អានតួអត្ថបទ
បារាំង-ចាក់សម្លាប់មនុស្ស

ជនសង្ស័យ​ចាក់សម្លាប់មនុស្ស នៅ​សួនកុមារ ក្នុងក្រុង​Annecy​ស្រែកក្នុងនាមព្រះយេស៊ូគ្រឹស្ត

បារាំងតក់ស្លុត រន្ធត់ នៅចំពោះមុខ​ហេតុការណ៍ចាក់សម្លាប់មនុស្ស នៅទីក្រុង​អានស៊ី (Annecy) ភាគខាងត្បូងប្រទេស។ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជនសង្ស័យម្នាក់​បាន​ដើរទៅចាក់​មនុស្ស​នៅក្នុង​សួនកុមារ ក្បែរ​បឹង Annecy ដែលបានបណ្តាល​ឲ្យមាន​មនុស្ស​របួស ៦នាក់ ដែលនៅក្នុងនោះ ៤នាក់ ជាកុមារ អាយុ ពី ២ ទៅ​៣ឆ្នាំ។ តាម​រដ្ឋអាជ្ញាបារាំង គេនៅមិនទាន់រកឃើញ​មាន​ភស្តុតាងណាដែលបញ្ជាក់ថា ការដើរ​ចាក់​សម្លាប់​មនុស្ស កាលពីថ្ងៃ​ម្សិលមិញ ធ្វើឡើង​ក្នុងហេតុផល​ភេរវកម្ម។

ប៉ូលិសបារាំង​នៅក្បែរ​បឹង អានស៊ី ជាទីដែលជនសង្ស័យម្នាក់ចាក់មនុស្ស​ឲ្យរបួស ៦នាក់ ដែលនៅក្នុងនោះ កុមារ​៤នាក់ មានអាយុពី ២ទៅ​៣ឆ្នាំ
ប៉ូលិសបារាំង​នៅក្បែរ​បឹង អានស៊ី ជាទីដែលជនសង្ស័យម្នាក់ចាក់មនុស្ស​ឲ្យរបួស ៦នាក់ ដែលនៅក្នុងនោះ កុមារ​៤នាក់ មានអាយុពី ២ទៅ​៣ឆ្នាំ REUTERS - DENIS BALIBOUSE
ផ្សាយពាណិជ្ជកម្ម

មានវត្តមានផ្ទាល់ នៅជិត​កន្លែងកើតហេតុ ក្បែរ​បឹង Annecy នាយករដ្ឋមន្រ្តីបារាំង លោកស្រីអេលីហ្សាបែត ប៊ន ចាត់ទុក ហេតុការណ៍​ចាក់សម្លាប់​មនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍​ថា ជា​រឿងដ៏អាក្រក់ គ្មានអ្វីមកប្រៀបផ្ទឹមបាន។

នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ជនសង្ស័យដើមកំណើតស៊ីរី​ម្នាក់​បានចូលទៅចាក់សម្លាប់មនុស្ស​នៅក្នុង​សួនកុមារ ក្បែរ​បឹងដ៏ស្រស់ស្អាត​Annecy ដែលបាន​បណ្តាល​ឲ្យ​មានមនុស្ស​របួស ៦នាក់ ដែលនៅក្នុង​នោះ ៣នាក់​របួសធ្ងន់។ តាម​ប៉ូលិស​បារាំង ក្នុង​ចំណោម​ជនរងគ្រោះ មាន​៤នាក់ ជា​កុមារ អាយុ ពី​២ ទៅ​៣ឆ្នាំ។ នៅក្នុងវីដេអូ​ដែលអ្នកដំណើរតាមផ្លូវ​ថតបាន និង​ចុះផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានបារាំង AFP នៅពេល​ដើរសំដៅ​ទៅរកជនរងគ្រោះ ជនសង្ស័យ​បាន​ស្រែក ពាក្យ “ក្នុងនាមព្រះយេស៊ូគ្រឹស្ត”។

រដ្ឋអាជ្ញា​បារាំង ប្រចាំ​ក្រុង​Annecy បាននិយាយ​ប្រាប់អ្នកកាសែតថា គ្មានអង្គហេតុណា​ដែលអាច​ឲ្យគេសន្និដ្ឋានថា ជាអំពើភេរវកម្ម ប៉ុន្តែ អាជ្ញាធរ​បារាំង​បើក​ការស៊ើបអង្កេតរួចហើយ សម្រាប់ការប៉ុនប៉ង​ធ្វើឃាត។ តាម​នាយករដ្ឋមន្រ្តីបារាំង ជនសង្ស័យ​គ្មានឈ្មោះ​ក្នុង​បញ្ជីតាមដានរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់បារាំង ហើយ​ក៏មិនដែល​មានប្រវត្តិកើតជំងឺផ្លូវចិត្ត។

មានដើមកំណើត​ស៊ីរី ជនសង្ស័យអាយុ ៣១ឆ្នាំ បានធ្វើដំណើរ​មកដល់​ទឹកដី​បារាំង នៅចុងឆ្នាំ ២០២២ ជាមួយ ក្រដាសស្នាម​ជាជនភៀសខ្លួន ស៊ីរី នៅ​ប្រទេស​ស៊ុយអែត។ តាម​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ជនសង្ស័យ​ដែលបាន​ចាកចេញពីប្រទេសស៊ីរី ដោយសារ​សង្រ្គាមស៊ីវិល នៅ​ឆ្នាំ ២០១១​បានរៀបការជាមួយ​ស្រ្តីស៊ុយអែត​ម្នាក់ និងរស់នៅ​ស៊ុយអែត រយៈពេល ១០ឆ្នាំ ប៉ុន្តែ ត្រូវ​រដ្ឋាភិបាល​ស៊ុយអែត​បដិសេធ​មិន​ផ្តល់សញ្ញាតិ។

តាមស្រ្តីជាប្រពន្ធស៊ុយអែត ដែល​បាន​លែងលះគ្នា កាលពី​ឆ្នាំមុន ជនសង្ស័យ​ជា​មនុស្ស​ស្លូតត្រង់ ប៉ុន្តែ បាន​សម្រេចចិត្ត​ចាកចេញ​ពី​ស៊ុយអែត មករស់នៅ​ប្រទេស​បារាំង។ មានប្រភពមកពីសហគមន៍អ្នកកាន់សាសនា​គ្រឹស្តនៅប្រទេស​ស៊ីរី ជនសង្ស័យ​ធ្លាប់​បាន​និយាយ​ប្រាប់អតីតភរិយា តាមទូរស័ព្ទ កាលពី​៤ខែមុន ថា រូបគេស្នាក់នៅ​ក្នុង​វិហារកាតូលិក។ នៅប្រទេស​បារាំង ជនសង្ស័យ​បាន​ដាក់ពាក្យ​សុំសា​ជាថ្មី សិទ្ធិ​សុំជ្រកកោន។ ប៉ុន្តែ អាជ្ញាធរបារាំង​មិនផ្តល់ចម្លើយអ្វី ដោយ​គិតថា ជនសង្ស័យ​បានទទួល​សិទ្ធិជាជនភៀសខ្លួន​រួចហើយ នៅប្រទេស​ស៊ុយអែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ