អានតួអត្ថបទ
បារាំង-ភ្លើងឆេះព្រៃ

អឺរ៉ុបសម្តែង​សាមគ្គីភាព​ជួយ​បារាំង​ពន្លត់​ភ្លើង​ឆេះ​ព្រៃ

​ដោយ​ហេតុ​តែ​ភាព​រាំង​ស្ងួត​ខ្លាំង និង​រលក​កម្តៅ​​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ ព្រៃឡើង​​ស្ងួតខ្លាំង​ ភ្លើង​ក៏​ងាយ​នឹង​​ឆាប​ឆេះ​យ៉ាង​លឿន​រហ័ស​ និង​សន្ធោសន្ធៅ​បំផុត។ បារាំង កំពុង​រង​គ្រោះភ្លើង​ឆេះ​ព្រៃដ៏​ធ្ងន់ធ្ងរ​បំផុត​ ជា​លើក​ទីពីរ​ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង។ នៅចំពោះ​ស្ថានភាព​បែប​នេះ សមាជិក​សហភាពអឺរ៉ុប​ជា​ច្រើនប្រទេស​ បាន​នាំ​គ្នាសម្តែង​សាមគ្គីភាពអឺរ៉ុប ​បញ្ជូន​កម្លាំង​មក​ជួយ​ក្រុម​ពន្លត់​អគ្គីភ័យ​បារាំង ជាង​មួយពាន់​នាក់ ដែល​តតាំង​នឹងភ្លើង​ឆេះ​ព្រៃ​ជា​កន្លែង​ ក្នុង​ពេល​តែ​មួយ។

​ភ្លើង​ឆេះ​ព្រៃនៅ​Gironde ប្រទេស​បារាំង​ កាលពី​ថ្ងៃទី ១៤​កក្កដា ២០២២
​ភ្លើង​ឆេះ​ព្រៃនៅ​Gironde ប្រទេស​បារាំង​ កាលពី​ថ្ងៃទី ១៤​កក្កដា ២០២២ © AP
ផ្សាយពាណិជ្ជកម្ម

ដោយ​​មិន​រាប់​គ្រោះ​ភ្លើង​ឆេះព្រៃតូចៗ​ជា​ច្រើន​និង​ជា​រៀង​រាល់​ថ្ងៃ​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស គិត​ត្រឹម​​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ១១​សីហានេះ មាន​​ភ្លើងព្រៃ​​ឆាប​​ឆេះខ្លាំង នៅគ្រប់​ជ្រុង​នៃ​ប្រទេស ព្រៃ​Juraនៅ​ភាគ​ខាង​កើត ព្រៃ​ដូម អាវៃរ៉ុង ឡូហ្សែរ នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ ... ប៉ុន្តែ​ភ្លើង​នៅ​​​ព្រៃនៅខេត្ត​ ​Gironde ​ភាគ​និរតីនៃ​ប្រទេស​ ​កំណាច​គួរ​ឱ្យ​រន្ធត់​ជាង​គេ។ ក្នុង​ពេល​តែមួយ​យប់ អណ្តាតភ្លើង​ដែល​កាលពី​ជិត​មួយ​ខែ​មុន បាន​កម្លោច​ព្រៃនៅតំបន់​នេះ​​អស់​ជាង​១៤០០០​ហិចតារហើយ បាន​ត្របាក់​ព្រៃ​​អស់​៦៨០០​ហិចតារបន្ថែម​ទៀត។

ប្រឈម​នឹង​គ្រោះ​ភ្លើង​ឆេះ​ជា​ប្រវត្តិសាស្ត្រ​ដូច្នេះ​ បារាំង ដែល​ពង្រឹង​​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះ​អគ្គី ដោយ​ប្រមូល​ផ្តុំ​អ្នក​ពន្លត់​អគ្គីភ័យ​ជាង​មួយពាន់​នាក់ យន្តហោះ​៩គ្រឿង​និង​ឧទ្ធម្ភាគចក្របាញ់​ទឹក​២គ្រឿង​ ​​​បាន​អំពាវនាវ​សុំ​ជំនួយពី​​សមាជិក​សហភាពអឺរ៉ុបដូច​គ្នា។ អាល្លឺម៉ង់ ក្រិក ប៉ូឡូញ រ៉ូម៉ានី អូទ្រីស ​បាន​ប្រកាស​ផ្តល់​ជំនួយ​ ជា​កម្លាំង​និង​សម្ភារៈ​ភ្លាម។ ក្រុម​ពន្លត់​អគ្គីភ័យនិង​យានយន្តពន្លត់ភ្លើង អាល្លឺម៉ង់​ និង​ប៉ូឡូញ ត្រូវ​មក​ដល់​បារាំង​យ៉ាង​យូរ​នៅ​រសៀល​​ថ្ងៃ​សុក្រ។ ចំណែក​សហភាព​អឺរ៉ុប​នឹង​បញ្ជូន​យន្តហោះ​ពន្លត់​អគ្គីភ័យ​៤គ្រឿង​មក​ពី​ក្រិក​និង​ស៊ុយអែត។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មការអឺរ៉ុប។

ហេតុ​អ្វី​បាន​ជា​បារាំង​រងគ្រោះ​ខ្លាំង​ ? មេឃ​ក្តៅ​ខ្លាំង ដីស្ងួត ហើយ​គ្មាន​ភ្លៀង​ ជា​គ្រឿង​ផ្សំ​នាំឱ្យ​ងាយ​កើត​ជា​ភ្លើង​។ ដូច​អេស្ប៉ាញ​និង​ព័រទុយហ្កាល់ ចំនួន និង​ទំហំ​មហន្តរាយ​នៃ​​ភ្លើង​ឆេះ បាន​កើនឡើង​ខ្ពស់​ជាង​មធ្យមភាគ​ប្រចាំ​​កាលពី​១៥​ឆ្នាំ​មុន​ឆ្ងាយណាស់ ហើយ​រដូវក្តៅ​នៅមិន​ចប់​ផង។ ជា​សរុបនៅឆ្នាំ​នេះ ​ ភ្លើង​បាន​បំផ្លិចបំផ្លាញ​ព្រៃ​អស់​ជាង​៤ម៉ឺន​ហិចតារ នេះ​បើតាម​តួលេខ​របស់​រដ្ឋាភិបាល​បារាំង តែ​ដល់​ទៅ​ជាង​៥ម៉ឺន​ហិចតារ​បើ​តាម​ទិន្នន័យផ្កាយ​រណបអឺរ៉ុប។ នៅចំពោះ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​បារាំង បានគូស​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាធាតុ និង​ត្រៀម​រៀប​ចំ​​ផែនការជាតិ​ដើម្បី​​សម្របទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ​នៅពេល​ត្រលប់​ពី​វិស្សមកាលមកវិញ។

​អ្នក​វិទ្យាសាស្ត្រ​ ព្យាករ​ថា យោល​ទៅ​តាមកំរិត​នៃការ​ប្រែប្រួល​អាកាសធាតុ ​អឺរ៉ុបអាច​​នឹង​មាន​ចំនួនមនុស្ស​ស្លាប់​​កើនឡើង​មួយ​ទ្វេជាពីរ ឬ​ដល់​​មួយជា​បីផង ដោយសារ​កម្តៅ។ ក្រៅពី​ងាយ​មាន​គ្រោះ​ភ្លើង​ឆេះ​ព្រៃ ការឡើង​កម្តៅ​អាកាសធាតុ​មធ្យម និង​បំរែបំរួល​ទឹក​ភ្លៀង​ល្មមៗ ក៏​អាច​ធ្វើ​ឱ្យ​ព្រៃ​នៅអឺរ៉ុប នៅ​តំបន់​អឌ្ឍគោល​ខាង​ជើង​ រហូត​រុស្ស៊ី អាឡាស្កា និង​កាណាដា ប្រឈម​នឹងគ្រោះ​ឆេះ​ព្រៃ​កាន់​តែញឹកញាប់​ខ្លាំង​ ហើយ​បំផ្លាញ​ដោយ​ប្រភេទ​ឈើ​ផ្សេង​ដែល​ធន់​នឹង​កម្តៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ