អានតួអត្ថបទ
ថាមពលរុស្ស៊ី

ហ្វាំងឡង់លុបចោល​កិច្ចសន្យាសាងសង់រោងចក្រនុយក្លេអ៊ែរជាមួយ​ក្រុមហ៊ុនរុស្ស៊ី

សម្ព័ន្ធក្រុមហ៊ុន​របស់​ប្រទេស​ហ្វាំងឡង់​បានប្រកាស​កាលពីថ្ងៃ​ចន្ទទី​២​ឧសភាថា ក្រុមហ៊ុន​សម្រេចលុបចោល​កិច្ចសន្យា​សាងសង់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី។ នៅប៉ុន្មានថ្ងៃ មុន​រុស្ស៊ី​ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែនកាលពី​ចុងខែ​កុម្ភៈ រដ្ឋាភិបាល​ហ្វាំងឡង់​ធ្លាប់​បាន​ពន្លយ​រួចហើយថា នឹង​សើរើ​ឡើងវិញ គម្រោង​ការសាងសង់​ដែលមានការចូលរួមវិនិយោគ​ពីក្រុមហ៊ុន​រុស្ស៊ី។

រោងចក្រ​នុយក្លេអ៊ែរ​នៅ​ភាគនិរតី​ប្រទេស​ហ្វាំងឡង់ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅ​ឆ្នាំ ២០១៣
រោងចក្រ​នុយក្លេអ៊ែរ​នៅ​ភាគនិរតី​ប្រទេស​ហ្វាំងឡង់ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅ​ឆ្នាំ ២០១៣ ASSOCIATED PRESS - Antti Aimo-Koivisto
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃ​ចន្ទ ប្រធានសម្ព័ន្ធក្រុមហ៊ុន​ហ្វាំងឡង់ លោកEsa Härmälä​បានអះអាងថា ក្រុមហ៊ុន​មិនបាន​រងសម្ពាធ​ពី​ខាង​រដ្ឋាភិបាល ប៉ុន្តែ ទទួល​ស្គាល់ថា សង្រ្គាម​អ៊ុយក្រែន​បាន​ជះផល​អាក្រក់ ទៅលើ​គម្រោងការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ ដែល​មាន​ការចូលរួមមួយ​ចំណែក​ពី​ក្រុមហ៊ុន​រុស្ស៊ី Rosatom។

សង្រ្គាម​អ៊ុយក្រែន​បានបង្កើនហានិភ័យ​កាន់តែធំសម្រាប់​គម្រោងការសាងសង់​នៅរោងចក្រនុយក្លេអ៊ែរ​ជាប់មាត់សមុទ្រ​បាល់ទិក។ តាមក្រុមហ៊ុន​ហ្វាំងឡង់ ក្រុមហ៊ុនរុស្ស៊ី​គ្មានសមត្ថភាព ជួយ​កាត់បន្ថយ​ហានិភ័យ។ មួយវិញទៀត ទោះជា​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ស៊ីវិល​របស់​រុស្ស៊ី នៅមិនទាន់​ជាប់សំណាញ់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ប៉ុន្តែ ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាទូទៅ ទៅលើ​រុស្ស៊ី ដោយសារ​សង្រ្គាមអ៊ុយក្រែន បានប៉ះពាល់​តិចឬច្រើនដល់​គម្រោងការសាងសង់​ម៉ាស៊ីនប្រតិករ​នៅរោងចក្រនុយក្លេអ៊ែរ​ហ្វាំងឡង់។ ជាលទ្ធផល សម្ព័ន្ធ​ក្រុមហ៊ុន​ហ្វាំងឡង់ បាន​សម្រេច​លុបចោល​កិច្ចសន្យា ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​ចន្ទ ក្រុមហ៊ុនរុស្ស៊ី Rosatom ដែលមាន​ចំណែកភាគហ៊ុន​៣៤%​នៃគម្រោងការ​សាងសង់​នៅរោងចក្រ​នុយក្លេអ៊ែរ​ហ្វាំងឡង់ បាន​សំដែងការខកចិត្ត និងសន្យា​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន តាម​ផ្លូវច្បាប់។

តើ​សម្ព័ន្ធក្រុមហ៊ុន​ហ្វាំងឡង់​បោះបង់ចោល​ទាំងស្រុង​គម្រោងការសាងសង់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ឬ​គ្រាន់តែ​ការផ្តាច់កិច្ចសន្យាជាមួយ​ក្រុមហ៊ុន​រុស្ស៊ី ដើម្បី​ស្វែងរក​ដៃគូថ្មី? នៅក្នុង​សន្និសីទកាសែត កាលពីថ្ងៃចន្ទ ប្រធាន​ក្រុមហ៊ុន​បានអះអាងថា វានៅឆាប់ពេក​ដែល​គេ​និយាយ​ពីអនាគត​របស់​គម្រោង​នៅពេលនេះ។

តាម​គម្រោង ដែលសម្ព័ន្ធក្រុមហ៊ុនហ្វាំងឡង់​ដាក់បង្ហាញ​កាលពី​ឆ្នាំមុន ដំណើរការសាងសង់​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ ត្រូវ​ចាប់ផ្តើម​នៅ​២០២៣ និង​អាច​ដាក់ឲ្យដំណើរការ​នៅ​ឆ្នាំ ២០២៩។ ជាមួយ​តម្លៃសាងសង់​ប្រមាណ ៧៥០០លានដុល្លារ អនាគត​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​ថ្មី​អាចមានសមត្ថភាព ​ផលិត​អគ្គិសនី ១២០០​មេហ្កាវ៉ាត់។ ជាប្រទេស​អឺរ៉ុប​មួយដែល​វិនិយោគច្រើន​ទៅលើ​ថាមពលនុយក្លេអ៊ែរស៊ីវិល ហ្វាំងឡង់​មាន​ម៉ាស៊ីនប្រតិករចំនួន ៤ ដែលដំណើរការជាប្រចាំ នៅ​រោងចក្រ​នុយក្លេអ៊ែរចំនួន ២ សម្រាប់​ផលិតអគ្គិសនី។

ការសម្រេចលុបចោល​កិច្ចសន្យា​វិនិយោគ ជាមួយក្រុមហ៊ុន​នុយក្លេអ៊ែរស៊ីវិល​របស់រុស្ស៊ី​ធ្វើឡើង​នៅ​ក្នុងខណៈពេល​ដែល​ហ្វាំងឡង់​កំពុងត្រៀមរៀបចំ​ដាក់ពាក្យ​សុំ​ចូលជា​សមាជិក​មួយទៀត​របស់​អូតង់ នៅក្នុងបរិបទ​នៃ​សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី នៅអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ