អានតួអត្ថបទ
អ៊ីរ៉ង់-អឺរ៉ុប

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មអ៊ីរ៉ង់ពីបទផ្តល់ដ្រូនឲ្យរុស្ស៊ីប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ តុលា ក្រុម​ប្រទេស​សមាជិក​សហភាពអឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​លើ​ទណ្ឌកម្ម​អ៊ីរ៉ង់​ពី​បទ​ផ្តល់​ដ្រូន​ឲ្យ​រុស្ស៊ី​ប្រើ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។ ទណ្ឌកម្ម​នេះ​ជា​លទ្ធផល​ដែល​ប្រទេស​សមាជិក​អឺរ៉ុប​បាន​ជួប​ជជែក​គ្នា​អស់​រយៈពេល ៣ថ្ងៃ។ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​សាទរ​ចំពោះ​ចម្លើយ​ចំណាត់ការ​ដ៏​ឆាប់​រហ័ស​របស់​សហភាពអឺរ៉ុប។ ចំណែក​រុស្ស៊ី​បាន​បរិហារ​ពី​គំនាប​របស់​បស្ចិមប្រទេស​លើ​ប្រទេស​អ៊ីរ៉ង់។ គួរ​បញ្ជាក់​ថា គឺ​អ៊ុយក្រែន​ជា​អ្នក​ដែល​បាន​ស្នើ​ឲ្យ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ក្រោយ​ពី​រុស្ស៊ី​បាន​ប្រើ​ដ្រូន​អ៊ីរ៉ង់​វាយប្រហារ​លើ​ទីក្រុង​កៀវ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំហាន​ដំបូង ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប​ប្រឆាំង​អ៊ីរ៉ង់​ជា​ទណ្ឌកម្ម​បង្ក​ទ្រព្យសម្បតិ​ទៅ​លើ​ឥស្សរជន​យោធា​ជាន់ខ្ពស់​ចំនួន ៣នាក់ និង​ស្ថាប័ន​មួយ។ ឥស្សរជន​យោធា​ជាន់​ខ្ពស់​ទាំង ៣នាក់​មាន​មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ម្នាក់ អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ឡូជីស្ទិក​ម្នាក់ និង​មេបញ្ជាការ​ដ្រូន​នៃ​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ម្នាក់។ ចំណែក​ស្ថានប័ន​មួយ​គឺ​ជា​ក្រុមហ៊ុន​អ៊ីរ៉ង់​ឈ្មោះ Shahed Aviation Industrie ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។ ប្រធានាធិបតី​ប្រទេស​ឆែក​ដែល​ជា​ប្រធាន​ប្តូរវេន​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ក្រៅ​ពី​ឥស្សរជន​យោធា​ជាន់​ខ្ពស់​ទាំង ៣នាក់ និង​ក្រុមហ៊ុន​អ៊ីរ៉ង់​មួយ​នេះ ទណ្ឌកម្ម​នឹង​ត្រូវ​ដាក់​បន្ថែម​ទៅ​លើ​ស្ថានប័ន​អ៊ីរ៉ង់​ចំនួន ៣ទៀត​ដែល​ធ្លាប់​ជាប់​ទណ្ឌកម្ម​អឺរ៉ុប​នា​ពេល​កន្លង​មក។

គួរ​បញ្ជាក់​ថា អ៊ុយក្រែន​ជា​អ្នក​ដែល​បាន​ស្នើ​ក្នុង​ថ្ងៃ​ចន្ទ ទី១៧ តុលា​ឲ្យ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ ក្រោយ​ពី​រុស្ស៊ី​បាន​វាយប្រហារ​ច្រើន​កន្លែង​លើ​ទីក្រុង​កៀវ​ដោយ​ប្រើ​ដ្រូន​អ៊ីរ៉ង់។ ក្នុង​ថ្ងៃ​ពុធ ទី១៩ តុលា កងទ័ព​អ៊ុយក្រែន​បាន​បញ្ជាក់​ពី​ការ​កម្ទេច​បាន​ដ្រូន​អ៊ីរ៉ង់​ចំនួន ២២៣គ្រឿង​តាំង​ពី​ពាក់​កណ្តាល​ខែ​កញ្ញា។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ពុធ​ដដែល​នៅ​អង្គការ​សហប្រជាជាតិ រុស្ស៊ី និង​អ៊ីរ៉ង់​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ពី​ការ​ផ្គត់ផ្គង់ដ្រូន​ដោយ​ក្រុង​តេហេរ៉ង់​ចំពោះ​ក្រុង​មូស្គូ​នៅ​ក្នុង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​សាទរ​លើ​ការ​សម្រេចចិត្ត​ដ៏​ឆាប់​រហ័ស​របស់​អឺរ៉ុប​ប្រឆាំង​អ៊ីរ៉ង់។

« ជា​ចម្លើយ​របស់​យើង​ប្រឆាំង​នឹង​របប​អ៊ីរ៉ង់​ដែល​បាន​ផ្តល់​ដ្រូន​ឲ្យ​រុស្ស៊ី​ដើម្បី​សម្លាប់​ប្រជាជន​អ៊ុយក្រែន​ស្លូតត្រង់ » នេះ​ជា​ប្រតិកម្ម​របស់​នាយករដ្ឋមន្រ្តី​ប្រទេស​ឆែក។ ចម្លើយ​សាទរ​ក៏​មាន​ពី​ភាគី​អ៊ុយក្រែន​ដែរ។ តែ​រុស្ស៊ី​បាន​ចេញ​មុខ​បរិហារ​លើ​ការ​សម្រេចចិត្ត​របស់​សហភាពអឺរ៉ុប​ដោយ​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ថា​ជា​ការ​ដាក់​គំនាប​លើ​អ៊ីរ៉ង់​ពីអាមេរិក និង​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ