អានតួអត្ថបទ
សិទ្ធិមនុស្ស

HRW​ ៖ អន្តរជាតិ​គួរ​គាំទ្រ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ផ្សេង​ដូច​ធ្វើ​នៅអ៊ុយក្រែន

នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ចេញ​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍​ទី ១២​មករា​២០២៣ អង្គការ​ការពារ​សិទ្ធិមនុស្ស​Humain Right Watch បាន​អះអាង​ថា​​សហគម​អន្តរជាតិគួរ​តែមាន​​សកម្ម​​ការពារ​សិទ្ធិមនុស្ស​នៅក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​រងគ្រោះ​ ដូចប្រតិកម្ម​ដែល​បាន​​ធ្វើ​​ជាមួយ​អ៊ុយក្រែន។ តាំងពី​រុស្ស៊ី​​បើក​ប្រតិបត្តិការយោធា​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក​ សហគមន៍អន្តរជាតិឆ្លើយ​ដោយ​​​ស៊ីចង្វាក់ ប្រឆាំង​តប​នឹង​ការ​រំលោភ​​សិទ្ធិ​នៅ​អ៊ុយក្រែន។​​

នាយក​រង​​អង្គការ​ Human Rights Watch ប្រចាំ​អាស៊ី លោកPhil Robertson បង្ហាញរបាយការណ៍សិទ្ធិមនុស្ស​ឆ្នាំ​២០២៣ ថ្ងៃទី ១២មករា​២០២៣
នាយក​រង​​អង្គការ​ Human Rights Watch ប្រចាំ​អាស៊ី លោកPhil Robertson បង្ហាញរបាយការណ៍សិទ្ធិមនុស្ស​ឆ្នាំ​២០២៣ ថ្ងៃទី ១២មករា​២០២៣ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បរិហារ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស របាយការណ៍​ប្រចាំឆ្នាំ កម្រាស់​៧០០​ទំព័រ បាន​រៀប​រាប់​រាល់​គ្រប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក ក្នុង​ឆ្នាំ​២០២២ តាំងពី​ប្រទេស​ចិន​ទៅ​ដល់​អាហ្វហ្កានីស្ថាន ដោយ​ឆ្លង​ទៅ​​អ៊ីរ៉ង់ អេត្យូពី និង​មិន​រំលង​ឡើយ​ប្រទេស​អ៊ុយក្រែន។

អង្គការការពារសិទ្ធិមនុស្ស​HRW​បាន​រំលើក​ឡើង​អំពីការ​រំលោភ​សិទ្ធិមនុស្ស​ពី​គ្រប់​ភាគី តែ​កងកម្លាំង​រុស្ស៊ី​ជា​ដើម​ហេតុ​នៃ​ទង្វើ​ល្មើសដ៏​ច្រើន​លើសលុប ជាពិសេស​ការ​រំលោភ​លើ​ជន​ស៊ីវិល និង​​បាន​កោតសរសើរ​ភាព​រហ័សរហួន​របស់​តុលាការ​ព្រហ្មទណ្ឌ​ក្នុងការ​​ក្តោបសំណុំ​រឿងនៅអ៊ុយក្រែន​នេះ ព្រមទាំង​​ប្រតិកម្មរហ័សរបស់​​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក​ អង់គ្លេស និង​បណ្តា​រដ្ឋាភិបាល​ផ្សេង​ទៀត ក្នុង​ការ​ដាក់​​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​គ្មាន​ប្រៀប​លើ​រុស្ស៊ី។

សម្រាប់​លោកស្រី​នាយកប្រតិបត្តិស្តីទី​របស់​HRW​ ថ្វីបើ​អ៊ុយក្រែន​ធ្លាក់​​ក្នុងភាព​ខ្មៅ​ងងឹតនៃ​​​ផ្សែង​សង្គ្រាម​​មែន តែ​ពន្លឺ​រះ​ជាប់​ជានិច្ច​ នោះ​គឺ​សកម្មភាព​​របស់​សហគមន៍​អន្តរជាតិ​ និង​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ។ “ពិត​ជា​ពុំ​​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​អន្តរជាតិ​​ឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​​មួយ ប្រកបដោយ​ភាព​ស៊ី​ចង្វាក់​យ៉ាង​នេះ”។

សូម​ឱ្យទង្វើ​ចំពោះ​អ៊ុយក្រែន ​មាន​កើត​នៅក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត ដូច​ជា​នៅ​អេត្យូពី ចិន ឬ អ៊ីរ៉ង់ ៖ ដើម្បី​នាំ​អ្នក​ទទួល​ខុស​ត្រូវ​លើ​ទង្វើកាប់សម្លាប់​នៅ​តំបន់​ទីហ្ក្រេ ប្រទេស​អេត្យូពី យល់​ពី​តម្លៃ​នៃ​កិច្ចព្រមព្រៀង​សន្តិភាពដែល​រុស្ស៊ី​និង​ចិន​បាន​រារាំង​នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ- ដើម្បី​ប្រឆាំង​នឹង​នយោបាយ​ចិន​ចំពោះ​ជនជាតិ​ភាគតិច​អ៊ុយហ្កួរ ដែល​អំពើ​ខ្លះ​អាច​មានទម្រង់​ជា​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ- ដើម្បី​ជួយប្តូរ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់ ដែលតេហេរ៉ង់​បង្ក្រាបបាតុករ​យ៉ាង​សន្ធាប់។ ​នេះ​ជា​សម្រែក​អំពាវនាវ​របស់​លោកស្រី​ប្រធាន​ប្រតិបត្តិស្តីទី​របស់​អង្គការHRW។

ជា​ចុងក្រោយ​​របាយការណ៍​ HRW បាន​ចោទ​ប្រកាន់​ការ​ប្រើ​ស្តង់ដារ​ពីរ ជុំ​វិញ​បញ្ហា​សិទ្ធិមនុស្ស ដោយ​លើក​ឧទាហរណ៍​ជាក់ស្តែង​ថា លោក​ប្រធានាធិបតី​អាមេរិក​ត្រលប់​ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត ព្រោះ​ត្រូវ​ការ​ថាមពល ឬ​អឺរ៉ុប​ស្វាគមន៍ជនភៀសខ្លួន​អ៊ុយក្រែន តែ​មិន​ខ្វល់នឹង​អនាគត​របស់​ជនភៀស​ខ្លួន​អាហ្វហ្កានីស្ថាន​ឬ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ