អានតួអត្ថបទ
ចិន-កំណើតទារក

អត្រា​កំណើត​ទារក​នៅចិន បាន​ធ្លាក់​ចុះខ្លាំង ក្នុង​រវាង​​៤០ឆ្នាំ​ចុងក្រោយ

អត្រាកំណើតទារក នៅក្នុង​ប្រទេសចិន បានធ្លាក់ចុះទាបខ្លាំងណាស់ បើគិតប្រៀបធៀបនឹងតួលេខ ក្នុង​រវាង​៤០ឆ្នាំចុងក្រោយនេះ។ អត្រាកំណើតធ្លាក់ចុះ បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិន បានព្យាយាម​បន្ធូរបន្ថយ​គោលនយោបាយ​កូនតែ១ និង​បានជំរុញលើកទឹកចិត្ត ឲ្យ​ប្រជាជនចិន មានកូន​២ ទៅ៣នាក់ក៏ដោយ។

កុមារចិន អង្គុយនៅលើទីលានធានអានមិន ថ្ងៃទី១៥ កក្កដា ២០២១
កុមារចិន អង្គុយនៅលើទីលានធានអានមិន ថ្ងៃទី១៥ កក្កដា ២០២១ © AP Photo/Ng Han Guan
ផ្សាយពាណិជ្ជកម្ម

បើទោះបីជាឆ្លងកាត់វិបត្តិកូវីដ​១៩ ដែលបានបង្ខំប្រជាជនចិន ឲ្យសំងំនៅតែក្នុងផ្ទះ ក៏ប៉ុន្តែអត្រា​បង្កកំណើត និងកំណើតទារក នៅក្នុងប្រទេសចិន មិនបានកើនឡើងទេ។ ក្នុងឆ្នាំ​២០២០ អត្រាកំណើតទារក មានត្រឹមតែ ៨.៥២ សម្រាប់ប្រជាជន​១០០០នាក់។ នេះបើផ្អែកតាម​តួលេខផ្លូវការ របស់ការិយាល័យស្ថិតិប្រជាជនចិន ចេញផ្សាយ​នៅថ្ងៃទី​២៤វិច្ឆិកា។

តួលេខនេះ គឺជាកម្រិតកំណើតទារកទាបបំផុត បើគិតពីឆ្នាំ​១៩៧៨មក។ កាលពីឆ្នាំ​២០១៩ អត្រាកំណើតទារក មានចំនួន ១០.៤១កំណើត សម្រាប់ប្រជាជន​១០០០នាក់ ដែលជាកម្រិតមួយទាបខ្លាំងណាស់ទៅហើយ។

គួរកត់សំគាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិន បានធ្វើកំណែទម្រង់ច្រើនណាស់ ដើម្បីជំរុញ​លើកទឹកចិត្ត ឲ្យ​ប្រជាជនខ្លួន យកកូន​ឲ្យ​លើសពី១។ កាលពីឆ្នាំ​២០១៦ រដ្ឋចិនបានអនុញ្ញាតឲ្យ​ប្រជាជនអាចមានកូន២នាក់ ហើយនៅឆ្នាំ​២០២១នេះ រដ្ឋចិន ទើបអនុញ្ញាត ឲ្យ​ប្រជាជនមានកូន​ដល់ទៅ៣នាក់។ តែយ៉ាងណា ការបន្ធូរបន្ថយ​ទាំងនេះ ហាក់មិនបានជំរុញ​ឲ្យ​ប្រជាជន​ចិន សម្រេចយកកូនច្រើននោះទេ ដោយសារតែការចំណាយ​ប្រចាំថ្ងៃ និង​ក្នុងការរៀនសូត្ររបស់​កុមារ មានតម្លៃកាន់តែខ្ពស់ខ្លាំង។

ជាងនេះទៀត នៅក្នុងឆ្នាំ​២០២០កន្លងទៅ ចំនួន​អាពាហ៍ពិពាហ៍ ក៏បានធ្លាក់ចុះផងដែរ ក្នុងកម្រិតទាបបំផុត ក្នុងរវាង​ប្រមាណ​១៧ឆ្នាំចុងក្រោយនេះ។ នៅទូទាំងប្រទេសចិន មានប្តីប្រពន្ធចំនួន​តែ ៨.១៤លានគូតែប៉ុណ្ណោះ ដែលបានចាប់ដៃគ្នា​ចូលរោងការ នៅក្នុងឆ្នាំ​២០២០។ ដោយឡែក ករណី​លែងលះគ្នា ក៏បានចុះថយដែរ ក្នុងឆ្នាំ២០២០ បន្ទាប់ពីរដ្ឋចិន បានដាក់កំហិតឲ្យ​ប្តីប្រពន្ធដែលចង់លែងលះគ្នា ត្រូវ​គិតពិចារណាឡើងវិញ រយៈពេលមួយខែ មុន​នឹងបើកនីតិវិធីលែងលះជាផ្លូវការ។ តែយ៉ាងណាក៏ដោយ កម្រិតធ្លាក់ចុះ ទាំងការរៀបអាពាហ៍ពិពាហ៍ និងការលែងលះ មួយផ្នែកធំ គឺអាចបណ្តាលមកពីស្ថានភាពឆ្លងរាលដាលកូវីដ១៩ នៅក្នុងឆ្នាំ​២០២០កន្លងទៅ។

តែយ៉ាងណាក៏ដោយ អត្រាតួលេខស្ថិតិរបស់ចិន ជាទូទៅពិបាកឲ្យ​គេទុកចិត្តណាស់។ យោងតាមទីភ្នាក់ងារ Bloomberg បានសង្កេតឃើញភាពខុសគ្នាខ្លាំង រវាងអត្រាតួលេខរបស់​ការិយាល័យស្ថិតិចិន និង​លទ្ធផលធ្វើជំរឿន​ប្រជាជនរៀងរាល់១០ឆ្នាំម្តង។​ ក្នុងហេតុផលនេះ​ អត្រាកំណើតទារកនៅក្នុងប្រទេសចិន រវាងពីឆ្នាំ​ ២០០០ ដល់២០១០ ក្នុងភាពជាក់ស្តែង ប្រហែលជាអាចលើសតួលេខ​ផ្លូវការ ចំនួន​១១.៦លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ