អានតួអត្ថបទ
ហ្វាំងឡង់-ថាមពល

ហ្វាំងឡង់ដាក់ឲ្យដំណើរការនូវម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ EPR ក្រោយពីបានប្រើពេលសាងសង់ ២០ឆ្នាំ

ខណៈ​ដែល​ប្រទេស​អាល្លឺម៉ង់​បាន​បិទ​ទ្វារ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ថ្ងៃ​សៅរ៍ ទី១៥ មេសា ប្រទេស​ហ្វាំងឡង់​បាន​បើក​ទ្វារ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថ្មី​ក្នុង​ថ្ងៃ​អាទិត្យ ទី១៦ មេសា​ដោយ​ដាក់​ឲ្យ​ដំណើរការ​នូវ​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​ជំនាន់​ថ្មី​ឈ្មោះ EPR Olkiluoto 3 (អឺប៉េអ៊ែរ អូគីលុយអូតូ ៣)។ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ​ជំនាន់​ថ្មី​នេះ​ផលិត​ដោយ​ប្រទេស​បារាំង និង​អាល្លឺម៉ង់។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​សាងសង់​មាន​ភាព​យឺតយ៉ាវ​ដល់​ទៅ ១៣ឆ្នាំ ហើយ​ទឹកប្រាក់​សាងសង់​មាន​ទំហំ​លើស​ឆ្ងាយ​ពី​គម្រោង​ដែល​បាន​គិត​ទុក។

ហ្វាំងឡង់ដាក់ឲ្យដំណើរការនូវម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ EPR ក្រោយពីបានប្រើពេលសាងសង់ ២០ឆ្នាំ។
ហ្វាំងឡង់ដាក់ឲ្យដំណើរការនូវម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ EPR ក្រោយពីបានប្រើពេលសាងសង់ ២០ឆ្នាំ។ REUTERS - STAFF
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​ដែល​ពិភពលោក​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​ជំនាន់​ថ្មី EPR ជា​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​ដែល​មាន​បច្ចេកវិទ្យាខ្ពស់ មាន​កម្លាំង​ខ្លាំង​ជាង​គេ​របស់​អឺរ៉ុប និង​មាន​សុវត្ថិភាព​ល្អ​ជាង។ តែ​អ្វី​ដែល​គេ​មិន​ត្រូវ​ភ្លេច​និយាយ​នោះ EPROlkiluoto 3 (អឺប៉េអ៊ែរ អូគីលុយអូតូ ៣) ដែល​ប្រទេស​ហ្វាំងឡង់​ទើប​ដាក់​ឲ្យ​ដំណើរការ​បាន​ចំណាយ​ពេល និង​ចំណាយ​លុយ​សាងសង់​លើស​ពី​ការ​គ្រោង​ទុក​ឆ្ងាយ​ណាស់។ ទំរាំ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ពេល​នេះ ការ​សាងសង់​បាន​អូសបន្លាយ​ពេល​ដល់​ទៅ ២០ឆ្នាំ ពោល​មាន​ការ​យឺតយ៉ាវ​ដល់​ទៅ ១៣ឆ្នាំ។

នេះ​ដោយ​មិន​ទាន់​រាប់​បញ្ចូល​ពី​បញ្ហា​ផ្សេងៗ​ដែល​ក្រុមហ៊ុន​សាងសង់​បាន​ជួប​ប្រទះ ពិសេស​នា​ពេល​ដាក់​សាកល្បង​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២២។ កាលណោះ ក្រុមហ៊ុន​សាងសង់​បាន​រក​ឃើញ​ភាព​ប្រេះស្រាំ​លើ​ទួរប៊ីន​ដែល​ត្រូវ​ធ្វើ​ការ​ជួសជុល​ដោយ​ចៀស​មិន​រួច។ ចំណែក​ការ​ចំណាយ​ក្នុង​ការ​សាងសង់​ដែល​បាន​គ្រោង​ពី​ដំបូង​ចំនួន ៣ ៥០០លានអឺរ៉ូ​បាន​ហក់​ឡើង​ដល់​ទៅ​ប្រមាណ​ជា ១១ ០០០លានអឺរ៉ូ​ឯណោះ។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ ហ្វាំងឡង់​ហាក់​បាន​ធូរ​ទ្រូង​ច្រើន​ព្រោះ​ជាមួយ​នឹង​ម៉ាស៊ីនប្រតិកម្ម​ដែល​មាន​កម្លាំង ១ ៦០០មេហ្កាវ៉ាត់ EPROlkiluoto 3 (អឺប៉េអ៊ែរ អូគីលុយអូតូ ៣) តែ​មួយ​អាច​ផលិត​ភ្លើងអគ្គិសនី​បាន​ដល់​ទៅ ១៤% នៃ​តម្រូវការ​ភ្លើងអគ្គិសនី​សរុប​របស់​ហ្វាំងឡង់។

គួរ​បញ្ជាក់​ថា ដើម្បី​បញ្ជៀស​ការ​កាត់​ភ្លើង​ក្នុង​រដូវរងារ និង​ដោយសារ​រុស្ស៊ី​ឈប់​លក់​ឧស្ម័ន​ឲ្យ ហ្វាំងឡង់​បាន​បង្ខំ​ចិត្ត​ដាក់​ឲ្យ​ដំណើរការ​នូវ​មជ្ឈមណ្ឌល​អគ្គិសនី​ប្រើ​ប្រេង និង​បាន​ទិញ​ភ្លើងអគ្គិសនី​ពី​ប្រទេស​ស៊ុយអែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ