អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី៖តុលាការក្រុងមូស្គូកាត់ទោសលោកវ្ល៉ាឌីមៀរ ការ៉ាមូរហ្សាឲ្យជាប់គុកចំនួន ២៥ឆ្នាំ

នៅ​ក្នុង​ប្រទេស​រុស្ស៊ី តុលាការ​ក្រុង​មូស្គូ​បាន​កាត់ទោស​លោក​វ្ល៉ាឌីមៀរ ការ៉ាមូរហ្សា​ឲ្យ​ជាប់គុក​ចំនួន ២៥ឆ្នាំ​ក្នុង​ថ្ងៃ​ចន្ទ ទី១៧ មេសា។ លោក​ការ៉ាមូរហ្សា​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នកប្រឆាំង​ដ៏​សំខាន់​ម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​វិមាន​ក្រឹមឡាំង​មិន​សំចៃ​មាត់ និង​ដែល​មិន​បាន​និរទេសខ្លួន​ទៅ​បរទេស​ទេ។ មេធាវី​ម្នាក់​របស់​លោក​ការ៉ាមូរហ្សា​បាន​ប្រកាស​ថា លោក​ការ៉ាមូរហ្សា​នឹង​ប្តឹង​ឧទ្ទរណ៍។ ចំណែក​ក្រុម​ប្រទេស​លោក​ខាងលិច​បាន​នាំ​គ្នា​ថ្កោលទោស​ចាស់​ដៃ​លើ​ការ​កាត់ទោស​អ្នកប្រឆាំង​រុស្ស៊ី​រូប​នេះ។

នៅរុស្ស៊ី តុលាការក្រុងមូស្គូកាត់ទោសលោកវ្ល៉ាឌីមៀរ ការ៉ាមូរហ្សាឲ្យជាប់គុកចំនួន ២៥ឆ្នាំក្នុង​ថ្ងៃទី១៧ មេសា ២០២៣។
នៅរុស្ស៊ី តុលាការក្រុងមូស្គូកាត់ទោសលោកវ្ល៉ាឌីមៀរ ការ៉ាមូរហ្សាឲ្យជាប់គុកចំនួន ២៥ឆ្នាំក្នុង​ថ្ងៃទី១៧ មេសា ២០២៣។ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

សវនាការ​កាត់ទោស​លោក​វ្ល៉ាឌីមៀរ ការ៉ាមូរហ្សា​ត្រូវ​បាន​តុលាការ​ក្រុង​មូស្គូ​ធ្វើ​ឡើង​ដោយ​បិទទ្វារ។ ជា​សរុប អ្នកប្រឆាំងរុស្ស៊ី​វ័យ ៤១ឆ្នាំ​រូប​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​ចំនួន ២៥ឆ្នាំ​ពី​បទ​ក្បត់ជាតិ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ស្តីពី​កងទ័ព​រុស្ស៊ី និង​ធ្វើ​ការ​ខុស​ច្បាប់​ឲ្យ​អង្គការ​មួយ។ ជាប់​គុក ២៥ឆ្នាំ​ជា​ទម្ងន់​ទោស​ដែល​ធ្ងន់​មិន​ធ្លាប់​មាន​ពី​មុន​មក​ប្រឆាំង​នឹង​អ្នក​ប្រឆាំង​ម្នាក់​នៅ​ក្នុង​ប្រវត្តិ​ថ្មីៗ​របស់​រុស្ស៊ី។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​ការ៉ាមូរហ្សា​ដែល​កំពុង​ឈរ​ក្នុង​បន្ទប់​សម្រាប់​ជនជាប់ចោទ មាន​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ មាន​ពាក់​អាវ​ធំ​ពណ៌​ប្រផេះ និង​មាន​ដៃ​ជាប់​ខ្នោះ​បាន​ទទួល​យក​សាលក្រម​ដោយ​ទឹក​មុខ​ញញឹម។

ចំណែក​លោកស្រី​ម៉ារីយ៉ា អេម៉ុង​ដែល​ជា​មេធាវី​ម្នាក់​របស់​លោក​ការ៉ាមូរហ្សា​បាន​ប្រកាស​ថា កូនក្តី​របស់​លោកស្រី​នឹង​ប្តឹង​ឧទ្ធរណ៍។ « ជាសាលក្រម​មួយ​ដ៏​អាក្រក់ តែ​វា​បង្ហាញ​ពី​តម្លៃ​ដ៏​អស្ចារ្យ​នៃ​សកម្មភាពរបស់​វ្ល៉ាឌីមៀរ » នេះ​ជា​ការ​យល់​ឃើញ​របស់​លោកស្រី​ម៉ារីយ៉ា អេម៉ុង។ មេធាវី​របស់​លោក​ការ៉ាមូរហ្សា​រូប​នេះ​ដដែល​បាន​បន្ថែម​ថា កូនក្តី​របស់​គាត់​នៅ​តែ​ស្ថិត​ក្នុង​អារម្មណ៍​ក្លាហាន និង​គិត​ដោយ​ស្មោះ​ពី​សកម្មភាព​ដែល​លោក​បាន​ធ្វើ​ដើម្បី​ផលប្រយោជន៍​ប្រទេស​រុស្ស៊ី។ យ៉ាង​ណា​ក៏​ដោយ ការ​កាត់​ទោស​អ្នកប្រឆាំង​រុស្ស៊ី​រូប​នេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ព្រោងព្រាត​ពី​ក្រុម​ប្រទេស​លោកខាងលិច។

លោក​វ៉ុលក័រ តួក ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​ស្នើ​ឲ្យ​រដ្ឋអំណាច​រុស្ស៊ី​ដោះលែង​លោក​ការ៉ាមូរហ្សា​ដោយ​គ្មាន​បង្អង់​យូរ។ សហភាពអឺរ៉ុប​បាន​ថ្កោលទោស​លើ​ទម្ងន់ទោស​ដ៏​សាហាវ។ ប្រតិកម្ម​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រទេស​អាល្លឺម៉ង់​ដែរ។ ចំណែក​ប្រទេស​អង់គ្លេស​តាម​ប្រមុខ​ការទូត​បាន​ថ្លែង​ថា អង់គ្លេស​នឹង​បន្ត​អំពាវនាវ​ឲ្យ​ដោះលែង​លោក​ការ៉ាមូរហ្សា​ភ្លាម។ នៅ​បារាំង ក្រសួង​ការបរទេស​បាន​សម្តែង​ការ​ខកចិត្ត និង​យល់​ថា តុលាការ​រុស្ស៊ី​បាន​ក្លាយ​ជា​ឧបករណ៍​គាបសង្កត់​ក្រុម​ប្រឆាំង​របស់​វិមាន​ក្រឹមឡាំង។ ប្រតិកម្ម​របស់​អាមេរិក​វិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ការ៉ាមូរហ្សា​ភ្លាម និង​យល់​ថា អុ្នកប្រឆាំង​រុស្ស៊ី​រូប​នេះ​​ជា​ជនរងគ្រោះ​នៃ​យុទ្ធនាការ​គាបសង្កត់​កាន់​តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ