អានតួអត្ថបទ
អាកាសធាតុ

ខែកក្កដា​២០២២ គឺជាខែ​ដែល​មានសីតុណ្ហភាព​ក្តៅ​បំផុត​មិនធ្លាប់​​មាន សម្រាប់​ពិភពលោក

យោងតាមអង្គការឧតុនិយមពិភពលោក ខែកក្កដាកន្លងទៅនេះ គឺជាខែដែលមានសីតុណ្ហភាព​ក្តៅ​បំផុត​មួយ​ សម្រាប់​ពិភពលោកយើង។ រលកកំដៅ​ក្តៅខ្លាំងនេះ ​បាន​និងកំពុងតែបន្តបោក​បក់ មកលើទ្វីបអឺរ៉ុបជាពិសេស អមជាមួយនឹងគ្រោះរាំងស្ងួត ព្រមទាំងមហន្តរាយ​ភ្លើងឆេះព្រៃ គួរ​ឲ្យ​បារម្ភបំផុតមិនធ្លាប់មាន​។

ទេសចរណ៍ឈរគយគន់ទេសភាព នៅ​តំបន់បឹងនិងស្ទឹង Verdon Gorge ខណៈកំពស់ទឹកស្ទឹកបានស្រកចុះជាខ្លាំង។​ ថ្ងៃទី ៩ សីហា ២០២២
ទេសចរណ៍ឈរគយគន់ទេសភាព នៅ​តំបន់បឹងនិងស្ទឹង Verdon Gorge ខណៈកំពស់ទឹកស្ទឹកបានស្រកចុះជាខ្លាំង។​ ថ្ងៃទី ៩ សីហា ២០២២ AP - Daniel Cole
ផ្សាយពាណិជ្ជកម្ម

ពិភពលោកយើង ទើបតែបានឆ្លងកាត់ ខែកក្កដាកន្លងទៅថ្មីៗនេះ ជាខែមួយក្នុងចំណោម​ខែ​កក្កដាចំនួន​៣ ដែលមាន​សីតុណ្ហភាពក្តៅបំផុត។ នេះគឺជាការលើកឡើង នៅក្នុងសន្និសីទកាសែត របស់​លោកស្រី Clare Nullis អ្នកនាំពាក្យ​អង្គការឧតុនិយម​ពិភពលោក​ កាលពីថ្ងៃទី​៩សីហា។

សីតុណ្ហភាព​ខែកក្កដាឆ្នាំ​២០២២ ទាបជាង​ខែកក្កដាឆ្នាំ​២០១៩តែបន្តិចប៉ុណ្ណោះ តែក្តៅជាខែកក្កដាឆ្នាំ​២០១៦។ តែយ៉ាងណា អង្គការ​ឧតុនិយម​ពិភពលោក​អះអាងថា កម្រិតខ្ពស់ទាបនេះ គឺខុសគ្នា​តែតិចតួចបំផុត។ ជារួម សីតុណ្ហភាពកាលពី​ខែកក្កដាឆ្នាំ២០២២ គឺមានលើស​ប្រមាណ​ ០,៤°c នៃសីតុណ្ហភាពមធ្យមរបស់ខែកក្កដា ចន្លោះពីឆ្នាំ​១៩៩១ ដល់ឆ្នាំ​២០២០។ ជាងនេះទៀត សីតុណ្ហភាពកាលពីខែកក្កដា នៅតែក្តៅខ្លាំងបើទោះបីជាមាន​ អភូតហេតុធម្មជាតិ La Niña ដែល​ជំរុញ​ឲ្យ​សីតុណ្ហភាព​ក្នុងបរិយាកាស ចុះកំដៅក៏ដោយ។​

គួរបញ្ជាក់ថា កាលពីខែកក្កដា អង្គការឧតុនិយមពិភពលោក​ បានអំពាវនាវ ឲ្យ​ថ្នាក់ដឹកនាំគ្រប់ប្រទេស ត្រូវតែភ្ញាក់រលឹក យកចិត្តទុកដាក់ ខ្វាយ​ខ្វល់នឹងបញ្ហា​សីតុណ្ហភាពពិភពលោក ដែលកាន់តែក្តៅខ្លាំង។ រលកកំដៅបោកបាក់ខ្លាំងយ៉ាងចំលែក និង​កាន់តែញឹកញាប់ ក្នុងរយៈពេល​យូរ ដោយសារបម្រែបម្រួល​អាកាសធាតុ។

ក្រៅពីរលកកំដៅ​ តំបន់មួយចំនួននៃពិភពលោក កំពុងតែឆ្លងកាត់គ្រោះរាំងស្ងួតជាខ្លាំង។ អង្គការឧតុនិយមពិភពលោក អះអាងថា ខែកក្កដាកន្លងទៅ គ្រោះរាំងស្ងួតកាន់​តែធ្ងន់ធ្ងរ នៅអឺរ៉ុប នៅ​តំបន់មួយភាគធំនៃអាមេរិកខាងជើង អាមេរិកខាងត្បូង នៅអាស៊ីកណ្តាល និងអូស្ត្រាលី។ តែដោយឡែក តំបន់ខ្លះ មានកម្រិតសំណើម​ខ្ពស់ ដូចជានៅ​ភាគខាងកើតរុស្ស៊ី ភាគខាងជើងប្រទេសចិន នៅតំបន់ភខាងជើងអាហ្វ្រិក រហូតដល់ភាគពាយ័ព្យឥណ្ឌា។

គួរបញ្ជាក់ថា បណ្តាប្រទេសមួយចំនួន​នៅអឺរ៉ុប ជាពិសេសបារាំង បានជួបនឹងរលកកំដៅ​យ៉ាងចំលែក កាលពីខែ​​កក្កដា​។ សីតុណ្ហភាពក្តៅខ្លាំង ព្រមជាមួយការរាំងស្ងួតគ្មានភ្លៀង បានធ្វើឲ្យ​អាជ្ញាធរបារាំងខ្វាយខ្វល់ជាខ្លាំងពី​​បញ្ហា​​ខ្វះទឹកប្រើ​ប្រាស់​​។​ បឹង ស្ទឹង ទន្លេមួយចំនួនធំ​នៅបារាំង ត្រូវរីងស្ងួតឃើញបាតដី ខណៈភ្លើងឆាបឆេះព្រៃឈើ មាន​ជាច្រើនទីតាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ