អានតួអត្ថបទ

បារាំង៖ប្រធានាធិបតីលោកម៉ាក្រុងបរិហារលើសេណារីយ៉ូនៃការបំភិតបំភ័យស្តីពីការផ្តាច់ភ្លើងអគ្គិសនី

នៅ​ក្នុង​ប្រទេស​បារាំង ហានិភ័យ​នៃ​ការ​ផ្តាច់​ភ្លើងអគ្គិសនី​នា​រដូវ​រងារ​កំពុង​ក្លាយ​ជា​ក្តីបារម្ភ​ខ្លាំង​របស់​ពលរដ្ឋ​បារាំង។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​លម្អិត​ពី​វិធានការ​មួយ​ចំនួន​ដើម្បី​ប្រឈម​នឹង​ការ​ខ្វះ​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នៅ​ពេល​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ក្នុង​នោះ​ក៏​មាន​វិធានការ​ផ្តាច់ភ្លើង​អគ្គីសនី​មួយ​ដែរ។ សេណារីយ៉ូ​នៃ​ការ​ផ្តាច់​ភ្លើងអគ្គិសនី​នេះ​ត្រូវ​បាន​ក្រុម​ប្រឆាំង​ប្រើ​ជា​ឧបករណ៍​ដើម្បី​រិះគន់ វាយប្រហារ​រដ្ឋាភិបាល​យ៉ាង​ចាស់​ដៃ។ តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ធ្លាប់​បាន​ធានា​ថា ការ​ផ្តាច់​ភ្លើងអគ្គិសនី​នា​រដូវ​រងារ​នឹង​អាច​ចៀស​បាន បើ​ពលរដ្ឋ​ប្រើ​ភ្លើង​ដោយ​សន្សំសំចៃ។ ចំណែក​ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​អះអាង​ក្នុង​ថ្ងៃ​សៅរ៍ ទី៣ ធ្នូ​កុំ​ឲ្យ​ពលរដ្ឋ​ជ្រួលច្របល់​ក្នុង​រឿង​ផ្តាច់​ភ្លើង​នេះ។ ក្នុង​ថ្ងៃ​អង្គារ ទី៦ ធ្នូ​នា​កិច្ចប្រជុំកំពូល​អឺរ៉ុប និង​ក្រុម​ប្រទេស​តំបន់​បាល់កង់​រៀបចំ​ក្នុង​ប្រទេស​អាល់បានី លោក​ម៉ាក្រុង​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ថ្មី​នៅ​ក្នុង​រឿង​ដដែល​នេះ​ដោយ​បាន​ដំឡើង​សំឡេង​បរិហារ​ខ្លាំងៗ​លើ​ការ​ជជែកវែកញែក និង​សេណារីយ៉ូ​ដែល​លោក​ហៅ​ជា​សេណារីយ៉ូ​នៃ​ការ​បំភិតបំភ័យ។

ប្រធានាធិបតីបារាំង លោកម៉ាក្រុង
ប្រធានាធិបតីបារាំង លោកម៉ាក្រុង AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

« ការ​ជជែកវែកញែក​ក្នុង​រឿង​ផ្តាច់​ភ្លើងអគ្គិសនី គឺ​មិន​សមហេតុសមផល មិន​ទំនង​ទាល់​តែ​សោះ។ តួនាទី​របស់​រដ្ឋអំណាច​សាធារណៈ និង​តួនាទី​របស់​រោងចក្រសហគ្រាស​រដ្ឋ​មិនមែន​ដើម្បី​បញ្ជូន​ការ​បំភិតបំភ័យ ឬ​មួយ​ក៏​ដឹក​នាំ​ដោយ​ការ​បំភិតបំភ័យ បន្លាច​នោះ​ទេ។ ដូច្នេះ តួនាទី​របស់​រដ្ឋាភិបាល តួនាទី​រដ្ឋមន្រ្តី​ទាំង​អស់ រួម​ទាំង​តួនាទី​របស់​ក្រុមហ៊ុន​ផលិត​ថាមពល​ផង គឺ​ត្រូវ​ផ្តល់​ថាមពល………….វា​មាន​តែ​ប៉ុណ្ណឹង។

បន្ទាប់​មក គឺ​ត្រូវ​អំពាវនាវ​ឲ្យ​មនុស្ស​ម្នាក់ៗ​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​សន្សំសំចៃ​ភ្លើងអគ្គិសនី។ មិនមែន​ជា​ការ​ចាប់​ផ្តើម​ដោយ​ការ​បំភិតបំភ័យ​មនុស្ស​ជាមួយ​នឹង​សេណារីយ៉ូ​មិន​សមហេតុសមផល និង​ជាមួយ​រឿងរ៉ាវ​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​ឮ​នា​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​ទេ……………….សូម​បិទបញ្ចប់​វា​ឲ្យ​អស់​ទៅ។

យើង​ជា​ប្រទេស​ធំ​មួយ។ យើង​មាន​គំរូ​ថាមពល​ដ៏​ធំ​មួយ។ យើង​នឹង​មាន​ថាមពល​ប្រើ​គ្រប់គ្រាន់​នា​រដូវ​រងារ​នេះ ទោះ​មាន​សង្រ្គាម​ក៏​ដោយ។ ដូច្នេះ ខ្ញុំ​ស្នើ​ឲ្យ​ទាំង​អស់​គ្នា​ធ្វើ​ការងារ​របស់​ខ្លួន។ ការងារ​របស់​ក្រុមហ៊ុន​អគ្គិសនី​បារាំង គឺ​ត្រូវ​ដាក់​រោងចក្រ​អគ្គិសនី​ឲ្យ​ដំណើរការ ការងារ​របស់​រដ្ឋាភិបាល គឺ​រៀបចំ​ផែនការ ហើយ​ការងារ​របស់​ទាំង​អស់​គ្នា គឺ​ចូលរួម​សន្សំសំចៃ​ភ្លើងអគ្គិសនី។ សេណារីយ៉ូ​នៃ​ការ​បន្លាច បំភិតបំភ័យ មិនមែន​សម្រាប់​ខ្ញុំ​ទេ។ យើង​ស្ថិត​នៅ​រួបរួម​ទាំង​អស់​គ្នា ហើយ​យើង​បោះ​ជំហាន​ទៅ​មុខ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ