អានតួអត្ថបទ
អ៊ុយក្រែន-តុលាការព្រហ្មទណ្ឌអន្តរជាតិ

ប្រធានាធិបតី​អ៊ុយក្រែន​ ទាមទារ​បង្កើត​តុលាការ​ពិសេស​សម្រាប់​បទ​ឧក្រិដ្ឋឈ្លានពាន

នៅថ្ងៃព្រហស្បតិ៍​ទី ៥ ឧសភា​នេះ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បាន​អញ្ជើញ​ទៅ​ដល់​ទីស្នាក់ការ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុង​ឡាអេ ដែល​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន កាលពី​ខែ​មីនា។ នៅ​តុលាការ​ លោក ហ្សេឡេនស្គី បាន​ថ្លែង​ទាមទារ​ឱ្យ​បង្កើត​តុលាការ​ពិសេស​សម្រាប់​កាត់​ទោស​បទ​ឧក្រិដ្ឋ​ឈ្លានពាន​គេ។

លោក​ហ្សេឡេនស្គី នៅ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ថ្ងៃទី ៤​ឧសភា ២០២៣
លោក​ហ្សេឡេនស្គី នៅ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ថ្ងៃទី ៤​ឧសភា ២០២៣ AP - Yves Herman
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​ ដោយ​ឥត​ព្រាង​ទុក នៅ​ប្រទេស​ហូឡង់ លោកប្រធានាធិបតី​អ៊ុយក្រែន បានអញ្ជើញ​​ទៅ​ទីស្នាក់ការ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ក្រោមការការពារសុវត្ថិភាព​​យ៉ាង​តឹង​តែង​បំផុត។ នៅចំពោះ​មុខ​ប្រធានតុលាការ​និង​តំណាង​ការទូត​ដ៏​ច្រើន លោក​ហ្សេឡេនស្គី​បាន​​​ថ្លែង​សុន្ទរកថាទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្នុង​អត្ថន័យ​បញ្ជាក់​ថា “គ្មាន​សន្តិភាពទេ បើ​គ្មាន​យុត្តិធម៌​ចំពោះ​​អ៊ុយក្រែន”។

“ត្រូវ​តែ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះបទ​ឧក្រិដ្ឋ​​ឈ្លានពាន ដែល​ជា​ដើម​ហេតុ​នៃ​វិបត្តិ​។ ខ្ញុំ​ចង់​ឃើញ​វ្លាដេមៀរ​ម្នាក់​ទៀត នៅក្រុង​ឡាអេ ព្រោះ​គេ​សម​តែ​ត្រូវ​ទទួល​ការ​ដាក់​ទោស​នៅទីជា​​រដ្ឋធានី​នៃ​ច្បាប់​អន្តរជាតិ។​​ ​នេះ​ជា​ប្រសាសន៍​របស់​លោក​ហ្សេឡេនស្គី ដោយ​អំពាវនាវ​ឱ្យ​មានការ​បង្កើត​តុលាការ​ពិសេស​ ដើម្បីផ្តល់​​យុត្តិធម៌ដ៏​ទូលំទូលាយ មិនមែន​ជា​តុលាការ​កូនកាត់​ដូច​ប្រទេស​មួយ​ចំនួន​ស្នើ​ឡើង​ឡើយ។

បើ​តាម​និយម​ន័យ​របស់​អង្គការ​សហប្រជាជាតិ​ រាល់​ការ​ប្រើ​កម្លាំ​ង​យោធា​របស់​រដ្ឋ​មួយ​ប្រឆាំង​នឹង​បូរណភាព​ និង​អធិបតេយ្យភាព ឬ​ឯករាជ្យភាព​នយោបាយ​របស់​​​មួយ​ផ្សេង​ទៀត ត្រូវ​បាន​ចាត់​ទុក​បទ​ឈ្លានពាន​។ ប៉ុន្តែ​​​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ គ្មាន​សមត្ថកិច្ច​កាត់​ទោស​បទ​ឈ្លានពាន​របស់​រុស្ស៊ីដែល​មិន​មែន​ជា​ប្រទេស​ហត្ថលេខី​សន្ធិសញ្ញា​ក្រុង​រ៉ូមទេ​ គឺ​មាន​សមត្ថកិច្ច​ត្រឹម​កាត់ទោស​បទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​នៅ​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា មុន​នឹង​ទៅ​ដល់តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ​​លោក​ហ្សេឡេនស្គី​បាន​អញ្ជើញ​ទៅ​ព្រឹទ្ធ​សភា​ហូឡង់ លោក​ប្រធានាធិបតីហ្សេឡេនស្គី​ ក៏​មាន​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ហូឡង់ និង​ប៊ែលហ្សិក​ទៀត ដើម្បី​ពិភាក្សា​អំពីស្ថានភាព​នៅ​អ៊ុយក្រែន។ កាលពី​ថ្ងៃពុធ​ម្សិលមិញ លោក​ហ្សេឡេនស្គី បានអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ហ្វាំងឡង់​។ នៅទីនោះ​លោក​បាន​សន្យា​ បើក​យុទ្ធនាការ​វាយបក​លើ​ប្រទេស​ឈ្លានពាន​រុស្ស៊ី​។ ជា​យុទ្ធនាការ​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ​នេះ សម្រាប់​អ៊ុយក្រែន​និង​អឺរ៉ុប​ ប្រឆាំង​នឹង​រុស្ស៊ី។ តែ​លោក​បាន​បដិសេធ​ថា​គ្មាន​វាយប្រហារ​អ៊ុយក្រែន​សំដៅ​លើ​បុគ្គល​វ្លាដេមៀពូទីន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ