អានតួអត្ថបទ

ប្រធានាធិបតីបារាំងពន្យល់ពីមូលហេតុនៃការលើកពេលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រអង់គ្លេសនៅបារាំង

នៅ​ក្នុង​ប្រទេស​បារាំង ក្រុមសហជីព​បាន​អំពាវនាវ​ឲ្យ​បន្ត​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​កំណែទម្រង់​សោធននិវត្តន៍។ ក្រោយ​ពី​បាន​រៀបចំ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ មីនា​មក ចលនា​បាតុកម្ម​ថ្មី​ត្រូវ​បាន​ក្រុម​សហជីព​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី២៨ មីនា​សប្តាហ៍​ក្រោយ។ កម្មវត្ថុ​របស់​ក្រុម​សហជីព​នៅ​តែ​ដដែល គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​វិញ​នូវ​ច្បាប់​កំណែទម្រង់​សោធននិវត្តន៍​ដែល​ទើប​បាន​អនុម័ត និង​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ។ ចំណែក​រដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ពី​ការ​មិន​ដក​ច្បាប់​នោះ​ចេញ​វិញ​ដែរ។ រូបភាព​ដែល​គេ​បាន​ឃើញ​ពី​ចលនា​បាតុកម្ម​ពេល​នេះ គឺ​អំពើហិង្សា​រវាង​កម្លាំងប៉ូលិស និង​ក្រុមបាតុករ​ជ្រុលនិយម និង​ការ​វាយកម្ទេច ដុតបំផ្លាញ​នៅ​ក្នុង​ក្រុង​ប៉ារីស រួម​ទាំង​នៅ​តាម​ខេត្ត ក្រុង​ផ្សេង​ទៀត។ ប្រឈម​នឹង​ចលនា​បះបោរ​សង្គម​មួយ​នេះ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ថ្លែង​ពី​ទីក្រុង​ព្រុចសែល​ប្រទេស​បែលហ្ស៊ិក​ដែល​លោក​បាន​ទៅ​ចូល​រួម​ជំនួបកំពូល​អឺរ៉ុប​ថា លោក​ត្រៀម​ខ្លួន​ដើម្បី​ជួប​ជជែក​ជាមួយ​ក្រុម​សហជីព។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​បាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក​បាន​សម្រេច​លើក​ពេល​ព្រះរាជ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះមហាក្សត្រ​អង់គ្លេស​ក្នុង​ប្រទេស​បារាំង​ដែល​បាន​គ្រោង​ទុក​នៅ​សប្តាហ៍​ក្រោយ៕

ប្រធានាធិបតីបារាំងពន្យល់ពីមូលហេតុនៃការលើកពេលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រអង់គ្លេសនៅបារាំង។
ប្រធានាធិបតីបារាំងពន្យល់ពីមូលហេតុនៃការលើកពេលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រអង់គ្លេសនៅបារាំង។ AP - Geert Vanden Wijngaert
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ជឿ​ថា​អស់​លោក​ឃើញ​ស្ថានការណ៍​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​កំណែទម្រង់​សោធននិវត្តន៍​នៅ​ក្នុង​ប្រទេស​បារាំង។ នៅ​ពេល​ដែល​ក្រុម​សហជីព​បាន​ប្រកាស​ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ មីនា​ពី​ការ​រៀបចំ​ក្បួន​បាតុកម្ម​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ ទី២៨ មីនា​សប្តាហ៍​ក្រោយ និង​ចំ​ពេល​ដែល​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​អង់គ្លេស​ត្រូវ​បាន​គ្រោង​ទុក​ពី​ថ្ងៃ​ចន្ទ ទី២៧​ដល់​ថ្ងៃ​ពុធ ទី២៩ មីនា នោះ ខ្ញុំ​គិត​ថា វា​មិន​ទំនង​ទាល់​តែ​សោះ និង​ជា​ការ​ខ្វះ​សុភវិនិច្ឆ័យ​ក្នុង​ការ​ស្នើ​ឲ្យ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​ប្រទេស​បារាំង​នៅ​កណ្តាល​ក្បួន​បាតុកម្ម។

ដូច្នេះ ដោយសារ​តែ​យើង​មាន​មិត្តភាព​ច្រើន មាន​ការ​គោរព និង​មាន​សេចក្តីរាប់អាន​ចំពោះ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី និង​ប្រជារាស្រ្ត​អង់គ្លេស​នោះ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទូរស័ព្ទ​ជួប​ព្រះមហាក្សត្រ​ព្រឹកមិញ​នេះ​ដើម្បី​ទូល​ព្រះអង្គ​ពី​ស្ថានភាព​ដែល​កំពុង​កើត​មាន​នៅ​បារាំង និង​ថ្ងៃ​រៀបចំ​បាតុកម្ម​ថ្មី​របស់​ក្រុម​សហជីព។ គឺ​ផ្តើម​ចេញ​ពី​ហេតុផល​នេះ​ហើយ​ដែល​នាំ​ឲ្យ​យើង​លើក​ពេល​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី។ នៅ​ពេល​ដែល​ភាព​ស្ងប់ស្ងាត់​នឹង​ត្រឡប់​មក​វិញ យើង​បាន​ស្នើ​ថ្ងៃ ខែ​ថ្មី​នៅ​ដើម​រដូវ​ក្តៅ​ខាង​មុខ​ដោយ​ផ្អែក​លើ​កាលវិភាគ​ជាក់ស្តែង​របស់​យើង។ ការ​សម្រេច​យ៉ាង​នេះ​គឺ​ដើម្បី​អាច​ទទួល​ព្រះរាជ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះមហាក្សត្រ​ថ្មី និង​ព្រះមហាក្សត្រី​ឲ្យ​បាន​ល្អ​ផង និង​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សប្បាយរីករាយ​នៅ​បារាំង​ទាំង​នៅ​ក្រុង​ប៉ារីស និង​ខេត្ត​ប័រដូ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ