អានតួអត្ថបទ
អ៊ីរ៉ង់-អឺរ៉ុប-បាតុកម្ម

អ៊ីរ៉ង់​ដាក់​ទណ្ឌកម្ម​តបនឹង​​អឺរ៉ុបវិញ វិទ្យុបារាំង​អន្តរជាតិ​ជា​ភាសា​ពែក្ស ជាប់ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​មួយដែរ

ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប អ៊ីរ៉ង់បាន​ប្រកាស​នៅថ្ងៃពុធ​ទី ២៦ តុលា​២០២២ ដាក់​ទណ្ឌកម្មវិញ លើ​បុគ្គល​ ស្ថាប័ន និង​សារព័ត៌មាន​​មួយ​ចំនួន​របស់​បារាំង​និង​​អឺរ៉ុប ក្នុង​នោះមាន​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​ពែក្ស​មួយ​ផង​ដែរ។ ​វិទ្យុ​​RFI បាន​បញ្ចេញ​ប្រតិកម្ម​ចាត់​ទុក​ទណ្ឌកម្មអ៊ីរ៉ង់ ជា​លេស​ ក្នុង​ការ​ប៉ុនប៉ង​ពន្លត់សន្ទុះ​បះបោរ​របស់​ប្រជាពលរដ្ឋ​និង​យុវជន​អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ។

Mahsa Amina ស្លាប់​នៅបីថ្ងៃក្រោយ​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ពាក់​ស្បៃ​រុំ​ក្បាល​មិន​ត្រឹម​ត្រូវ
Mahsa Amina ស្លាប់​នៅបីថ្ងៃក្រោយ​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ពាក់​ស្បៃ​រុំ​ក្បាល​មិន​ត្រឹម​ត្រូវ VIA REUTERS - WANA NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ១៧​តុលា សហភាព​អឺរ៉ុប​បាន​អនុម័ត​ទណ្ឌកម្ម​ ដាក់​ប្រឆាំង​នឹងស្ថាប័ន​​ប៉ូលិស​សីលធម៌អ៊ីរ៉ង់ ព្រមទាំងមេដឹកនាំ​១១​នាក់ ដែល​មានពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ចលនា​បាតុកម្ម​ក្រោយ​ការ​ស្លាប់​របស់​នាង​Mahsa Amini កាលពី​ថ្ងៃទី ១៦​កញ្ញា។

នៅថ្ងៃពុធ​ទី ២៦​តុលា ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បានប្រកាស​ដាក់​ទណ្ឌកម្ម ប្រឆាំង​នឹង​សហភាព​អឺរ៉ុបវិញ នូវ​​ស្ថាប័នអឺរ៉ុប​ ចំនួន​ ៨ និង​បុគ្គលរស់​នៅ​អឺរ៉ុប​​ ​ចំនួន១២រូប ពីបទ​គាំទ្រ​ក្រុម​ភេរវនិយម ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​បង្ក​ឱ្យ​មាន​កុប្បកម្ម អំពើ​ហិង្សា​និង​សកម្មភាព​បែប​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ស្ថាប័ន​និង​បុគ្គល​​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​អ៊ីរ៉ង់ ដែល​មិន​អាច​ទទួល​ទិដ្ឋាការ​ចូល​អ៊ីរ៉ង់ និង​ត្រូវ​បង្កក​ទ្រព្យ​ធន​ក្នុង​ដែន​អំណាច​អ៊ីរ៉ង់ មាន​ដូច​ជាក្រុម​​មិត្ត​អ៊ីរ៉ង់​និង​សមាជិក​នៅសភា​អឺរ៉ុប គណៈកម្មាធិការ​ស្វែង​រក​យុត្តិធម៌អន្តរជាតិ​និង​សមាជិក សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជសាសន៍​និង​រើសអើង​ពូជជ្វីហ្វ វិទ្យុអាល្លឺម៉ង់ និង​វិទ្យុ​បារាំងអន្តរជាតិ ជា​ភាសា​ពែក្ស ​តំណាងសភា​អឺរ៉ុប ​និង​អ្នក​នយោបាយបារាំង ព្រមទាំង​និពន្ធនាយក​​សារព័ត៌មាន​អាល្លឺម៉ង់ Bild ពី​រនាក់ទៀត។

វិទ្យុបារាំង​អន្តរជាតិ​RFI បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ចាត់​ទុក​ថា​ទណ្ឌកម្ម​អ៊ីរ៉ង់​ថា​ជា​ការ​ប៉ុនប៉ង​ពន្លត់​សន្ទុះ​បះបោរដ៏ខ្លាំង​ក្លា​​របស់ប្រជាពលរដ្ឋ​ គាំទ្រ​ដោយ​ចលនា​យុវជន​ដែល​ហ៊ាន​បូជា​ជីវិត​ដើម្បី​សេរីភាព។ ទណ្ឌកម្ម​នេះ​ក៏​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​វិទ្យុ​បារាំងអន្តរជាតិ​ជា​ភាសាពែក្ស​ទេ​ ព្រោះ​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ ក្រុមការងារ​RFI បាន​ធ្វើការ​នៅក្រៅ​ប្រទេស​អ៊ីរ៉ង់ និង​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​អ៊ីរ៉ង់​តាមប្រព័ន្ធ​អ៊ីនធ័រនែត។ ទោះ​បី​មានទណ្ឌកម្ម ក៏វិទ្យុបារាំង​អន្តរជាតិ​នៅ​តែ​បន្ត​ការងារ​ផ្តល់​ព័ត៌មាន ​ជុំ​វិញ​ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ គាំទ្រ​ប្រជាពលរដ្ឋ​ ជាពិសេស​ស្ត្រីអ៊ីរ៉ង់​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព​និង​សមភាព។ នេះ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់RFIវិទ្យុបារាំង​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ