អានតួអត្ថបទ
រុស្ស៊ី-បេឡារុស

តើ​អ្វី​ទៅ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់ លោក​ពូទីន ​នៅ​បេឡារុស ?

នៅថ្ងៃទី ១៩ ធ្នូ​នេះ បេឡារុស កំពុង​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន។ ក្នុង​បរិបទ​បច្ចុប្បន្ន ​ពង្រឹង​សម្ព័ន្ធភាព​រុស្ស៊ី-បេឡារុស ជា​ប្រការ​ដ៏​ចាំបាច់​ជាង​ពេល​ណាៗ​ទាំងអស់។ មូស្គូ​ ​ក៏​ត្រូវ​ការ​ និង​រំពឹង​លើ​ការគាំទ្រដ៏​ធំធេង​​របស់​ក្រុង​មីនស្ក៍ដែរ។

ប្រធានាធិបតី​បេឡារុស លោក លូកាឆេនកូ និង​លោក​ពូទីន ក្នុង​ជំនួប​កាលពី​ថ្ងៃទី ២៦​កញ្ញា ២០២២ នៅ​សុតឈី ប្រទេស​រុស្ស៊ី
ប្រធានាធិបតី​បេឡារុស លោក លូកាឆេនកូ និង​លោក​ពូទីន ក្នុង​ជំនួប​កាលពី​ថ្ងៃទី ២៦​កញ្ញា ២០២២ នៅ​សុតឈី ប្រទេស​រុស្ស៊ី AP - Gavriil Grigorov
ផ្សាយពាណិជ្ជកម្ម

តាំងពី​ផ្ទុះ​កូវីដ​១៩មក ប្រធានាធិបតី​រុស្ស៊ី លោក វ្លាដេមៀពូទីន កម្រ​ធ្វើ​ដំណើរ​ទៅ​បរទេស​ណាស់ និងខក​ខានមិនបាន​​​មក​​បេឡារុស អស់​រយៈ​​ពេល​បី​ឆ្នាំ​កន្លះហើយ។ ​ក្រុងមីនស្ក៍ ទើប​មាន​ឱកាសលា​កម្រាល​ព្រំ​ស្វាគមន៍​ជា​ថ្មី​មហាមិត្ត​រុស្ស៊ី​នៅពេល​នេះ​។ តាម​របៀបវារៈ​ ជំនួប​ពិភាក្សា​រវាង​ប្រមុខ​ដឹកនាំ​ទាំង​ពីរ ផ្តោត​ជា​បឋម​លើ​សំណុំ​រឿង​សេដ្ឋកិច្ច។ លោក​ប្រធានាធិបតី​បេឡារុស អាឡិចសង់ លូកាឆេនកូ ប្រាថ្នា​អនុម័ត​វិធានការ​បន្ទាន់​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ​។ រដ្ឋាភិបាល​បេឡារុស​ទទួល​បាន​កម្ចី​ឥណទានពីរុស្ស៊ី​ជា​ញឹកញយ​ណាស់។

ចំណែក​ខាង​រុស្ស៊ី​វិញ ក៏​ត្រូវ​ការ​ចង់​ស្រូប​យក​បេឡារុស​ឱ្យ​ចូល​ក្នុង​ប្រព័ន្ធ​របស់​សហព័ន្ធរុស្ស៊ី​ដែរ។ តាំងពី​យូរ​ឆ្នាំមក​ហើយ​ដែល​លោក​វ្លាដេមៀពូទីន សំឡឹង​ចង់​បាន​ ជាពិសេស​តាំងពី​ប្រធានាធិបតី​ លូកាឆេនកូ​ ចុះ​ខ្សោយ​ដោយត្រូវ​ប្រឈម​​ខ្យល់​ប្រឆាំង​ក្នុង​ប្រទេស​កាលពី​រដូវ​ក្តៅ​ឆ្នាំ​២០២០​មក។ រហូតមក​ទល់​ពេល​នេះ កា​របញ្ចូល​បេឡារុស​ក្នុង​ប្រព័ន្ធ​រុស្ស៊ី ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​នៅ​ចំពោះ​មុខ​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន ​ក្រេមឡាំង​អាច​នឹង​ចង់​ចាប់​បេឡារុស​បញ្ចូល​ក្នុង​កម្មវិធី​យោធា​របស់​ខ្លួន​ដែរ​?!

ទស្សនកិច្ច​របស់​​លោក​ពូទីន នៅ​បេឡារុស ប្រព្រឹត្ត​ទៅ​តែ​១០​ខែក្រោយ​ការ​បើក​ប្រតិបត្តិការ​យោធា​ចូល​ឈ្លានពាន​អ៊ុយក្រែន  ដែល​កាលណោះ​ ចំណុច​ចាប់​ផ្តើម​ជា​ច្រើន​មាន​ចេញ​ពី​ទឹក​ដី​បេឡារុសផង។ ​កាលពី​ខែ​តុលា បេឡារុស បាន​ប្រកាស​បង្កើត​កងកម្លាំង​រួម​ជាមួយរុស្ស៊ី​ ដោយ​មាន​យោធា​រុស្ស៊ី​ជា​ច្រើនពាន់នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដី​បេឡារុស។ នៅ​ថ្ងៃចន្ទ​នេះ បើ​តាមការ​អះអាងរបស់​ទី​​ភ្នាក់ងារ​សារព័ត៌មាន Interfax កងពលរុស្ស៊ី ជា​ច្រើន​កង​នឹង​ធ្វើ​លំហាត់​សឹក​តាកទិក​ នៅបេឡារុស តាម​បណ្តោយ​ព្រំដែន​អ៊ុយក្រែន​។ ពុំ​មាន​ការ​បញ្ជាក់លម្អិត​​អំពី​កាលបរិច្ឆេទ និង​ទី​តាំង​ពិត​ប្រាកដ​នៃ​សមយុទ្ធ​ដែល​ប្រកាស​ឡើង​ក្នុង​ថ្ងៃ​ទស្សនកិច្ច​របស់​លោក​ពូទីន នៅ​បេឡារុសទេ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ ​ក្រុម​លោក​ខាង​លិច និង​អ៊ុយក្រែន ​សង្ស័យ​ថា​លោក​ពូទីន​ ធ្វើ​ដំណើរមក​ក្រុង​មីនស្ក៍ ដើម្បី​ដាក់​សម្ពាធ​លើប្រធានាធិបតី​បេឡារុស​​លោក លូកាឆេនកូ ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ឡើង​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។ សម្រាប់​មេបញ្ជាការកងទ័ព​​អ៊ុយក្រែន​ អាច​នឹង​មាន​ការ​វាយលុក​ថ្មី​លើ​ក្រុង​កៀវ នៅ​ក្នុង​អំឡុង​រដូវ​ត្រជាក់​ដើម​ឆ្នាំ​២០២៣​ផង។ ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​អះអាង​នៅ​ល្ងាច​មិញ​ថា ការ​ការ​ពារ​ព្រំដែន​ជាមួយ​រុស្ស៊ី និង​បេឡារុស ជា​អាទិភាព​ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ