អានតួអត្ថបទ
G20-រុស្ស៊ី

សង្រ្គាមអ៊ុយក្រែន៖ លោកពូទីនគំរាមថា អ្វីៗនៅមិនទាន់ចាប់ផ្តើមមែនទែន​នៅឡើយទេ

ខណៈពេល​ដែល​ទីក្រុង​របស់​អ៊ុយក្រែន នៅតំបន់​ដុនបាស់ កំពុង​រងការវាយប្រហារ​កាន់តែ​សន្ធប់​ពីសំណាក់កងទ័ពរុស្ស៊ី លោកប្រធានាធិបតី ពូទីន បាន​គំរាម​ក្រុមប្រទេស​ខាងលិច ថា រុស្ស៊ី​នៅមិនទាន់​ចាប់ផ្តើម​អ្វីៗ​មែនទែន​នៅឡើយទេ នៅអ៊ុយក្រែន។ នៅថ្ងៃ​សុក្រ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​បានដើរចេញពី​កិច្ចប្រជុំ​ក្រុមប្រទេស​ G20 នៅទីក្រុង​បាលី ជាទី​ដែលប្រមុខការទូត​អាមេរិក និង​អឺរ៉ុបរិះគន់​ខ្លាំងៗ ប្រទេស រុស្ស៊ី ក្នុងរឿង​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។

លោកពូទីន​នៅក្នុងជំនួបប្រជុំ​ជាមួយ​សមាជិកសភារុស្ស៊ី កាលពីថ្ងៃទី ៧កក្កដា ២០២២
លោកពូទីន​នៅក្នុងជំនួបប្រជុំ​ជាមួយ​សមាជិកសភារុស្ស៊ី កាលពីថ្ងៃទី ៧កក្កដា ២០២២ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ប្រមុខការបរទេស​រុស្ស៊ី លោក​ស៊ែរហ្គេយ ឡាវរ៉ូវ​បានងើបដើរចេញពី​បន្ទប់ប្រជុំG20 នៅពេល​រដ្ឋមន្រ្តីការបរទេស​អាល្លឺម៉ង់​ឡើង​និយាយ​រិះគន់​រុស្ស៊ី​ក្នុង​រឿង​ធ្វើសង្រ្គាមនៅ អ៊ុយក្រែន។ កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តីការបរទេស​របស់​ក្រុមប្រទេស​G20 ដែលមាន​ឥណ្ឌូណេស៊ី​ជាម្ចាស់ផ្ទះ​បានបើកទ្វារ​ជាមួយ​សេចក្តីអំពាវនាវ​របស់​រដ្ឋមន្រ្តីការបរទេស​របស់ឥណ្ឌូណេស៊ី ដើម្បី​ឲ្យគេ​ដោះស្រាយ​ជម្លោះ​នៅលើតុចរចា ជាជាង​ការធ្វើសង្រ្គាម​នៅសមរភូមិ ដែល​កំពុង​ជះផលអាក្រក់នៅក្នុងពិភពលោក ដូចជា​ទៅលើ​បញ្ហាស្បៀង ថាមពល និង​ថវិកា។ ដាក់ខ្លួន ជាប្រទេស​អព្យាក្រឹត ឥណ្ឌូណេស៊ី​អញ្ជើញ​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​ឲ្យ​ចូលរួមផ្ទាល់​ក្នុងកិច្ចប្រជុំ G20 ទោះបីមានការប្រឆាំង​របស់​អាមេរិក។

តាមមន្រ្តីការទូត​ជាច្រើន​ដែលដកស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP រដ្ឋមន្រ្តីការបទេស​រុស្ស៊ី អវត្តមានផងដែរ នៅក្នុងកិច្ចប្រជុំ​ដែល​មាន​បទអន្តរាគមន៍​របស់​រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន និងរបស់​រដ្ឋមន្រ្តីអាមេរិក ដែលបាន​បរិហាររិះគន់​រុស្ស៊ីថា ជាអ្នកទទួលខុសត្រូវ នៃការផ្ទុះឡើង​វិបត្តិស្បៀង និង​ថាមពល​ក្នុង​ពិភពលោក និង​បាន​ទាមទារ​ឲ្យ​រុស្ស៊ី​បើក​ផ្លូវ​ឲ្យគេ​នាំចេញស្រូវសាលី​អ៊ុយក្រែនឡើងវិញ។

ឆ្លើយតប​ទៅវិញ ប្រមុខការបរទេស​រុស្ស៊ី​និយាយ​ថា លោក​នឹង​មិនរត់តាម​អាមេរិក​ដើម្បី សុំឲ្យ​មាន​ការចរចា និងថា ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​ប្រើ​វេទិកាG20​ដើម្បី​ចោទប្រកាន់​រុស្ស៊ី ប៉ុន្តែ មិនមែន​ក្នុង​គោលដៅ​ដោះស្រាយវិបត្តិធំៗ​របស់​ពិភពលោក។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​អាល្លឺម៉ង់ ការងើប​ដើរ​ចេញ​ពីបន្ទប់ប្រជុំ​របស់​ប្រមុខ​ការបរទេស​រុស្ស៊ី ស្តែងឲ្យ​កាន់តែច្បាស់ពី​អាកប្បកិរិយា​របស់​រុស្ស៊ី​ដែល​មិន​ចង់​ចរចា ដើម្បី​បិទបញ្ចប់​វិបត្តិ​ស្បៀង​ក្នុងពិភពលោក។

នៅក្នុងកិច្ចប្រជុំជាមួយសមាជិក​សភា​រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​បាន​និយាយថា រុស្ស៊ី​មិន​បដិសេធ​ការចរចា​ដើម្បី​សន្តិភាព ប៉ុន្តែ លោក​នៅ​បាន​គំរាម​អ្នក​ដែល​បដិសេធ​ការចរចា​ជាមួយ​រុស្ស៊ី ថា បើសិន​គេ​ចេះតែ​ពន្យារពេល នោះគេ​កាន់តែ​ពិបាក​ក្នុងការចរចា​ជាមួយ​រុស្ស៊ី។

ដោយ​និយាយ​យោងទៅដល់​សហរដ្ឋអាមេរិក និងបណ្តា​ប្រទេស​អឺរ៉ុប​ដែល​ផ្តល់សព្វាវុធ​ដល់​អ៊ុយក្រែន ដើម្បី​ទប់ទល់​នឹង​កងទ័ព​រុស្ស៊ី លោកពូទីន​បាន​ផ្គើន​ដាក់ក្រុមប្រទេស​លោកខាងលិច​ថា រុស្ស៊ី​នៅមិនទាន់​ចាប់ផ្តើម​អ្វី​មែនទែននៅឡើយទេ នៅ​អ៊ុយក្រែន។

នៅលើ​ទីតាំងសមរភូមិប្រយុទ្ធ​នៅ តំបន់​ដុនបាស់ ភាគខាងកើត​អ៊ុយក្រែន កងទ័ព​រុស្ស៊ី​បានដណ្តើមទឹកដី​កាន់តែច្រើន និង​បាន​បង្កើនការវាយប្រហារ បាញ់បំផ្លោង​ទៅ​លើ​ទីក្រុង ដែល​នៅសេសសល់ ស្ថិតក្រោមការគ្រប់គ្រង​របស់អ៊ុយក្រែន។ កងទ័ព​អ៊ុយក្រែន ដែលបាន​ដកខ្លួន​ថយ បណ្តើរៗ ដោយសារ​ការវាយប្រហារ​ដ៏សន្ធប់​របស់​កងទ័ព​រុស្ស៊ី បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បាញ់​ដោយ​ចេតនា​សំដៅ​ផ្ទះសម្បែង និង​សម្លាប់​របស់​ប្រជាជន​ស៊ីវិល នៅទីក្រុង​ក្រាម៉ូតូស្ក៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ