អានតួអត្ថបទ
យន្តហោះMH17

យន្តហោះMH17៖​តុលាការហូឡង់កាត់ទោសជនជាតិរុស្ស៊ី២នាក់ និងអ៊ុយក្រែន១នាក់​ឲ្យជាប់គុកអស់មួយជីវិត

ក្រោយ​សវនាការ រយៈពេល​២ឆ្នាំកន្លះ លើ​សំណុំរឿង​ផ្ទុះធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH 17 តុលាការ​ហូឡង់​បានចេញសាលក្រម​ដ៏គួរ​ឲ្យទន្ទឹងរង់ចាំ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ១៧ វិច្ឆកា។ សាលក្រម​របស់​តុលាការហូឡង់​បាន​បញ្ជាក់​ថា យន្តហោះក្រុមហ៊ុន​ម៉ាឡេស៊ី MH17​ដែលផ្ទុះធ្លាក់ សម្លាប់​មនុស្ស​២៩៨នាក់ កាលពី​ឆ្នាំ ២០១៨ រងត្រូវ គ្រាប់មីស៊ីល​Buk ផលិត​នៅ​រុស្ស៊ី។ នៅថ្ងៃ​ព្រហស្បតិ៍ តុលាការ​ហូឡង់​បាន​សម្រេច​ផ្តន្ទាទោស​ជនសង្ស័យ​៣រូប ចំណែក​ជនសង្ស័យទី​៤​ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់។

មន្រ្តីស៊ើបអង្កេត​របស់​តុលាការ​ហូឡង់ ចូលរួម​ស៊ើបអង្កេត​លើ​បំណែកយន្តហោះ MH17 ដែល​គេ​សង្ស័យថាផ្ទុះធ្លាក់នៅភាគខាងកើត​អ៊ុយក្រែនដោយសារ​ត្រូវគ្រាប់មីស៊ីល​ផលិតឡើង​នៅ​រុស្ស៊ី​
មន្រ្តីស៊ើបអង្កេត​របស់​តុលាការ​ហូឡង់ ចូលរួម​ស៊ើបអង្កេត​លើ​បំណែកយន្តហោះ MH17 ដែល​គេ​សង្ស័យថាផ្ទុះធ្លាក់នៅភាគខាងកើត​អ៊ុយក្រែនដោយសារ​ត្រូវគ្រាប់មីស៊ីល​ផលិតឡើង​នៅ​រុស្ស៊ី​ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបើក​សវនាការ ២ឆ្នាំកន្លះ តុលាការ​ហូឡង់​បានសម្រេច​ចេញ​សាលក្រម ផ្តន្ទាទោស ជនជាតិ​រុស្ស៊ី ២រូប និង​ជនជាតិអ៊ុយក្រែន ១រូប ឲ្យ​ជាប់ពន្ធនាគារ​អស់មួយជីវិត ក្នុង​បទឃាតកម្ម​សម្លាប់មនុស្ស។ ចំណែក ជនសង្ស័យទី​៤ ដែលជា​ជនជាតិ​រុស្ស៊ី ត្រូវ​បាន​តុលាការ​សម្រេច​លើកលែង​ការចោទប្រកាន់។

ក្នុងចំណោម​ជនសង្ស័យ ទាំង​៣រូប​ដែលត្រូវ​តុលាការ​ហូឡង់​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​អស់មួយជីវិត មាន២នាក់ ជាអតីត​ភ្នាក់ងារស៊ើបការសម្ងាត់​របស់រុស្ស៊ី និង១នាក់ ជា​ប្រធានក្រុមឧទ្ទាមអ៊ុយក្រែន។ អ្នកទាំងបី​ត្រូវ​តុលាការ​ចោទប្រកាន់ថា ចូលរួម ​និង​បញ្ជា​ឲ្យ​បាញ់​មីស៊ីល Buk ពី​តំបន់ភាគ​ខាងកើត ដែលគ្រប់គ្រង​ដោយ​ក្រុមឧទ្ទាមទាមទារផ្តាច់ទឹកដី​និយមរុស្ស៊ី។ តាម​ប្រធាន​តុលាការ​ហូឡង់ លោក​Hendrik Steenhuis មីស៊ីលBuk​ផលិតឡើងនៅរុស្ស៊ី​ជា​ដើមហេតុ​ធ្វើ​ឲ្យផ្ទុះធ្លាក់យន្តហោះ​MH17 ដែលបាន​សម្លាប់​អ្នកដំណើរទាំងអស់ និងបុគ្គលិក​សរុប ២៩៨នាក់ ក្នុងនោះ ២ភាគ៣ ជាជនជាតិ​ហូឡង់។

នៅថ្ងៃព្រហស្បតិ៍ តុលាការ​ហូឡង់​បាន​ចេញ​សាលក្រម​កំបាំងមុខ ព្រោះថា ជនសង្ស័យ​ទាំង ៣រូប ដែល​បដិសេធ មិន​ជាប់ពាក់ព័ន្ធ​នឹងការធ្លាក់យន្តហោះ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី គ្មាន​វត្តមាន ចូលរួម នៅ​ក្នុង​សវនាការនៅប្រទេស​ហូឡង់។

ទោះត្រូវតុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ អស់មួយជីវិត ប៉ុន្តែ គេ​មិនរំពឹងថា នឹង​អាច​តាម​ចាប់ខ្លួន​ឧក្រិដ្ឋជនខាងលើ​មក​ថ្កោលទោស ព្រោះថា ​រុស្ស៊ី​ដែល​មិន​ទទួលស្គាល់​ការចោទប្រកាន់របស់​តុលាការ​ហូឡង់ បាន​បដិសេធ​មិន​បញ្ជូន​ជនជាតិរបស់ខ្លួន​ទៅ​តុលាការហូឡង់។

សម្រាប់ក្រុមគ្រួសារ​ជនរងគ្រោះ មកពី​១០ប្រទេស ការចេញសាលក្រម នៅ​៨ឆ្នាំ ក្រោយ​សោកនាដកម្ម​ផ្ទុះធ្លាក់​យន្តហោះMH17 នឹង​ជួយ​ឲ្យ​ពួកគេ​បានធូរទ្រូងបន្តិច ព្រោះថា នៅ​ទីបំផុត អ្នកទទួលខុសត្រូវ​ ត្រូវ​បាន​គេ​វែកមុខ​រកឃើញ និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ។ ដើម្បី​ការស្វែងរកយុត្តិធម៌​ដល់​ទីបំផុត ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​អំពាវនាវ​ឲ្យ​គេតាមរកចាប់ឧក្រិដ្ឋជន​មក​ទទួលទោស តាម​ផ្លូវច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ