អានតួអត្ថបទ

របាយការណ៍អ.ស.ប៖ ពិភពលោកឆ្នាំ​២០២២រងគ្រោះធ្ងន់ធ្ងរ​ដោយសារ​ការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ​ពិតជាជះផលអាក្រក់ បណ្តាល​ឲ្យមានគ្រោះធម្មជាតិ​នៅលើ​ផែនដី។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយកាលពីថ្ងៃសុក្រ ទី ២១ មេសា អង្គការ​ឧតុនិយមពិភពលោក​ដែលជាស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់ថា នៅ​ឆ្នាំ ២០២២ ពិភពលោក​បានជួបប្រទះគ្រោះធម្មជាតិ​ដ៏ធ្ងន់ធ្ងរ តាំងពី​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​ការរលាយ​ផ្ទាំង​ទឹកកក​ក្នុង​ល្បឿនមួយ​ដ៏​លឿន​មិនធ្លាប់មាន។ គ្រោះធម្មជាតិដែលបង្ក​ឲ្យ​មាន​ការខូចខាត​មហាសាល សម្រាប់​សង្គមសេដ្ឋកិច្ច​រស់នៅរបស់​មនុស្ស​លើផែនដី។

ដីស្ងួតប្រេះបែកក្រហែង​នៅខេត្ត​យូណាន ប្រទេសចិន
ដីស្ងួតប្រេះបែកក្រហែង​នៅខេត្ត​យូណាន ប្រទេសចិន REUTERS - Stringer China
ផ្សាយពាណិជ្ជកម្ម

អង្គការ​ឧតុនិយមពិភពលោកចេញរបាយការណ៍ បញ្ជាក់​និន្នាការ​អវិជ្ជមាន​ដែល​ផែនដីបាន​ជួបប្រទះ​កាលពីឆ្នាំ​កន្លងទៅ ឆ្នាំ២០២២។ ផែនដី​កាន់តែ​ឡើងកំដៅ ផ្ទាំងទឹកកក​រលាយក្នុងល្បឿន​មួយដ៏លឿន ចំណែក មនុស្ស​កាន់តែច្រើន​ធ្លាក់ខ្លួន រងគ្រោះ​ដោយសារ គ្រោះទឹកជំនន់ទឹកភ្លៀង គ្រោះរាំងស្ងួត​ហួតហែង និង​រលកកំដៅ។

នៅក្នុង​របាយការណ៍ប្រចាំឆ្នាំ អង្គការ​ឧតុនិយមពិភពលោកដែលមានទីស្នាក់ការនៅទីក្រុង​ហ្សឺណែវ​​បាន​បញ្ជាក់ថា នៅ​ឆ្នាំ ២០២២ សីតុណ្ហភាព​ ជាមធ្យម នៅលើ​ផែនដី ពិតជា​កើនឡើងខ្ពស់ ប្រមាណ ១,១៥អង្សា បើ​ប្រៀបធៀប​នឹង​សម័យ​បុរេឧស្សាហកម្ម ប៉ុន្តែ មិនមែន ១​អង្សា​ដូចការព្យាករកន្លងមក។ ការកើនឡើង​កំដៅ​លើ​ផែនដី​បាន​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក​នៅអង់តាក់ទិក តំបន់​ប៉ូលខាងត្បូង រលាយលឿន គួរ​ព្រួយបារម្ភ។ តាម​របាយការណ៍ គេមិនដែលឃើញ ផ្ទៃផ្ទាំងទឹកកក​អង់តាក់ទិក​មានទំហំរួញតូច ដូចកាលឆ្នាំ ២០២២។ ចំណែក​ផ្ទាំងទឹកកក​នៅ​ទឹកដីអឺរ៉ុប​រលាយ​ក្នុងកម្រិតមួយ​មិនធ្លាប់មានពីមុនមក។ ជាក់ស្តែង ភ្នំទឹកកកនៅស្វ៊ីស បាន​រលាយអស់​៦% នៅចន្លោះឆ្នាំ ២០២១ និង​ឆ្នាំ ២០២២។

សម្រាប់​អគ្គលេខាធិការអង្គការ​ឧតុនិយមពិភពលោក លោក Petteri Taalas ពិភពលោក​បាត់បង់​ផ្ទាំងទឹកកក ដោយគ្មានថ្ងៃ​វិលត្រលប់ ព្រោះថា ការប្រមូល​ផ្តុំ​ឧស្ម័នកាបូនិក​ (ស្នាដៃរបស់មនុស្ស?) នៅតែមានកម្រិតខ្ពស់ ចំណែក កំពស់​ទឹកសមុទ្រវិញ នៅតែ​បន្តកើនឡើង និង​កាន់តែលឿន។ ជាតិ​អាស៊ីដក្នុងមហាសមុទ្រ​បាន​កើនឡើងខ្ពស់ ជាងពេលណាៗទាំងអស់ (នៅក្នុង​រយៈពេល ២៦០០០ឆ្នាំ)។ ហានិភ័យ គ្រោះថ្នាក់សម្រាប់​ជីវិត​មនុស្ស​នៅលើ​ផែនដី។ នៅ​អាហ្វ្រិកខាងកើត គ្រោះ​រាំងស្ងួត​ខ្លាំង​បាន​បណ្តាល​ឲ្យមនុស្ស​២០លាននាក់ ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង។ ផ្ទុយទៅវិញ ទឹកភ្លៀងច្រើនជ្រុលដែលបាន​បង្ក​ឲ្យមានគ្រោះទឹកជំនន់ នៅប្រទេស​ប៉ាគីស្ថាន​បាន​ធ្វើ​ឲ្យ​មនុស្ស​៣លាននាក់​ត្រូវ​ផ្លាស់ទី ប្រឈមជំងឺរាតត្បាត និង​កង្វះស្បៀងអាហារ។

នៅ​ឆ្នាំ ២០២២ បណ្តា​ប្រទេស​នៅអឺរ៉ុប និង​ចិន​បានជួបរងគ្រោះខ្យល់ព្យុះ និងរលកកំដៅ ភ្លើងឆេះព្រៃ កាន់តែ​ញឹកញាប់។ ស្ថានភាព​នឹងអាច​ធ្ងន់ធ្ងរ​នៅឆ្នាំនេះ ឆ្នាំ ២០២៣ នៅពេល​បាតុភូត​អែល នីញ៉ូ ដែលជា​ដើមហេតុ​នៃខ្យល់ព្យុះ ​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់ ចាប់​វិលត្រលប់​មកវិញ នៅ​ខែ​កក្កដាខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ