អានតួអត្ថបទ

ប្រមុខ AIEA ប្រកាសពីការត្រៀមបញ្ចេញរបាយការណ៍ស្តីពីស្ថានភាពនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីចា

នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​លោក​រ៉ាហ្វាអែល ក្រូស៊ី​បាន​ត្រឡប់​ដល់​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​វិញ​ហើយ ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​ប៉ុន្មាន​ម៉ោង​ជាមួយ​ក្រុម​ការងារ​របស់​លោក​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​ក្នុង​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​សន្និសីទកាសែត​មួយ​រៀបចំ​ក្នុង​ទីក្រុង​វីយែន​នា​ថ្ងៃ​សុក្រ ទី២ កញ្ញា លោក​ក្រូស៊ី​បាន​បញ្ជាក់​ថា លោក​នឹង​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​នា​សប្តាហ៍​ក្រោយ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ច្រានចោល​លើ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​អ៊ុយក្រែន និង​ថា លោក​មិន​រង​សម្ពាធ ឬ​ឥទ្ធិពល​ពី​អ្នក​ណា​ទេ។ បន្ទាប់​មក នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​រូប​នេះ​បាន​ពន្យល់​រៀបរាប់​អំពី​ការងារ​ដែល​លោក​បាន​ធ្វើ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា។

ប្រមុខ AIEA លោកក្រូស៊ីប្រកាសពីការបញ្ចេញរបាយការណ៍ស្តីពីស្ថានភាពនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីចានាសប្តាហ៍ក្រោយ។
ប្រមុខ AIEA លោកក្រូស៊ីប្រកាសពីការបញ្ចេញរបាយការណ៍ស្តីពីស្ថានភាពនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីចានាសប្តាហ៍ក្រោយ។ AP - Theresa Wey
ផ្សាយពាណិជ្ជកម្ម

« ដូច​ដែល​អស់​លោក​បាន​ដឹង​រួច​ហើយ ការងារ​ដែល​ខ្ញុំ​បាន​ដឹក​នាំ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១ ដែល​មាន​រយៈ​ពេល​ប៉ុន្មាន​ម៉ោង។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នេះ ខ្ញុំ​អាច​ធ្វើ​ការងារ​បាន​ច្រើន។ មាន​ការងារ​ច្រើន​ណាស់​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា។ ក្រោយ​មក និង​ដូច​អស់​លោក​បាន​ដឹង​រួច​ហើយ មាន​អ្នកជំនាញ​របស់​យើង​ចំនួន ៦នាក់​បាន​បន្ត​ស្ថិត​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា។ ពួក​គេ​ទាំង ៦នាក់​នឹង​បន្ត​ការងារ​ដែល​យើង​បាន​ចាប់​ផ្តើម។

បន្ទាប់​មក​ទៀត យើង​នឹង​រៀបចំ​ឲ្យ​មាន​វត្តមាន​ជា​ប្រចាំ​របស់​អ្នកជំនាញ​យើង​នៅ​ទីនោះ។ វត្តមាន​ជា​អចិន្ត្រៃយ៍​នេះ​នឹង​មាន​គ្នា​តែ ២នាក់​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បន្ត​កាងារ​ជា​បន្ត​ទៀត។ ខ្ញុំ​ចង់​បញ្ជាក់​ថា​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា យើង​បាន​ឃើញ​សកម្មភាព​យោធា​នៅ​ជុំវិញ​មជ្ឈមណ្ឌល​នោះ។ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ និង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​របស់​ខ្ញុំ​ចំពោះ​សកម្មភាព​យោធា​នៅ​ទីនោះ ហើយ​ក្រុម​ការងារ​របស់​ខ្ញុំ​ក៏​បាន​ឃើញ​ដូច​គ្នា​នេះ។

យើង​បាន​ឃើញ​ស្លាកស្នាម និង​រន្ធ​ជា​ច្រើន​នៅ​លើ​ជញ្ជាំង​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ ស្លាកស្នាម និង​រន្ធ​ទាំង​នេះ​កើត​ចេញ​ពី​គ្រាប់កាំភ្លើង និង​អំបែង​គ្រាប់ផ្លោង ឬ​គ្រាប់​មីស៊ីល។ នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា ទីតាំង​នៅ​មជ្ឈមណ្ឌល និង​អគារ​របស់​មជ្ឈមណ្ឌល​នោះ​ត្រូវ​បាន​គេ​បំពាន​មិនមែន​តែ​ម្តង​ទេ គឺ​ច្រើន​លើក ច្រើន​សារ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ