អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ី​​ទម្លាក់​កំហុស​លើការ​​ប្រើ​ទូរស័ព្ទ​របស់​កូន​ទាហាន​ថា​ហេតុ​នាំ​ឱ្យ​អ៊ុយក្រែនប្លោង​គ្រាប់​​ត្រូវ​ស្លាប់​ច្រើន

ក្រោយ​ពី​បាន​រក​ឃើញ​សាកសព​ថ្មី​បន្ថែម​ទៀត​មក ​រុស្ស៊ី​បាន​ប្រកាស​នៅថ្ងៃ​ពុធ​ទី ៤​មករា​នេះ ថាចំនួន​មនុស្ស​ស្លាប់​ ក្នុង​​ការ​បាញ់​ប្លោង​របស់​អ៊ុយក្រែន​ ក្នុង​យប់​ឆ្លង​ឆ្នាំ ទៅ​លើ​ក្រុង​ម៉ាគីអ៊ីវកា បាន​កើន​ឡើង​ដល់​៨៩​នាក់។ សម្រាប់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី អ៊ុយក្រែន​វាយប្រហារ​បានសម្រេច​និង​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​ច្រើន ក៏​ដោយ​សារ​តែ​ទាហាន​រុស្ស៊ី​លួច​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ ល្មើស​នឹង​វិន័យ។

គំនរបែក​បាក់​ នៅ​ក្រុង​Mikiivka ដោយ​គ្រាប់ប្លោង​អ៊ុយក្រែន​
គំនរបែក​បាក់​ នៅ​ក្រុង​Mikiivka ដោយ​គ្រាប់ប្លោង​អ៊ុយក្រែន​ © REUTERS/Alexander Ermochenko
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ រុស្ស៊ី​បាន​អះអាង​ថាគណៈកម្មការ​​កំពុង​បើក​អង្កេតជុំ​វិញ​បរិបទ​ដែល​នាំ​ឱ្យ​អ៊ុយក្រែន​អាច​ដៅ​ទីតាំង​វាយប្រហារ​មក​ចំ​អាគារ​មួយ​ដែល​មាន​ទាហាន​រុស្ស៊ី​កំពុង​ស្នាក់នៅ។ ការ​ប្រើ​ទូរស័ព្ទ​ចល័ត ផ្ទាល់​ខ្លួន​ ដោយ​​ខុសច្បាប់ ក្នុង​ចំនួន​ដ៏​ច្រើន ​ជា​កត្តា​នាំឱ្យ​សត្រូវ​អាច​កំណត់​ទីតាំង​របស់​ទាហាន​ ហើយ​តម្រង់​មីស៊ីល​បាញ់​មកចំ ដោយ​តាមការ​ពិត​ទៅនោះ​មីស៊ីល​ទាំង​បួន​អ៊ុយក្រែន​តម្រង់​សាលារៀន​ទេ។ នេះ​បើ​តាម​ក្រសួងការពារ​ជាតិ​រុស្ស៊ី​ដដែល។

ប៉ុន្តែ​បើ​តាមលោក Semyon Pegov ​អ្នកកាសែត ក្នុង​សមរភូមិ​​​សង្គ្រាម​ ​ដែល​ធ្លាប់​បាន​ទទួល​មេដាយ​កិត្តិយស​ពី​លោក​ពូទីន​កាលពី​ចុងឆ្នាំ​២០២២ ហេតុ​ផល​ផ្តល់​ដោយ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ មិន​សូវ​គួរ​ឱ្យ​ជឿ​ទេ។ អ៊ុយក្រែន​ទំនង​ជា​អាច​ស៊ើប​ដឹង​​ព័ត៌មាន​ដោយ​ប្រើ​ដ្រូន​ជា​ជំនួយ ឬ​ដោយ​ភ្នាក់ងារ​ចារកិច្ច មិនមែន​រំពឹង​តែ​លើ​ការ​ចាប់​សញ្ញា​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ទេ។ នេះ​ជា​បើ​តាម​សំណេរ​របស់​លោក Semyon Pegov ក្នុង​បណ្តាញ​សង្គម​Telegram ដោយ​បន្ថែម​ថា​តុល្យការ​នៃ​ទាហាន​បាត់​ជីវិត​ប្រហែល​នឹង​កើន​ឡើងច្រើន​​បន្ថែម​ទៀត​ ព្រោះ​បញ្ជី​ឈ្មោះ​ចំនួន​ទាហាន​បាត់​ខ្លួន​វែង​ខ្លាំងណាស់។ គ្រាន់​តែ​លោក​មិន​អាច​បញ្ជាក់​ប្រភព​បាន​តែ​ប៉ុណ្ណោះ។ បើ​តាម​ប្រភព​យោធា​អ៊ុយក្រែន​ មាន​ទាហាន​រុស្ស៊ី​ប្រមាណ​៤០០នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​ការ​វាយប្រហារ​លើ​ក្រុងម៉ាគីអ៊ីវកានេះ។

នេះ​ជា​ការ​បាត់​បង់​ជីវិត​ទាហាន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត គិត​ចាប់​តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​អ៊ុយក្រែន​ នៅថ្ងៃទី ២៤​កុម្ភៈ​២០២២​មក។ ខុស​ពី​ទម្លាប់ នេះ​ក៏​ជា​លើក​ដំបូង​ដែរ​ដែល​អាជ្ញាធរ​រុស្ស៊ីបាន​ប្រកាស​ទទួល​ស្គាល់​ជា​សាធារណៈ និង​​ជួប​ប្រជុំ​គ្នា​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​យោធា​ពលី​ជីវិត។ ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​ និ​ងអ្នក​ស្រាវជ្រាវ រុស្ស៊ី មិនអាច​លាក់​បាំង​ព័ត៌មាន​បាន​ទៀត​ទេ។ ក្រសួងការពារ​ជាតិ​ គ្មាន​លទ្ធភាព​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​វាយប្រហារ​របស់​អ៊ុយក្រែន ហើយ​ទោះ​បី​មាន​ការហាមឃាត់​និង​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​​យ៉ាងណា​ក៏​ដោយ ក៏​ដំណឹង​បាន​លេច​ធ្លាយ​ពេញ​បណ្តាញ​សង្គម ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ តាម​ទូរស័ព្ទ​ដែលទាហាន​ហៅ​ទៅ​ម្តាយ និង​ពី​ម្តាយ​ម្នាក់​ទៅម្តាយ​ម្នាក់​ទៀត។ ដល់​ពេល​មួយ​ដែល​​រុស្ស៊ី​លែង​មិន​អាច​បិទ​បាំង​ព័ត៌មាន​ទៀតហើយ បើ​ទោះ​បី​នៅក្នុង​សារជូន​ពរ​ឆ្នាំថ្មី​ លោក​ប្រធានាធិបតី​ពូទីន ថ្លែង​យ៉ាងណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ