អានតួអត្ថបទ

រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ធ្វើ​ដំណើរទស្សនកិច្ច លើកទី១ ទៅ​ប្រទេស​ចិន

​ថ្ងៃអង្គារ៍​ ទី២០ធ្នូ រដ្ឋ​មន្ត្រីកិច្ចការបរទេស​អូស្ត្រាលី ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការជា​លើកទី១ ទៅ​ប្រទេស​ចិន​។ ​ក្នុង​រយៈ​ពេល​៤ឆ្នាំចុងក្រោយ​នេះ គ្មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ណា​មួយ​រៀបចំ​ធ្វើឡើង​​ទេ​ បន្ទាប់ពី​ប្រទេស​ទាំង​ពីរជួប​បញ្ហា​ទំនាស់​ការទូត និង​ទំនាស់​ផ្នែក​សេដ្ឋកិច្ច​ពាណិជកម្ម​​ ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​គ្នាទៅវិញទៅមក​។​  

អ្នកស្រី ផែន្នី វុង រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ធ្វើដំណើរទស្សនកិច្ច លើកទី១ ទៅប្រទេសចិន ។
អ្នកស្រី ផែន្នី វុង រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ធ្វើដំណើរទស្សនកិច្ច លើកទី១ ទៅប្រទេសចិន ។ AP - Manuel Balce Ceneta
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​ទីក្រុង​កង់​បេរ៉ា​ បានប្រកាស​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស អញ្ជើញ​ទៅ​រដ្ឋធានីប៉េកាំង ដើម្បី​អបអរ​ខួប​ ៥០ឆ្នាំ នៃ​ទំនាក់ទំនង​ទូត​​របស់​រដ្ឋទាំងពីរ​ ហើយ​​ប្រមុខ​ការទូតអូស្ត្រាលី​​អ្នកស្រី ផែន្នី វុង និង​ជួបពិភាក្សា​ជាមួយ​​ប្រមុខ​ការទូត​ចិន​ លោក វ៉ាង យី។​

កាល​ពីថ្ងៃ​ច័ន្ទ អ្នក​នាំពាក្យក្រសួង​ការបរទេស​ចិន ប្រកាស​ពី​ប៉េកាំង​ ក្នុង​ន័យថា​ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខការទូតអូស្ត្រាលីអ្នកស្រី ផែន្នី វុង គឺ​ដើម្បី​ជំរុញ​កិច្ចពិភាក្សា​គ្នា ហើយ​ថ្លឹងថ្លែង​ពីភាព​ខុសគ្នា​ ហើយ​និង​ពង្រឹក​កិច្ច​សហប្រតិបត្តិការទ្វេភាគី​ឲ្យ​ល្អ​ឡើងវិញ។

ការ​បើកផ្លូវ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលីនេះ គឺ​បន្ទាប់ពី​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង ប្រធានាធិបតី​ចិន បាន​ជួប​ជជែក​គ្នា​ ​នៅ​កោះ​បាលី កាលពី​ខែ​វិច្ឆិកា កន្លងទៅថ្មីៗ។ ​នេះជា​ជំហាន​ឈាន​ទៅបើកច្រក​ការ​ទូត​ឡើងវិញ​។

គួរ​រំឭក​ជូនថា ប្រទេស​ទាំង​ពីរ​ទាស់ទែង​ខ្វែងគំនិត​គ្នា ៤ឆ្នាំ​មកហើយ។ ​​អូស្ត្រាលី មិន​ពេញ​ចិត្ត​នឹង​ការ​ផ្សាយ​ឥទ្ធិពល​កាន់តែ​ខ្លាំងឡើងៗ​របស់​ចិន​នៅ​ក្នុង​តំបន់អាស៊ី​ ហើយ​ក៏​មិន​គាំទ្រ​ចំពោះ​ការ​រឹត​ត្បិត​ជ្រុល​របស់​ចិន​ នៅ​តំបន់​ខេត្ត​ស៊ីន​ជាំង នៅទីបេ និង​នៅ​ហុងកុង។ ឆ្នាំ២០២០ អូស្ត្រាលី បាន​ហាម​ឃាត់​​មិន​ឲ្យ​ចរាចរណ៍​លក់​ដូរ​ ទូរសព្ទ​ Huawei និងហាម​ដាច់ខាន​​ប្រព័ន្ធអ៊ិនធ័រនែតល្បឿន​លឿន ​5G របស់​ចិន​ ហើយ​អូស្ត្រាលី ក៏ថែមទាំង​​នាំ​អាទិ៍​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ប្រភ​ព​ដើម​ដំបូង ​នៃ​មេរោគ​កូវីដ​១៩ ។

ទាំង​នេះ ធ្វើ​ឲ្យ​រដ្ឋបាល​ក្រុង​ប៉េកាំង​ខឹងខ្លាំង។ ចិន​​បាន​ប្រតិកម្ម​ជាបន្ត​បន្ទាប់ ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​-ពាណិជ្ជកម្ម គ្នាទៅវិញទៅមក​។ ចិន​ជា​ប្រទេស​​​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​អូស្ត្រាលី។ ចិន​ផ្គត់ផ្គង់​ សារធាតុ​រ៉ែ និង​លោហៈ ដល់​អូស្ត្រាលី។​

ក្នុងរបៀប​វរៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ប្រមុខ​ការទូត​អូស្ត្រាលី​បញ្ជាក់​ថា​នឹង​ដាក់​បញ្ចូល​លក្ខខណ្ឌ​ឲ្យ​ដោះលែង​ជន​ជាតិ​អូស្ត្រាលី​ដែល​ចិន​ប៉េកាំង​ចាប់ខ្លួន​និងកាត់ទោស។ ក្នុង​នោះ​យ៉ាង​ហោច​ មាន​អ្នក​កាសែត​ពីរនាក់ ដែល​សុទ្ធសឹងតែ​ជា​ជនជាតិ​អូស្ត្រាលី​ដើម​កំណើត​ចិន​។ ម្នាក់​ឈ្មោះ ចេង លី ត្រូវ​អាជ្ញាធរ​ចិន ​ចាប់ខ្លួន​ពីខែ​តុលា​២០២០ ក្រោម​​បទចោទប្រកាន់​​​ផ្តល់​ព័ត៌មាន​សម្ងាត់​ជាតិ​ដល់​រដ្ឋ​បរទេស​។ ម្នាក់ទៀត យ៉ាង ជុន ត្រូវ​រដ្ឋអំណាច​ចិន​ ចាប់ខ្លួន​ដើម​ឆ្នាំ២០១៩ និងកោតទោស​ពីបទ​ប្រព្រឹត្ត​អំពើ​ចារកម្ម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ