អានតួអត្ថបទ
អាល្លឺម៉ង់-អាកាសធាតុ

ហ្សេ៧និង​ក្រុមប្រទេសងាយរងគ្រោះ ​បង្កើត​រចនា​សម្ព័ន្ធ​ប្រឈម​នឹង​ហានិភ័យ​អាកាសធាតុ

អាល្លឺម៉ង់ ប្រធានផ្លាស់​វេន​ហ្សេ៧ និង​ក្រុមប្រទេស​ដែល​ងាយ​រងគ្រោះ​អាកាសធាតុ បាន​ប្រកាស​បង្កើត​រចនា​សម្ព័ន្ធ​មួយ​ សម្រាប់ផ្តល់ជា​​ហិរញ្ញវត្ថុ ​​ជួយ​ប្រជាពលរដ្ឋ​ ដែល​រង​ផលប៉ះពាល់​ពី​ការ​ឡើង​កម្តៅ​អាកាសធាតុ។ គំនិត​ផ្តួច​ផ្តើម​នេះ បាន​ទទួល​ការ​ស្វាគមន៍​​ ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

លោក Henry Kwabena Kokofu រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្កាណា និង​ជា​ប្រធាន​ក្រុមប្រទេស​ងាយរងគ្រោះ V២០ និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​អាល្លឺម៉ង់ Svenja Schulze ក្នុង​សន្និសីទCOP២៧
លោក Henry Kwabena Kokofu រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្កាណា និង​ជា​ប្រធាន​ក្រុមប្រទេស​ងាយរងគ្រោះ V២០ និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​អាល្លឺម៉ង់ Svenja Schulze ក្នុង​សន្និសីទCOP២៧ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

“រចនា​សម្ព័ន្ធ​ពិភពលោក​ប្រឆាំង​ហានិភ័យ​អាកាសធាតុ” ដែល​ប្រមូល​ថវិកា​ មក​ទល់​ពេល​នេះ ចំនួន ២០០​លាន​អឺរ៉ូ គ្រោងនឹង​​ជួយប្រជាពលរដ្ឋ​ក្នុង​​ប្រទេសងាយរកគ្រោះ ដែល​មាន​ប្រព័ន្ធ​ធានារ៉ាប់រង​​ទន់​ខ្សោយ​ ឱ្យ​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​​ បាន​មុនឬនៅ​​ក្រោយ​មហន្តរាយ​អាកាសធាតុភ្លាម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អាល្លឺម៉ង់​និង​ក្រុមប្រទេស​ងាយ​រងគ្រោះ​V២០ ដែល​មាន​ចំនួន ៥៨​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​អាល្លឺម៉ង់​បាន​លម្អិត​ពីកន្លែង​រៀប​ចំ​​សន្និសីទ​អាកាសធាតុ​​បន្ថែម​ទៀត​ថា រចនា​សម្ព័ន្ធ​នេះ មាន​បញ្ចូល​​ប្រព័ន្ធធានារ៉ាប់រង​​ទល់​នឹង​ការ​ខូច​ខាត​ប៉ះពាល់​ដល់​ផល​ដំណាំ ដល់អាគារ ឬ​ដល់​សកម្មភាព​របស់ក្រុម ពោល​គឺ​ប្រព័ន្ធ​ការពារ​សង្គម​សម្រប​ទៅ​តាម​ស្ថានការណ៍ ឬ​ផ្តល់​ហិរញ្ញវត្ថុ​ភ្លាម​ សម្រាប់​ឱ្យ​រដ្ឋាភិបាល​​យក​ទៅ​សាងសង់​សាលា​ ស្ពាន​ស្នល់​ឡើង​វិញ​។

បាន​ទទួល​ព្រមព្រៀង​ពីក្រុមប្រទេសមហា​ឧស្សាហកម្ម​ទាំង​៧ (​ហ្សេ៧) ក្នុង​ជំនួប​កំពូល​កាលពី​ខែ​មិថុនា ​ប្រទេស​មួយ​ក្រុម​ដំបូងដែល​បាន​ទទួល​ផល​ពី​​ប្រព័ន្ធ​ថ្មី​នេះមាន​ជា​អាទិ៍ បង់ក្លាដែស កូស្តារីកា ហ្វីជី ហ្កាណា ប៉ាគីស្ថាន ហ្វីលីពីន និង​សេណេហ្កាល់។

គំនិត​ផ្តួចផ្តើម​របស់​អាល្លឺម៉ង់ ដែល​ធ្លាក់​មក​ជួន​ចំពេលសន្និសីទអាកាសធាតុ​COP២៧​កំពុង​ជជែក​យ៉ាង​ពុះកញ្ជ្រោល​ជុំ​វិញ​​​បញ្ហា​ទារ​សំណង​ខូចខាត​ ​ពុំ​បាន​ទទួល​ការគាំទ្រ​ជា​ឯកច្ឆ័ន្ទ​ទេ។​ តំណាងអង្គការក្រៅ​រដ្ឋាភិបាល​ Climate ​Action Netword ActionAid International យល់​ថា​ប្រព័ន្ធ​នេះ​មិន​អាច​បង្វែរ​ចំណាប់​អារម្មណ៍​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ ដែល​កំពុង​ទាមទារ​បង្កើត​យន្តការ​ហិរញ្ញវត្ថុ​សម្រាប់ប្រឈម​នឹង​ការ​បាត់បង់​និង​ខូចខាត​​ដោយ​អាកាសធាតុ​ទេ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្កាណា​និង​ជាប្រធាន​ក្រុមប្រទេស​ងាយ​រងគ្រោះ​V២០ ថា​យឺត​ពេល​បន្តិច​ហើយ។ ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​​ក្រុមប្រទេស​ងាយរងគ្រោះ​បាន​បាត់បង់​និង​ខូចខាត គិត​ជា​ទឹក​ប្រាក់​អស់​៥២៥​ពាន់​លាន​ដុល្លារ​តាំងពី​ឆ្នាំ​២០០០មក។

ប៉ុន្តែ​សម្រាប់​អាល្លឺម៉ង់ ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​ហានិភ័យ​អាកាសធាតុ មិនមែន​ជា​ល្បិច​បញ្ចៀស​​ការ​ចរចា​ផ្លូវការ​ ស្តីពី​ការទាមទារ សំណង​បាត់បង់​និង​ខូចខាត​ ឬ​ការ​សម្រុះ​សម្រួល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុមប្រទេស​ងាយរងគ្រោះ​​អាកាសធាតុ នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ​COP២៧​​ទេ ព្រោះ​ពុំ​​មែនមានតែ​​ដំណោះស្រាយ​​​មួយ​គត់នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ