អានតួអត្ថបទ
ស៊ែរប៊ី-បាញ់រះ

មិន​ដល់៤៨ម៉ោងផង ស៊ែរប៊ី​ជួប​ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្ស​ពីរ​ផ្ទួន​គ្នា

ស៊ែរប៊ី​មិន​ទាន់​បាត់​ស្លុត​នឹង​ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្ស​នៅក្នុង​សាលាកាលពី​ថ្ងៃ​ពុធ​ផង ស្រាប់​តែ​មានការ​បាញ់​រះ​ថ្មី​មួយ​ទៀតកើត​ឡើងនៅ​យប់​មិញ​។ ការ​បាញ់​រះ​ថ្មី​បាន​ ផ្តាច់​ជីវិត​មនុស្ស​​អស់​៨នាក់ និង​របួស​១៤នាក់។ ហេតុការណ៍​បានកើតឡើង​នៅចម្ងាយប្រមាណ​​៦០​គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី។ ​ប៉ូលិស​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ដ៏​ចម្បង​គេបាន និង​បាញ់​សម្លាប់​អ្នក​រួម​ដៃ​ម្នាក់។

ប៉ូលិស​ស៊ែរប៊ី​ក្នុង​ប្រតិបត្តិការ​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​ ថ្ងៃ​ទី​៥ ឧសភា ២០២៣
ប៉ូលិស​ស៊ែរប៊ី​ក្នុង​ប្រតិបត្តិការ​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​ ថ្ងៃ​ទី​៥ ឧសភា ២០២៣ AP - Armin Durgut
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ទូរទស្សន៍​ជាតិ ខ្មាន់កាំភ្លើង​បាន​ផ្តើម​បាញ់​ប្រហារ ក្រោយ​ពី​មាន​ជម្លោះ​នៅក្នុងគ្រួសារ​។ បន្ទាប់​មក​ទើប​ជន​នេះ​​ចេញ​បាញ់​រះ​លើ​ហ្វូង​មនុស្ស​នៅក្នុង​ភូមិ ចំនួន​បី​ ជា​បន្ត​បន្ទាប់​គ្នា​ មុន​នឹង​ឡើង​ឡាន​រត់​គេចខ្លួន។ ជន​ដៃដល់​បាន​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ និង​បន្ត​បាញ់​ទៀត​នៅពេល​រត់​គេច​ខ្លួន។

នៅក្នុង​ប្រតិបត្តិការ​​តាម​ប្រមាញ់ ស្ទើរ​ពេញ​មួយ​យប់ ដែល​មាន​ប្រើ​កម្លាំង​ប៉ូលិស​៦០០នាក់ និង​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​ឆ្វែល​ពី​លើ​អាកាស ព្រមទាំង​​ក្រុមសង្គ្រោះ​ជា​ច្រើន ប៉ូលិស​អាច​​ចាប់​ខ្លួន​ខ្មាន់កាំភ្លើង​ចម្បង​គេ ដែល​មាន​អាយុ​២១ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​សុក្រ។ ចំណែក​​ជន​ផ្សំគំនិត​ម្នាក់ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​ប៉ូលិស​ឡោម​បង្ខំឱ្យ​​ចុះ​ចូល។ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ចាត់​ទុកការ​បាញ់​ប្រហារ​នេះ ជា​ទង្វើ​ភេរវកម្ម។

ហេតុការណ៍​បាញ់​រះ​ថ្មី​នេះ បាន​កើត​ឡើង​ មិន​ដល់​៤៨​ម៉ោង​ក្រោយ​ការ​បាញ់​រះ​នៅ​ក្នុង​សាលា​រៀនផង។ កាលពី​រសៀល​ថ្ងៃពុធ ​សិស្ស​វ័យ​១៣​ឆ្នាំម្នាក់​ បានបាញ់​​សម្លាប់​មនុស្ស​អស់​៩នាក់ និង​របួស​៧នាក់ ដោយ​ប្រើ​កាំភ្លើង​របស់​ឪពុក។ រដ្ឋាភិបាល​ស៊ែរប៊ី​បាន​ចេញ​ក្រិត្យ​កាន់​ទុក្ខ​ជាតិ​រយៈ​ពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​ទៅ។ ប៉ុន្តែ​កម្មវិធី​ខ្លះ​ត្រូវ​លុប​ចោល​ទៅ​វិញ។ ​ជា​ថ្ងៃ​ដ៏​សោកសៅ​បំផុតមួយ​ សម្រាប់​ស៊ែរប៊ី​សម័យ​ទំនើប​។ នេះ​ជា​ប្រសាសន៍​របស់​លោក​​ប្រធានាធិបតី​ស៊ែរប៊ី អាឡេកសង់ដារ វូឈីក Aleksandar Vucic ដោយប្រកាស​បើក​យុទ្ធនាការ​ប្រមូល​​អាវុធពី​ប្រជាពលរដ្ឋ​ ឱ្យ​បាន​ស្ទើរ​ទាំង​ស្រុង។ លោកប្រធានាធិបតី​ក៏​បាន​សន្យា​សើរើ​ច្បាប់​ផ្តល់​​សិទ្ធិ​កាន់​អាវុធធុន​ស្រាល និង​អាវុធ​សម្រាប់​បរបាញ់​សត្វ។ ​

ស៊ែរប៊ី​មាន​ប្រជាជន​សរុប​៦លាន​៨សែន​នាក់ ហើយ​មាន​អាវុធ​ជា​ផ្លូវការ ចំនួន​៧៦៥០០០ដើម​ ក្នុង​នោះ​៣៦០០០០ដើម​ជា​អាវុធ​បាញ់​សត្វ។ នេះ​បើ​តាម​ទិន្នន័យ​ផ្តល់​ដោយលោក​​ប្រមុខ​រដ្ឋ ដែល​ក៏​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាន់​អាវុធ​ខុស​ច្បាប់​ទៀត។

បើ​តាម​ការសិក្សានៅឆ្នាំ​២០១៨ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្វីស​ ស៊ែរប៊ី​ជាប់​ចំណាត់​ទី​បី ពិភពលោក​ ខាង​មាន​ចរាចរណ៍​អាវុធ​ច្រើន​ជាងគេ ដោយ​មាន​អាវុធ​៣៩ដើម​សម្រាប់​ប្រជាពលរដ្ឋ​១០០នាក់។ ជា​ការ​ប្រៀប​ធៀប​ អាមេរិក​ដែលជាប់​លេខ​មួយ​នោះ មាន​​អាវុធច្រើន​មនុស្ស  គឺ​​១២០​ដើម​សម្រាប់​ពលរដ្ឋ​១០០នាក់​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ