អានតួអត្ថបទ
កូសូវ៉ូ-ស៊ែរប៊ី

កូសូវ៉ូ៖ របួសទាហាន​អូតង់ជាង៣០នាក់ ក្នុងបាតុកម្មហិង្សា​​​ចលាចល​ រវាងជនជាតិស៊ែរប៊ី​និងអាល់បានី

ស្ថិរភាពតំបន់កូសូវ៉ូ ហាក់កំពុងតែរំជើបរំជួលខ្លាំង ដោយសារតែការប្រឈមមុខដាក់គ្នាយ៉ាងហិង្សា របស់​ជនជាតិស៊ែរប៊ី​ និងជនជាតិអាល់បានី។ ក្រុមជនជាតិ​ស៊ែរប៊ី​បានធ្វើបាតុកម្ម​ ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត ដែល​បាន​ប្រគល់ អំណាច​ទៅឲ្យ​​មេឃុំ​ជាជនជាតិអាល់បានី​។ បាតុកម្មហិង្សានេះ​​​បាន​បណ្តាល​ឲ្យ​របួស ទាហានអន្តរជាតិរបស់អូតង់​ ចំនួនជាង​៣០នាក់​ ដែលបាន​បើកប្រតិបត្តិការ​បំបែកបាតុកម្ម និង​រក្សាសណ្តាប់ធ្នាប់​។

ទាហានកងកម្លាំងពិសេស រក្សាសន្តិភាពតំបន់កូស៊ូវី (KFOR) និងនគរបាល​កូសូវ៉ូ កំពុងស្ថិតនៅទីកន្លែង​ផ្ទុះបាតុកម្ម​ហិង្សារបស់​ជនជាតិស៊ែរប៊ី ក្នុងក្រុង Zvecan ភាគខាងជើងកូសូវ៉ូ។ ថ្ងៃទី ៣០ ឧសភា ២០២៣​
ទាហានកងកម្លាំងពិសេស រក្សាសន្តិភាពតំបន់កូស៊ូវី (KFOR) និងនគរបាល​កូសូវ៉ូ កំពុងស្ថិតនៅទីកន្លែង​ផ្ទុះបាតុកម្ម​ហិង្សារបស់​ជនជាតិស៊ែរប៊ី ក្នុងក្រុង Zvecan ភាគខាងជើងកូសូវ៉ូ។ ថ្ងៃទី ៣០ ឧសភា ២០២៣​ AP - Dejan Simicevic
ផ្សាយពាណិជ្ជកម្ម

ជាច្រើនថ្ងៃមកហើយ ដែល​ស្ថានភាពនៅភាគខាងជើង​តំបន់​កូសូវ៉ូ បាន​រំជើបរំជួលខ្លាំង បន្ទាប់ពីជនជាតិ​ស៊ែប ដែលរស់នៅក្នុងឃុំ៤ បានចេញធ្វើបាតុកម្ម​ប្រឆាំងនឹងការបោះឆ្នោតឃុំសង្កាត់ ព្រមទាំងប្រឆាំងនឹង​ការចូលកាន់អំណាចរបស់មេឃុំជនជាតិ​អាល់បានី​។ ការបោះឆ្នោតឃុំសង្កាត់នៅតំបន់ភាគខាងជើងកូសូវ៉ូ កាលពីខែ​មេសា ត្រូវបាន​ក្រុមជនជាតិ​ស៊ែបធ្វើពហិកា ដែល​បានបណ្តាលឲ្យ​ មេឃុំដែលជាប់ឆ្នោត គឺជាជនជាតិ​អាល់បានី ជាមួយ​នឹងកម្រិតចំនួន​អ្នកទៅបោះឆ្នោត មានតែប្រមាណ​៣,៥%ប៉ុណ្ណោះ។

ក្រុមជនជាតិស៊ែបបាននាំគ្នាធ្វើបាតុកម្ម ដោយ​ស្រែកបន្លឺថា គឺរដ្ឋាភិបាលកូស៊ូវ៉ូ ដឹកនាំដោយជនជាតិអាល់បានី​ ដែលបានរៀបគម្រោង​ លើកបន្តុបក្រុមជនជាតិអាល់បានីគ្នាឯង ឲ្យដឹកនាំតំបន់នេះ ជាទីដែលសំបូរដោយ​ជនជាតិ​ស៊ែប​រស់នៅ​។ កងទាហានអន្តរជាតិ ដឹកនាំដោយ​អង្គការសម្ព័ន្ធមិត្តអូតង់ (KFOR) ដែលមានវត្តមានរក្សាសន្តិភាព​នៅតំបន់កូសូវ៉ូ បាន​ចូលធ្វើ​អន្តរាគមន៍ បំបែកក្រុមបាតុករស៊ែប កាលពីថ្ងៃចន្ទ ទី​២៩ឧសភា។ ក្រុមបាតុករស៊ែប​ បានគុបដុំថ្ម គុបដបភ្លើង មកលើក្រុម​ទាហាន និងបានដុតបំផ្លាញរថយន្តជាច្រើន។

ក្រសួង​ការពារជាតិហុងគ្រី បានបញ្ជាក់ថា មានទាហានខ្លួន​ចំនួន​ជាង​២០នាក់បាន​រងរបួស ក្នុងនោះ​៧នាក់រងរបួសធ្ងន់។ អ៊ីតាលីវិញបានអះអាងថា មានទាហានខ្លួន​១១នាក់រងរបួស។ អគ្គបញ្ជាការកងទ័ពអន្តរជាតិរក្សាសន្តិភាពនៅកូសូវ៉ូ ដែលដឹកនាំដោយអូតង់ បានចេញលិខិត ថ្កោលទោសអំពើហិង្សា ដែលបង្កឡើងដោយ​បាតុករ សំដៅវាយ​ប្រហារដោយចំពោះតែម្តង មក​លើរូបរាងកាយរបស់កងទាហានអន្តរជាតិ។ យោងតាមលិខិតនេះ យ៉ាងហោចណាស់ មានទាហានអន្តរជាតិ​ចំនួន​២៥នាក់បានរងរបួស។ ដោយឡែក លោក​ប្រធានាធិបតី​ស៊ែប៊ី បានអះអាងថា ជនជាតិស៊ែប៊ីចំនួន​យ៉ាងហោច៥២នាក់ បានរងរបួស ដោយសារតែប្រតិបត្តិការបង្ក្រាបរបស់កងទាហាន និងនគរបាល​កូសូវ៉ូ។

សូមបញ្ជាក់ថា ក្រោយ​រលត់ភ្លើង​សង្គ្រាម​ស៊ីវីលជាមួយ​ស៊ែប៊ី​ តំបន់កូសូវ៉ូបានប្រកាសឯករាជ្យនៅឆ្នាំ​២០០៨។ តែ ស៊ែប៊ីមិនបាន​ទទួលស្គាល់ឯករាជ្យនេះទេ ដោយចាត់ទុកកូសូវ៉ូ ដែលមានជនជាតិស៊ែប រស់នៅប្រមាណជាង១២ម៉ឺននាក់នោះ ថា​ជាតំបន់ស្វយ័ត្នរបស់ខ្លួន​។ សហគមន៍អន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើម ក៏នៅមិនទាន់ទទួលស្គាល់ជាផ្លូវការដែរ នូវឯករាជ្យរបស់តំបន់កូសូវ៉ូ។ ក្រោយ​ផ្ទុះអំពើហិង្សាថ្មីៗនេះ លោក​ប្រធានាធិបតីស៊ែប៊ី បានប្រកាសបញ្ជូនទាហានទៅកាន់ព្រំដែន​ជាប់​កូសូវ៉ូ។

ពីទីក្រុងព្រុចស៊ែល អង្គការអូតង់ បានចាត់ទុកការវាយប្រហារមកលើកងទាហានអន្តរជាតិ ថាជារឿងមិនអាចទទួលយកបានជាដាច់ខាត។ ដូចគ្នាដែរ រដ្ឋាភិបាល​បារាំង បានអំពាវនាវ រន្ធាន់ឲ្យភាគីទាំងសងខាង គឺរដ្ឋាភិបាល​ប្រទេស​ស៊ែប៊ី និង​រដ្ឋាភិបាល​កូសូវ៉ូ ត្រូវតែ​ចូលតុចរចាគ្នា ព្រោះជម្លោះហិង្សានេះ អាច​ក្លាយជាភ្នក់ភ្លើងសង្គ្រាមថ្មីមួយទៀត ដែលគំរាមសន្តិសុខរបស់​អឺរ៉ុបទាំងមូល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ