត ហើយនិង​អាច​​ចង់​ស្វែងរក​អ្នកទទួលខុសត្រូវ​ដែលបាន​បញ្ជា​ឲ្យមានការវាយប្រហារ​យ៉ាងដូច្នេះ”៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ