អានតួអត្ថបទ

បារាំង៖តុលាការចាប់បើកសវនាការជំនុំជម្រះករណីភេរវកម្មនៅទីក្រុងនីសកាលពីឆ្នាំ២០១៦

នៅ​ក្នុង​ប្រទេស​បារាំង សវនាការ​ជំនុំជម្រះ​លើ​ករណី​ភេរវកម្ម​នៅ​ទីក្រុង​នីស​កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៦ ចាប់​បើក​ធ្វើ​នា​ថ្ងៃ​ចន្ទ ទី៥ កញ្ញា។ គួរ​រម្លឹក​ថា ភេរវកម្ម​នៅ​ទីក្រុង​នីស​បាន​កើត​ឡើង​ក្នុង​យប់​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៦ ដែល​ជា​ថ្ងៃ​បុណ្យជាតិ​បារាំង។ ក្នុង​យប់​ថ្ងៃ​នោះ បុរស​ម្នាក់​បាន​បើក​ឡានកាមីញ៉ុង​សំដៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​រង់ចាំ​មើល​ការ​បាញ់​កាំជ្រួច។ ឧប្បត្តិហេតុ​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៨៦នាក់ និង​របួស​ជាង ៤៥០នាក់។

នៅបារាំង តុលាការចាប់បើកសវនាការជំនុំជម្រះករណីភេរវកម្មនៅទីក្រុងនីសកាលពីថ្ងៃទី១៤ កក្កដ ឆ្នាំ២០១៦។
នៅបារាំង តុលាការចាប់បើកសវនាការជំនុំជម្រះករណីភេរវកម្មនៅទីក្រុងនីសកាលពីថ្ងៃទី១៤ កក្កដ ឆ្នាំ២០១៦។ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

សវនាការ​ជំនុំជម្រះ​លើ​ករណី​ភេរវកម្ម​នៅ​ទីក្រុង​នីស​កាល​ពី​ជាង ៦ឆ្នាំ​មុន​នឹង​ត្រូវ​ប្រើ​ពេល ៣ខែ​កន្លះ​ដោយ​គ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១៦ ធ្នូ​ខាង​មុខ។ សវនាការ​នេះ​មិន​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​នីស​ដែល​ជា​កន្លែង​កើត​ហេតុ​ផ្ទាល់​ទេ តែ​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដោយ​តុលាការពិសេស​ដែល​ធ្លាប់​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ករណី​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៥។ ទោះ​ជា​យ៉ាង​នេះ​ក្តី ដំណើរការ​សវនាការ​នេះ​នឹង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​កាន់​ទីក្រុង​នីស​នៅ​ក្នុង​បន្ទប់​មួយ​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​សមាជ។

មួយ​វិញ​ទៀត និង​ក៏​ដូច​ជា​សវនាការ​ជំនុំជម្រះ​លើ​ករណី​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៥ សវនាការ​ជំនុំជម្រះ​លើ​ករណី​ភេរវកម្ម​នៅ​ទីក្រុង​នីស​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៦ នឹង​ត្រូវ​ថត​ជា​វីដេអូ​សម្រាប់​រក្សា​ទុក​ជា​ឯកសារ​ប្រវត្តិសាស្រ្ត។ ចំណែក​នៅ​ក្នុង​បន្ទប់​សវនាការ​ជំនុំជម្រះ​លើ​ករណី​ភេរវកម្ម​នៅ​ទីក្រុង​នីស​ពេល​នេះ មាន​វត្តមាន​ជនជាប់ចោទ​ចំនួន ៨នាក់​ដែល​ជា​ជនជាតិ​បារាំង​ដើមកំណើត​ទុយនីស៊ី ជា​ជនជាតិ​ទុយនីស៊ី ឬ​មួយ​ក៏​ជា​ជនជាតិ​អាល់បានី។

តែ​គ្មាន​វត្តមាន​ជន​ដៃដល់​អាយុ ៣១ឆ្នាំ ជនជាតិ​ទុយនីស៊ី​ឈ្មោះ​ម៉ូហាម៉េដ ឡាហ្វេស-ប៊ូលែល​ដែល​ជា​អ្នក​បើក​ឡាន​កាំមីញ៉ុង​សំដៅ​លើ​ហ្វូង​មនុស្ស​ទេ ព្រោះ​រូប​គេ​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។ មួយ​វិញ​ទៀត នៅ​ក្នុង​ចំណោម​ជនជាប់​ចោទ​ទាំង ៨នាក់​ដែល​មាន​វត្តមាន​នៅ​ក្នុង​សវនាការ គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​សមគំនិត​ឃាតកម្ម ឬ​ប៉ុនប៉ង​ឃាតកម្ម​ដោយ​រៀបចំ​ទុក​ឡើយ។ នេះ​ក៏​ដោយសារ​តែ​ការ​ស៊ើបអង្កេត​មិន​អាច​កំណត់​ថា តើ​ពួក​គេ​បាន​ដឹង​ពី​គម្រោង​ធ្វើ​ភេរវកម្ម​ឬ​អត់​ទេ។

ក៏​ប៉ុន្តែ ការ​ស៊ើបអង្កេត​បាន​បង្ហាញ​ពី​ភាព​ជិតស្និទ្ធ​របស់​ពួក​គេ​ជាមួយ​ជន​ដៃ​ដល់​ម៉ូហាម៉េដ ឡាហ្វេស-ប៊ូលែល និង​យល់​ឃើញ​ថា ពួក​គេ​បាន​ដឹង​ច្បាស់​ពី​ការ​ភ្ជាប់​ខ្លួន​របស់​ម៉ូហាម៉េដ ឡាហ្វេស-ប៊ូលែល​ទៅ​នឹង​មនោគមវិជ្ជា​នៃ​ក្រុម​ជីហាត​ប្រដាប់អាវុធ នោះ​បើ​ទោះ​បី​ជា​ការ​ស៊ើបអង្កេត​មិន​បាន​រក​ឃើញ​ពី​ចំណង​ទាក់ទង​ផ្ទាល់​រវាង​ម៉ូហាម៉េដ ឡាហ្វេស-ប៊ូលែល និង​អង្គការ​ជីហាត​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ