អានតួអត្ថបទ
អូស្ត្រាលី-កោះសាឡូម៉ុង

អូស្ត្រាលី​នឹងបន្តសហការជាមួយ​សាឡូម៉ុង បើទោះបី​មាន​កិច្ចព្រមព្រៀងសន្តិសុខចិន និង​សាឡូម៉ុង

កិច្ចព្រមព្រៀង​សន្តិសុខ ដ៏ចម្រូងចម្រាស​រវាង​ចិន និង​ប្រទេស​កោះ សាឡូម៉ុង​នឹង​មិនធ្វើ​ឲ្យ​កិច្ចព្រមព្រៀងសន្តិសុខ អូស្ត្រាលី-សាឡូម៉ុង​ត្រូវ​បិទបញ្ចប់​នោះឡើយ។ នៅក្នុងបទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី ABC កាលពីថ្ងៃ​អាទិត្យ រដ្ឋមន្រ្តីការបរទេស​អូស្ត្រាលី បាន​អះអាងថា អូស្ត្រាលីនឹង​នៅតែបន្ត​សហការ ​ខាងផ្នែក​សន្តិសុខ ជាមួយ ប្រទេស​កោះ សាឡូម៉ុង។

នាយករដ្ឋមន្រ្តី​កោះសាឡូម៉ុង លោក​Manasseh Sogavare និង​រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការប៉ាស៊ីហ្វិក​លោក​Zed Seselja​ (ស្តាំ)ដែលធ្វើដំណើរ​ទៅ​កោះសាឡូម៉ុង​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កោះសាឡូម៉ុង​ឈប់​ចុះ​កិច្ច​ព្រមព្រៀង​សន្តិសុខ​ជាមួយ​ចិន​
នាយករដ្ឋមន្រ្តី​កោះសាឡូម៉ុង លោក​Manasseh Sogavare និង​រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការប៉ាស៊ីហ្វិក​លោក​Zed Seselja​ (ស្តាំ)ដែលធ្វើដំណើរ​ទៅ​កោះសាឡូម៉ុង​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កោះសាឡូម៉ុង​ឈប់​ចុះ​កិច្ច​ព្រមព្រៀង​សន្តិសុខ​ជាមួយ​ចិន​ via REUTERS - DEPARTMENT OF FOREIGN AFFAIRS AN
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​សន្តិសុខ ដែល​នឹង​អនុញ្ញាត​ឲ្យ​​ចិនបញ្ជូន​កងទ័ព និង​នាវាចម្បាំង​ទៅ​ចត​នៅ​ប្រទេស​កោះសាឡូម៉ុង ​បានធ្វើ​ឲ្យ​អាមេរិក និង​បណ្តា​ប្រទេស​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិកដទៃទៀត ជាពិសេស អូស្ត្រាលី កើតក្តីបារម្ភ នៅមិនស្រណុកចិត្ត។

នៅដើម​ខែ​មេសា នាយករដ្ឋមន្រ្តី​សាឡូម៉ុង លោក​Manasseh Sogavare បាន​អះអាងថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មានការសាងសង់​មូលដ្ឋានទ័ព​ចិន​នៅ​ប្រទេសកោះសាឡូម៉ុងដាច់ខាត។ ប៉ុន្តែ ពាក្យ​ធានា​របស់​ប្រមុខរដ្ឋាភិបាល​កោះ​សាឡូម៉ុង​នៅតែ​មិនទាន់​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង នៅ​មហាសមុទ្រប៉ាស៊ីហ្វិក ជឿទុកចិត្ត។

នៅក្នុងបទសម្ភាសន៍​ជាមួយ​ទូរទស្សន៍អូស្ត្រាលី កាលពី​ថ្ងៃ​អាទិត្យ រដ្ឋមន្រ្តីការបរទេស​អូស្ត្រាលី លោកស្រី Marise Payne បានវាយតម្លៃថា ការនិយាយ​ធានារបស់​រដ្ឋាភិបាល​កោះសាឡូម៉ុង​មានសារៈសំខាន់ណាស់ ប៉ុន្តែ អូស្ត្រាលីនៅតែ​ព្រួយបារម្ភ​ពីការខ្វះតម្លាភាព​នៅក្នុងកិច្ចព្រមព្រៀង​សន្តិសុខ ដែល​សាឡូម៉ុង​នឹង​ចុះ​ហត្ថលេខា​ជាមួយ​ចិន។

នៅ​សប្តាហ៍មុន រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជូន​រដ្ឋមន្រ្តី​របស់ខ្លួន ផ្នែក​ទទួល​បន្ទុក​កិច្ចការ​ប៉ាស៊ីហ្វិក​ទៅជួប បញ្ចុះបញ្ចូល​កុំ​ឲ្យ​កោះសាឡូម៉ុង​ចុះ​ហត្ថលេខា​ជាមួយ ចិន ប៉ុន្តែ នាយករដ្ឋមន្រ្តី​សាឡូម៉ុង​បានបដិសេធ មិនព្រមធ្វើតាម។ ផ្ទុយទៅវិញ លោក​នឹង​បញ្ជូន​រដ្ឋមន្រ្តីការបរទេស​កោះសាឡូម៉ុង ទៅកាន់​បណ្តា​ប្រទេស​នៅក្នុង​តំបន់ប៉ាស៊ីហ្វិក ដើម្បី ពន្យល់លម្អិត​ពី​ខ្លឹមសារ​នៃកិច្ចព្រមព្រៀងសន្តិសុខ​ចិន កោះសាឡូម៉ុង។ នាយករដ្ឋមន្រ្តីកោះសាឡូម៉ុង បញ្ជាក់ថា ប្រទេស​ប្រជុំកោះសាឡូម៉ុងដែល​ខ្លាំង និង​ស្ថិរភាព គឺជា​ប្រយោជន៍​សន្តិសុខរួម​នៅក្នុង​តំបន់។

រដ្ឋមន្រ្តីការបរទេស​អូស្ត្រាលី​វិញ អះអាងថា បើទោះបីជា​កោះសាឡូម៉ុង​បង្កើតកិច្ចព្រមព្រៀង​សន្តិសុខ​មួយទៀត​ជាមួយ​ចិន ប៉ុន្តែ អូស្ត្រាលី​នឹង​នៅតែ​បន្ត​សហការផ្នែក​សន្តិសុខ​ជាមួយ កោះសាឡូម៉ុង។ លោកស្រី​បាន​លើក​យកឧទាហរណ៍ នៃការអនុវត្តកិច្ចព្រមព្រៀង ដូចជា​​ការបញ្ជូនកងកម្លាំងផ្តល់ជំនួយ​របស់​ប្រទេស​ប៉ាស៊ីហ្វិក ដែលមាន​អូស្ត្រាលី នូវែលសេឡង់ ហ្វីជី និង​ប៉ាពូអាស៊ី នូវែលហ្គីណេ ទៅស្តារសណ្តាប់ធ្នាប់ នៅសាឡូម៉ុង ដែល​រងរញ្ជួយ​ដោយ​កុប្បកម្ម​ហិង្សា ប្រឆាំង​រដ្ឋាភិបាល​កាលពីខែវិច្ឆិកា​ឆ្នាំមុន។

សេចក្តីព្រាងកិច្ចព្រមព្រៀង​ដែលបាន​បែកលេចធ្លាយទៅដល់​កាសែត​អូស្ត្រាលី​បាន​បង្ហាញ ថា ទៅតាម​កិច្ចព្រមព្រៀង​ចិន និង​កោះសាឡូម៉ុង ចិន​នឹង​អាច​បញ្ជូន ប៉ូលិស​របស់​ខ្លួន ទៅតាម​សំណើ​របស់​អាជ្ញាធរ​សាឡូម៉ុង ដើម្បី​ទៅ​ពង្រាយ រក្សា​សណ្តាប់ធ្នាប់​នៅ លើកោះសាឡូម៉ុង។ មួយវិញ ទៀត​កងកម្លាំងចិន​នឹង​ត្រូវ​អនុញ្ញាត​ផងដែរ​ឲ្យមាន​សិទ្ធិ​ការពារ​បុគ្គលចិន និង​គម្រោងវិនិយោគ​របស់​ចិន នៅ​លើ​កោះសាឡូម៉ុង។ គួររំលឹកថា នៅក្នុង​មហាកុប្បកម្ម​ដ៏ហិង្សា នៅ​លើ​កោះសាឡូម៉ុង កាលពីឆ្នាំមុន ក្រុមហ៊ុន​ចិន​ជា​ផ្ទាំងស៊ីប​នៃ​ការវាយប្រហារ និង​រងការរើសអើង​ពីក្រុមកុប្បករ។ ក្រុមបក្ស​ប្រឆាំង​បាន​ចោទប្រកាន់​រដ្ឋាភិបាល ថា ពុករលួយ និង​លុបចោល​ទំនាក់ទំនងជាមួយ តៃវ៉ាន់ ដើម្បីគ្រាន់តែចង់បាន​ផល​ប្រយោជន៍លុយ​របស់​ចិន​ដោយ​មិន​ខ្វល់​បញ្ហា ផលប៉ះពាល់ ដោយសារ​ការវិនិយោគ​របស់​ចិន នៅលើ​កោះសាឡូម៉ុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ