អានតួអត្ថបទ
កាតា-អឺរ៉ុប-ពុករលួយ

កាតា ព្រមាន​ពីឥទ្ធិពល​អវិជ្ជមាន​នៃ​វិធានការ​អឺរ៉ុប​ប្រឆាំង​នឹង​អំពើ​ពុករលួយ

វិធានការរបស់​សភា​​អឺរ៉ុបប្រឆាំង​នឹង​កាតា ក្រោយផ្ទុះ​​រឿង​អាស្រូវ​ពុករលួយក្នុង​វង្វង់​ស្ថាប័ន​អឺរ៉ុប នឹង​ជះ​ផល​វិបាក​អវិ​ជ្ជមាន​ដល់​ទំនាក់ទំនង​រវាងរាជាណាចក្រ​​ប្រេងកាត​​កាតា និង​ការ​ផ្គត់ផ្គង់​ថាមពល​ពិភពលោក។ នេះ​ជា​ពាក្យ​ព្រមាន​របស់​ក្រុង​ដូហា នៅ​​ថ្ងៃ​អាទិត្យ​ទី ១៨​ធ្នូ ​​ថ្ងៃ​បិទ​បញ្ចប់​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក។

សភា​អឺរ៉ុប​បើក​ប្រជុំ​ជុំ​វិញ​ការ​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ​សង្ស័យ​មាន​សមាជិក​សភា​ទទួល​សំណូក​ពីកាតា
សភា​អឺរ៉ុប​បើក​ប្រជុំ​ជុំ​វិញ​ការ​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ​សង្ស័យ​មាន​សមាជិក​សភា​ទទួល​សំណូក​ពីកាតា AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ តំណាង​ការទូត​កាតា ​បាន​សម្តែង​ការ​សោកស្តាយ​​ចំពោះសេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប ដែល​​គ្មាន​មូលដ្ឋាន​​ ​ ដែល​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត ឮ​តាម​ការ​ពាក្យ​លេច​ធ្លាយ ដោយ​មិន​រង់​ចាំលទ្ធផល​​អង្កេត​​។ សម្រាប់​កាតា ការ​អង្កេត​ប្រឆាំង​នឹង​អំពើ​ពុករលួយមាន​​ពាក់​ព័ន្ធច្រើន​ប្រទេស ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពាក្យ​រិះគន់ និង​ការ​វាយប្រហារ​សំដៅ​តែ​លើ​កាតា​ ?!

“សេចក្តី​សម្រេច​ចាត់វិធានការ​ប្រឆាំង​កាតា ដោយ​កំរិត​កិច្ចសហប្រតិបត្តិការ និង​ការ​ប្រាស្រ័យ​ទាក់ទង​​គ្នា ក្នុង​អំឡុង​ពេល​បើក​អង្កេត​ នឹង​ជះ​ឥទ្ធិពល​អាក្រក់​លើ​កិច្ចសហប្រតិបត្តិការ តំបន់​និង​ពិភពលោក ក្នុង​វិស័យ​សន្តិសុខ និង​លើ​កិច្ចពិភាក្សា​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ជុំ​វិញ​ភាពកម្រនិង​សន្តិសុខ​ថាមពល​ពិភពលោក”។ នេះ​បើ​តាម​ប្រតិកម្ម​របស់​អ្នកការទូត​កាតា ដោយ​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​ពាក្យ​ចោទប្រកាន់​របស់​អឺរ៉ុប។

កាតា​ជា​ប្រទេស​ផលិតឧស្ម័ន​ធម្មជាតិ​ពង្រាវ​ដ៏​ចម្បង​នៅលើ​ពិភពលោក​ជាមួយ​អាមេរិក​និង​អូស្ត្រាលី។​ តាំងពី​រុស្ស៊ី​ចូល​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែនមក ក្រុមប្រទេស​នៅ​អឺរ៉ុប​កាន់​តែ​ច្រើនឡើងៗ​ប្រឹង​ចែចូវ​កាតា ដើម្បី​ស្វែង​រក​ប្រភព​ថាមពល​មក​ជំនួស​ឧស្ម័ន​រុស្ស៊ី។ តែ​ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយនៅ​សភា​អឺរ៉ុប សមាជិក​សភា​អឺរ៉ុប បាន​បោះឆ្នោត​អនុម័ត​ស្ទើរ​ជា​ឯកច្ឆ័ន្ទ​អត្ថបទ​ច្បាប់​មួយ​ស្នើ​សុំ​ឱ្យសភា​អឺរ៉ុប​​ផ្អាក​ទំនាក់ទំនង​ជាមួយ​ក្រុម​អង្គការ​ផ្សេងៗ​តំណាង​ឱ្យ​ផលប្រយោជន៍​កាតា និង​​ការព្យួរ​កិច្ចការ​សភា​ដែល​មានពាក់​ព័ន្ធ​នឹង​កាតា ដូច​ជា​ ក្នុង​ផ្នែក​ផ្តល់​ទិដ្ឋាការ ឬ កិច្ចព្រមព្រៀង​ផ្នែក​អាកាសចរណ៍។

ប៉ុន្តែសេចក្តី​ថ្លែងការណ៍​កាតា​ថ្ងៃអាទិត្យ​នេះ ក៏​បាន​គូស​បញ្ជាក់​អំពី​ចំណង​ទំនាក់ទំនង​យ៉ាង​រឹង​មាំ​ជាមួយ​ប្រទេស​ជា​ច្រើន​ ក្នុង​សហភាព​អឺរ៉ុប​ ដែល​បន្ត​ផ្តល់​ទំនុកចិត្ត​លើ​កាតា ក្នុង​ពេល​កំពុង​រង​ការ​រិះគន់​និង​វាយប្រហារ។ សូម​បញ្ជាក់​ថា ​ទោះ​បី​មាន​រឿង​អាស្រូវ​យ៉ាង​​ដូច្នេះ​ក្តី ក៏​ប្រធានាធិបតី​បារាំងនៅ​តែ​​ធ្វើ​ដំណើរ​ទៅចូល​រួម​ផ្ទាល់ ​ក្នុងវគ្គ​​ពាក់​កណ្តាលផ្តាច់ព័ត្រ និង​ផ្តាច់​ព័ត្រ​ ​ដើម្បី​គាំទ្រ​ក្រុមកីឡាករ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ