អានតួអត្ថបទ

អ្នកជំនាញបារាំង៖ជំនួយយោធារបស់ប្រទេសបារាំងចំពោះប្រទេសអ៊ុយក្រែននៅមានកម្រិត

នៅ​ថ្ងៃ​ចន្ទ ទី៥ ធ្នូ រុស្ស៊ី​បាន​បាញ់​ស្រោច​មីស៊ីល​ជា​ច្រើន​គ្រាប់​លើ​អ៊ុយក្រែន​ដោយ​បណ្តាល​ឲ្យ​ដាច់​បណ្តាញ​អគ្គិសនី និង​ប្រព័ន្ធ​ទឹកស្អាត​ជា​ថ្មី។ ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​បាន​កើត​មាន​ឡើង​ក្នុង​ថ្ងៃ​ចូល​ជា​ធរមាន​នូវ​យន្តការ​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី​ដែល​ជា​ទណ្ឌកម្ម​ថ្មី​របស់​បស្ចិមលោក​ប្រឆាំង​រុស្ស៊ី។ តែ​រុស្ស៊ី​បាន​ព្រមាន​ថា ទណ្ឌកម្ម​ថ្មី​មួយ​នេះ​នឹង​គ្មាន​ផលវិបាក​លើ​ប្រតិបត្តិ​យោធា​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ទេ។ គួរ​បញ្ជាក់​ថា ទន្ទឹម​នឹង​ជួយ​អ៊ុយក្រែន​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី បស្ចិមលោក​ក៏​បាន​ជួយ​ជា​អាវុធ​ឲ្យ​អ៊ុយក្រែន​ដែរ។ ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ផ្តល់​អាវុធ​ឲ្យ​អ៊ុយក្រែន​ច្រើន​ជាង​គេ​ក៏​មាន​បារាំង​មួយ​ដែរ។ តែ​អ្នក​ជំនាញ​បារាំង​លោក​ឡេអូ ប៉េរីយ៉ាត​បាន​កត់សម្គាល់​ឃើញ​ថា ជំនួយ​យោធា​របស់​បារាំង​ចំពោះ​អ៊ុយក្រែន​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​នឹង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។

ប្រធានាធិបតី​អ៊ុយក្រែនលោក​ហ្សេឡេនស្គី (រូបឆ្វេង) និង​សមភាគី​បារាំង​លោក​ម៉ាក្រុង ថ្ងៃទី១៦ មិថុនា ២០២២ ក្នុង​ទីក្រុង​កៀវ។
ប្រធានាធិបតី​អ៊ុយក្រែនលោក​ហ្សេឡេនស្គី (រូបឆ្វេង) និង​សមភាគី​បារាំង​លោក​ម៉ាក្រុង ថ្ងៃទី១៦ មិថុនា ២០២២ ក្នុង​ទីក្រុង​កៀវ។ © Ludovic MARIN / POOL / AFP
ផ្សាយពាណិជ្ជកម្ម

« ជំនួយ​យោធា​របស់​អង់គ្លេស​ចំពោះ​អ៊ុយក្រែន​គឺ​ប្រហាក់ប្រហែល​នឹង​ប្រទេស​បារាំង​ដែរ។ តែ​អ្វី​ដែល​ខុស​គ្នា​នៅ​ត្រង់​ថា អង់គ្លេស​បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ជួយ​អ៊ុយក្រែន​តាំង​ពី​ឆ្នាំ ២០១៤ តាម​រយៈ​បេសកកម្ម​នៃ​ការ​បណ្តុះបណ្តាល ការ​ផ្គត់ផ្គង់​សម្ភារៈបរិក្ខារ​យោធា​ដែល​មាន​កាន់​តែ​ច្រើន​ទៅៗ។ ចំណែក​បារាំង​ហាក់​បាន​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ ព្រោះ​ក្នុង​ពេល​នោះ បារាំង​បាន​ជាប់ដៃ​នៅ​កន្លែង​ផ្សេង ពិសេស​នៅ​តំបន់​អាហ្រ្វិក និង​នៅ​តំបន់​មជ្ឈិមបូព៌ា។ នេះ​ជា​ភាព​ខុស​គ្នា​មួយ​គួរ​ឲ្យ​កត់សម្គាល់។

ឥឡូវ​នេះ ហេតុអ្វី​បាន​ជា​អង់គ្លេស​មាន​លទ្ធភាព​ផ្តល់​គ្រឿងសព្វាវុធ​ច្រើន​ដល់​ម្លឹង​ឲ្យ​អ៊ុយក្រែន?។ មូលហេតុ គឺ​មក​ពី​អង់គ្លេស​ខ្លួន​ឯង​បាន​ផ្តើម​កាត់​បន្ថយ​កម្លាំងទ័ព​ជើងគោក។ ដល់​អ៊ីចឹង​ទៅ អង់គ្លេស​មាន​សល់​គ្រឿង​សព្វាវុធ​ក្នុង​បរិមាណ​មួយ​ចំនួន​នៅ​ក្នុង​ដៃ។ តែ​ចូរ​កុំ​ភ្លេច​ថា​នៅ​អង់គ្លេស​ក៏​ដូច​នៅ​អាល្លឺម៉ង់ ការ​ស្តុក​អាវុធ​មាន​លក្ខណៈ​ខុស​គ្នា បើ​ធៀប​នឹង​ប្រទេស​ផ្សេង។ នៅ​អង់គ្លេស​ក៏​ដូច​នៅ​អាល្លឺម៉ង់ បើ​មាន​ឡាន​ទាហាន​មួយ​ឈប់​ប្រើ​នៅ​ក្នុង​កងទ័ព ឡាន​ទាហាន​នោះ​ត្រូវ​បាន​កងទ័ពបន្ត​រក្សា​ទុក​រយៈពេល​ប៉ុន្មាន​ឆ្នាំ ពោល​មិន​បោះ​ចោល​ភ្លាមៗ​ទេ។

គេ​បាន​ឃើញ​នៅ​អាល្លឺម៉ង់ ឡានទាហាន​ឈប់​ប្រើ​នៅ​ក្នុង​កងទ័ព​ក្នុង​ឆ្នាំ ២០១​ដែល​បាន​រក្សា​ទុក​ក្នុង​ឃ្លាំង​ត្រូវ​បាន​អាល្លឺម៉ង់​បញ្ជូន​ទៅ​ឲ្យ​អ៊ុយក្រែន។ ចំណែក​ករណី​បារាំង​វិញ ឡាន​ទាហាន​ដែល​ឈប់​ប្រើ​នៅ​ក្នុង​កងទ័ព​ត្រូវ​បាន​បោះ​ចោល​ភ្លាមៗ​ដោយ​មិន​ស្តុក​ទុក​ទេ។ ឧទាហរណ៍​ជាក់ស្តែង រថពាសដែក​ខ្លះ​ដែល​បាន​ធ្វើ​ទំនើបកម្ម​ក្នុង​ឆ្នាំ ២០០០ និង​បាន​ឈប់​ប្រើ​ក្នុង​ឆ្នាំ ២០១៦ ត្រូវ​បាន​បោះ​ចោល​តែ​ម្តង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​សង្រ្គាម​មក​ដល់ យើង​គ្មាន​លទ្ធភាព​ពិតប្រាកដ​ក្នុង​ការ​ផ្តល់​ឲ្យ​អ៊ុយក្រែន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ